បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
អ្នកភូមិទ្រា ប្រែពីដាំបន្លែហូប និងលក់ ទៅជា«កសិ-ទេសចរណ៍» បង្កើនចំណូលទ្វេដង
× ព្រៃវែង៖ អ្នកភូមិទ្រា បានប្រែក្លាយពីការដាំបន្លែហូប និងលក់ ទៅជា «កសិ-ទេសចរណ៍» ដើម្បីបង្កើនប្រាក់ចំណូល។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន ThmeyThmey លោក យ៉ន បានលើកឡើងថា លោក និងអ្នកជិតខាងរបស់លោក បានប្រែក្លាយពីការដាំបន្លែតាមផ្ទះធម្មតា ទៅជាកសិ-ទេសចរណ៍ ដ៏ទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្ត។ «ភូមិឋានកសិករ» ដែលមានសមាជិក២៣គ្រួសារចូលរួមបង្កើតនេះ មានបន្លែ-ផ្លែឈើជាង៥០ប្រភេទ។ ក្នុង១ខែ ពួកគាត់អាចរកចំណូលបានពី ៥០០ ទៅ ៦០០ដុល្លារ ចូលភូមិឋានកសិកររបស់ពួកគាត់។
ពីការដាំបន្លែជាលក្ខណៈគ្រួសារ បានក្លាយជា «ភូមិឋានកសិករ» ដែលស្ថិតនៅក្នុងភូមិទ្រា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង កំពុងទាក់ទាញភៀវទេសចរទៅលំហែកាយ និងកម្សាន្តតាមរយៈការស្ទូចត្រី រួមទាំងការទទួលទានអាហារធម្មជាតិ និងសរីរាង្គផងដែរ។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញស្ដាប់កិច្ចសម្ភាសន៍រវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោក អៀង យ៉ន កសិករដែលបង្កើតកសិ-ទេសចរណ៍ នៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង៖
ភ្ញៀវទេសចរ អាចដើរបេះបន្លែនានានៅតាមផ្ទះរបស់សមាជិកនៃ «ភូមិឋានកសិករ» ជាពិសេស ភ្ញៀវទេសចរ អាចទស្សនាសត្វស្លាបនៅក្នុងតំបន់នោះផងដែរ។ ដើមឡើយអ្នកភូមិទ្រាមួយចំនួន មិនចេះដាំបន្លែនោះទេ ប៉ុន្តែក្រោយពីអង្គការសេដាក ចុះទៅបង្រៀន ទើបប្រជាពលរដ្ឋនៅទីនោះ ចាប់ផ្ដើមដាំហូប និងដាំលក់ រួមទាំងបង្កើតជាកសិ-ទេសចរណ៍។
«ភូមិឋានកសិករ» នេះ ទើបបង្កើតបានរយៈពេល ៣ខែប៉ុណ្ណោះ ប៉ុន្តែមានការគាំទ្រច្រើន។ លោក យ៉ន ជាសមាជិក១រូប នៃភូមិឋានកសិករ បានប្រាប់ឲ្យដឹងថា៖ «ភូមិឋានកសិករ» នេះ មានការគាំទ្រច្រើនគួរសម ព្រោះភ្ញៀវទេសចដែលមកកម្សាន្តនៅទីនេះ តែងតែចាប់អារម្មណ៍លើកសិកម្មសរីរាង្គ និងការរស់នៅរបស់កសិករ»។ លោក យ៉ន បន្តថា តាមរយៈការដំណើរការនៃ «ភូមិឋានកសិករ» នេះ ក្នុង១ខែ អាចរកចំណូលបានពី ៥០០ ទៅ ៦០០ដុល្លារ។
ការប្រែក្លាយទៅជាកសិ-ទេសចរណ៍នេះ លោក យ៉ន បញ្ជាក់យ៉ាងដូច្នេះថា៖ «ការបង្កើតទៅជាកសិ-ទេសចរណ៍នេះ គឺចង់បង្ហាញទៅមហាជនពីជីវភាពការរស់នៅរបស់កសិករ និងលើកកម្ពស់កសិករ ដោយគាំទ្រផលិតផលកសិកម្ម»។
«ភូមិឋានកសិករ» នេះ មានផ្ដល់សេវាដូចជា ផ្ទះស្នាក់, សាលប្រជុំ, បណ្ដុះបណ្ដាលកសិកម្មទូទៅ, និងទស្សនកិច្ចសិក្សាជាដើម។ ជាមួយគ្នានេះ ភ្ញៀវទេសចរ អាចមកបរិភោគនៅទីនេះ ដែលជាអាហារសរីរាង្គដាំដុះដោយកសិករផ្ទាល់។ សហគមន៍នេះ មានពលរដ្ឋចំនួន ២៣គ្រួសារ ដែលបានចូលរួមបង្កើតកសិដ្ឋានរបស់ពួកគេ ទៅជាកសិ-ទេសចរណ៍។ ជាពិសេសភ្ញៀវទេសចរដែលទៅកម្សាន្តនៅទីនោះ ក៏អាចទៅកម្សាន្តនៅតំបន់រមណីយដ្ឋាននានា ក្នុងខេត្តព្រៃវែងបានផងដែរ។
Tag:
កសិកម្ម
កសិ-ទេសចរណ៍
បន្លែ
សរីរាង្គ
ព្រៃវែង
ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com