ជាតិ
២៥ខេត្ត/រាជធានី
អង្គការ​សេ​ដាក ជំរុញ​យុវជន​ឆ្ពោះទៅ​កសិកម្មសរីរាង្គ​
21, Oct 2018 , 11:50 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អង្គការ​សេ​ដាក បានរៀបចំ​សិក្ខាសាលា​ដែល​ស្តីពី «​យុវជន​ឆ្ពោះទៅ​កសិកម្មសរីរាង្គ​» ដើម្បី​ជំរុញ​យុវជន​ចំនួន​២៤​រូប​ដែលជា​កសិករ​ក្មេង​មកពី​បណ្តា​ខេត្ត អនុវត្ត​គោលការណ៍​បច្ចេកទេសផ្នែក​កសិកម្មសរីរាង្គ និង​បង្កើន​ការយល់ដឹង​ដល់​អ្នក​បរិភោគ និង​ពង្រឹង​ទំនាក់ទំនង​រវាង​កសិក​រ និង​ទីផ្សារ​កសិកម្ម​។ យុវជន​២៤​រូបនេះ ធ្វើការ​ចែករំលែក​បទ​ពិសោធន៍ និង​លើកយក​បញ្ហា​ប្រឈម​ផ្សេងៗ​ក្នុងការ​អនុវត្ត និង​គ្រប់គ្រង​កសិដ្ឋាន​សរីរាង្គ​របស់ខ្លួន​។​







​សិក្ខាសាលា​នេះ មានការ​ចូលរួម​ពី​យុវជន ចំនួន​២៤​រូប​ដែលជា​កសិករ​កំពុង​អនុវត្ត​កសិកម្មសរីរាង្គ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ដូចជា ខេត្តកំពង់ស្ពឺ ព្រៃវែង កំពត កំពង់ឆ្នាំង តាកែវ និង​ភ្នំពេញ​។ យុវជន​ទាំងនោះ បាន​ចែករំលែក បទពិសោធន៍ ជុំវិញ​ការថែទាំ ការអនុវត្ត​ដាំ​ដំណាំ​ផ្សេងៗ ដោយ​ប្រើ​ជីធម្មជាតិ និង​ការគ្រប់គ្រង​កសិដ្ឋាន​ឲ្យ​មាន​ប្រសិទ្ធភាព ដែល​អាច​បង្កើន​ចំណូល​ដល់​កសិករ​នៅតាម​មូលដ្ឋាន​។​



 
​អ្នកស្រី តុង ចាន់​ធាង នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សេ​ដាក បាន​ឲ្យ​ដឹងថា សេ​ដាក មាន​គោលបំណង ចង់​ឲ្យ​យុវជន​ឆ្ពោះទៅ​កសិកម្មសរីរាង្គ ដើម្បី​បណ្តុះ​គំនិត​ឲ្យ​យុវជន​ងាក​មក​ចាប់អារម្មណ៍ និង​ស្រឡាញ់​កសិកម្មសរីរាង្គ និង​ផ្តល់​ជា​ចំណេះដឹង​ដល់​យុវជន​ឲ្យ​ចូលរួម​ជាមួយ​កសិករ​នៅតាម​មូលដ្ឋាន​។ លើសពីនេះ អ្នកស្រី ចាន់​ធាង ចង់​ឲ្យ​យុវជន​ចាប់អារម្មណ៍​លើ​បញ្ហា​សុខភាព ដោយ​ងាក​ទៅ​ដាំ​ដំណាំ និង​ការហូប បន្លែ​សរីរាង្គ ដោយ​គោរព​តាម​គោលការណ៍​ធម្មជាតិ​។​
 
​អ្នកស្រី ចាន់​ធាង បញ្ជាក់ថា​៖“​យើង​មើលឃើញថា​យុវជន​មិនសូវ​ចាប់អារម្មណ៍​ផ្នែក​កសិកម្ម​ទេ ដោយសារតែ​ពូកគេ​គិតថា ការងារ​កសិកម្ម​ធ្វើការ​នៅក្រោម​កំដៅថ្ងៃ មាន​ភាព​នឿយហត់​ខ្លាំង និង​រកចំណូលបាន​តិច​។ ត្រង់ចំណុច​នេះហើយ ដែល​ធ្វើ​ឲ្យ​មាន​កង្វះ​កសិករ​ដែលជា​បញ្ហា​ធ្វើ​ឲ្យ​កសិកម្ម​មិនអាច​បម្រើ​ទីផ្សារ​បាន​លឿន​។ ដូច្នេះ​យើង​មានតែ​ជំរុញ​ឲ្យ​យុវជន និង​កសិករ សហការគ្នា​បង្កើត​សហគមន៍​គាំទ្រ​កសិកម្មសរីរាង្គ ដើម្បី​កាត់បន្ថយ​បន្លែ​គីមី និង​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ឲ្យ​ទាន់​តម្រូវការ​អ្នក​បរិភោគ​”​។​
 
​ដោយសារតែ​ព្រួយបារម្ភ​ពីសារ​ធាតុគីមី​ដែល​ពលរដ្ឋ​ខ្មែរ​បាន​បរិភោគ​រាល់ថ្ងៃ លោក ម៉ក់ រ៉េ​ម ដែលជា​យុវជន​មកពី​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា ខ្លួន​ចង់​ឲ្យ​កសិករ ខិតខំ​ដាំ​ដំណាំ​សរីរាង្គ​ឲ្យ​កាន់តែច្រើន​បន្ថែមទៀត សម្រាប់​បំពេញតម្រូវការ​ទីផ្សារ​ឲ្យ​ទូលំទូលាយ ហើយ​លោក រ៉េ​ម ក៏​ចង់​ឲ្យ​ភោជនីយដ្ឋាន​នានា​គាំទ្រ​ដំណាំ​សរីរាង្គ ដើម្បី​ឲ្យ​អ្នក​បរិភោគ​មាន​សុខភាព​ល្អ​។ លោក រ៉េ​ម ប្រាប់ថា​៖“​វត្តមាន កសិកម្មសរីរាង្គ​ពិតជា​រួមចំណែក​ក្នុងការ​អភិ​វ​ឌ្ឃ​វិស័យ​កសិកម្ម​នៅ​កម្ពុជា និង​រួមចំណែក​កាត់បន្ថយ​ការ​ចំណ​ក​ស្រុក​របស់​កសិករ​ផងដែរ​”​។​
 
​សម្រាប់​លោក ពៅ រតនា ដែល​បាន​ចូលរួម​សិក្ខាសាលា​នេះ បានធ្វើ​ឲ្យ​លោក​យល់ដឹង​ពី​ចំណេះដឹង​បន្ថែម​លើ​បញ្ហា​ប្រឈម​របស់​ប្រជាកសិករ អំពី​កង្វះ​អ្នក​ដាំំ​កសិកម្មសរីរាង្គ និង​កង្វះ​ការនាំ​ចេញទៅ​ទី​ផ្សរ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក រតនា មាន​គោលបំណង​បង្កើត START UP ផ្នែក​អាហារ​ដ្ឋា​ន​សរីរាង្គ ដើម្បី​បង្កើត​ទំនាក់ទំនង​គ្នា​រវាង​កសិករ និង​ម្ចាស់​ភោជនីយដ្ឋាន​នានា​។  
 
​សូមបញ្ជាក់ថា អង្គការ​សេ​ដាក បង្កើតឡើង​នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​១៩៩៧ ដោយមាន​លោក យ៉ង់ សាំង​កុមារ ជា​ស្ថាបនិក​អង្គការ​សេ​ដាក និង​មាន​អ្នកស្រី តុង ចាន់​ធាង ជា​នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សេ​ដាក ដែល​សហការគ្នាជាមួយ​ប្រជាកសិករ​នៅតាម​បណ្តា​ខេត្ត​ដែលជា​ខេត្ត​មាន​សក្តា​នុ​ពុល​ផ្នែក​កសិកម្ម ខេត្ត​ទាំងនោះ​មានដូចជា ខេត្តកំពង់ឆ្នាំង តាកែវ ព្រៃវែង កំពត ជាពិសេស​ខេត្ត​មណ្ឌល​គី​រី និង​រតនគីរី​៕ 

Tag:
 យុវជន​
 ​សេ​ដាក​
 ​កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com