ជាតិ
សមាគមមូលនិធិសប្បុរសធម៌ដ៏ធំមួយរបស់ចិនបើកសម្ពោធការិយាល័យនៅខេត្តសៀមរាប
× សៀមរាប៖ សមាគមមូលនិធិសប្បុរសធម៌ដ៏ធំមួយរបស់ចិន បានផ្តើមធ្វើសកម្មភាពមនុស្សធម៌នៅលើទឹកដីនៃខេត្តសៀមរាប។ សមាគមនេះមានកម្មវិធីសប្បុរសធម៌ជាច្រើនរួមមាន ការជួយជនក្រីក្រតាមរយៈការឧបត្ថម្ភនូវសម្ភារផ្សេងៗ ដ៏ដូចជាសាងសង់សាលារៀននៅតាមភូមិ ស្រុកដែលមានសេដ្ឋកិច្ចទាន់ខ្សោយ។
ប្រធានសមាគមនមូលនិធិសប្បុរសធម៌ វី ឆារីថេបល ហ្វោនដេសិន លោក ហ៊ូ បានថ្លែងក្នុងពិធីជួបជុំ និងសម្ពោធការិយាល័យសមាគមនៅខេត្តសៀមរាបថា ប្រទេសកម្ពុជាពិតជាអស្ចារ្យណាស់សម្រាប់លោក ពិសេសគឺខេត្តសៀមរាបដែលមានសំណង់ស្ថាបត្យកម្មដ៏ស្រស់ស្អាត។ ក្នុងដំណើរមកកាន់ប្រទេសកម្ពុជាជាលើកទី៣របស់លោក ហ៊ូ លោកកត់សម្គាល់ឃើញថា កម្ពុជាមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ផងដែរ។
យ៉ាងណាក៏ដោយ លោក ហ៊ូ សង្កេតឃើញថា ទន្ទឹមនឹងការរីកចម្រើនទាំងនោះ ក្នុងនោះលោកក៏បានមើលឃើញអ្នកក្រីក្រមួយចំនួនផងដែរ រួមមានជនក្រីក្រនៅតាមតំបន់ដាច់ស្រយាលមួយចំនួន។ លោកបន្ថែមថា ក្នុងនាមលោកជាប្រធានមូលនិធិ វី ឆារីថេបល ហ្វោនដេសិន បានរៀបចំកម្មវិធីសប្បុរសធម៌នេះនៅប្រទេសកម្ពុជា បំណងប្រមូលសប្បុរសជននានាមកពីប្រទេសចិន ដើម្បីជួយអ្នកខ្វះខាតទាំងនោះ ដូចជាការឧបត្ថម្ភសម្ភារ និងសង់សាលារៀនជាដើម។ លោកសង្ឃឹមថា តាមរយៈមូលនិធិមួយនេះ នឹងអាចកៀងគរសប្បុរសជនផ្សេងៗ ជំរុញឱ្យពួកគេធ្វើយ៉ាងណាចូលរួមការអភិវឌ្ឍន៍គ្រប់ទីកន្លែង ពិសេសនៅកម្ពុជា។
អភិបាលរងខេត្តសៀមរាប លោក ពៅ ពិសិដ្ឋ ដែលបានចូលរួមក្នុងពិធីសម្ពោធសមាគមមូលនិធិ វី ដែលធ្វើឡើងនៅរសៀលថ្ងៃទី ១៨ តុលា នៅសណ្ឋាគារសុខាសៀមរាប ដែលមានអ្នកចូលរួមប្រមាណ ៦០០នាក់ បានកោតសរសើរចំពោះសកម្មភាពមូលនិធិសប្បុរសដ៏ធំមួយនេះ។ លោកបន្ថែមថា កម្ពុជាធ្លាប់មានសេដ្ឋកិច្ចរីកចម្រើនមុនឆ្នាំ ១៩៧០ តែដោយសារសង្គ្រាម ធ្វើឱ្យប្រទេសមួយនេះបាត់បង់អ្វីទាំងអស់ តែបច្ចុប្បន្នបាននិងកំពុងអភិវឌ្ឍន៍ជាបន្តបន្ទាប់ តាមរយៈការជួយជ្រោមជ្រែងពីប្រទេសជាមិត្ត និងអង្គការសប្បុរសធម៌នានា៕
© រក្សាសិទ្ធិដោយ thmeythmey.com