កីឡាជាតិ
ជាតិ
​ប្រតិភូ និង​កីឡា​យុវជន​កីឡា​អូ​ឡា​ពិ​កម្ពុជា បញ្ចប់​បេសកកម្ម​២០​ថ្ងៃ​នៅ​អា​ហ្ស​ង់​ទីន​
22, Oct 2018 , 11:19 pm        
រូបភាព
ដោយ:
​ប្រតិភូ​កីឡា​យុវជន​កម្ពុជា បានបញ្ចប់​បេស​សកម្ម​រយៈពេល​២០​ថ្ងៃ​នៅ​អា​ហ្ស​ង់​ទីន ដោយបាន​វិល​ប្រ​ឡប់​មក​កម្ពុជា​វិញ​កាលពី​យប់​ថ្ងៃទី​២១ ខែតុលា​។ កម្ពុជា​មិន​ទទួលបាន​មេដាយ​ណា​ឡើយ​ពី​ព្រឹត្តិការណ៍ Buenos Aires 2018 Youth Olympic Games ប៉ុន្តែ​កីឡាករ​កម្ពុជា​បង្ហាញ​ភាពលេច​ធ្លោ​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ដែល​ក្នុងនោះ កីឡាករ​វាយ​សី​កម្ពុជា វ៉ា​ត់ វណ្ណ​ធុន ដណ្តើមបាន​មេដាយមាស​ពី​ការប្រកួត​មិត្តភាព​អន្តរជាតិ ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ និង​សហ​ព័​ន្ធី​កីឡា​វាយ​សី​អន្តរជាតិ​។​

 
​ដើម្បី​អបអរ និង​រឹតចំណង​សាមគ្គីភាព​ឲ្យ​កាន់​ជិតស្និទ្ធ​រវាង​យុវជន​យុវនារី​ប្រទេស​ជា​សមាជិក ដែល​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​យុវជន​អូឡាំពិក​នៅ​អា​ហ្ស​ង់​ទីន សហព័ន្ធ​កីឡា​វាយ​សី​អន្តរជាតិ សហការ​ជាមួយ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ បានរៀបចំ​ការប្រកួត​កីឡា​វាយ​សី​ចម្រុះ​ជាតិ​សាសន៍​ដណ្តើម​ពានរង្វាន់​លក្ខណៈ​មិត្តភាព​អន្តរជាតិ​។ 
 
​ការប្រកួត​នេះ​មាន​៦៤​ប្រទេស​ចូលរួម​ហើយ​បែង​ចែកជា​៨​ក្រុម​ដោយ​ក្នុង​១​ក្រុម​មាន​៨​ប្រទេស​។ កីឡាករ វ៉ា​ត់ វណ្ណ​ធុន របស់​កម្ពុជា​ស្ថិតនៅក្នុង​ក្រុម​អាល់​ហ្វា​(Alpha) ដែលមាន​កីឡាករ​មកពី​ប្រទេស​អ៊ីតាលី​, ឥណ្ឌា​, ប៊ុលហ្គារី​, ស្វី​ស​, កាណាដា​, សហរដ្ឋអាមេរិក និង​ស្រីលង្កា​។  
 
​ក្រោយ​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ ក្រុម​របស់​កីឡាករ វ៉ា​ត់ វណ្ណ​ធុន ដណ្តើមបាន​មេដាយមាស ក្រោយ​យកឈ្នះ​ក្រុម Omega ដែលមាន​ប្រទេស​វៀតណាម​, អ៊ុយ​ក្រែ​ន​, ថៃ​, បារាំង​, ឆាយ​នី​ស​តៃប៉ិ​, ន័​រ​វែ​ស​, ហ្វី​ជី និង​នូ​វែ​ល​សេ​ឡង់ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ មុន​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ ក្រុម​របស់ វណ្ណ​ធន់ បាន​យកឈ្នះ​ក្រុម Theta ដែលមាន​កីឡាករ​មកពី ជប៉ុន​, សាធារណរដ្ឋ​ឆែក​, ប្រេ​ស៊ី​ល​, អាល្លឺម៉ង់​, អូស្ត្រាលី​, អេ​ហ្ស៊ី​ប និង​បែលហ្ស៊ិក នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​
 
​តែ​យ៉ាងណា​មេដាយ​នេះ មិន​រាប់បញ្ចូល​ក្នុង​តារាង​មេដាយ​នៃ​ការប្រកួត​យុវជន​អូឡាំពិក Youth Olympic នោះទេ​។ សម្រាប់​ការប្រកួត​យុវជន​អូឡាំពិក​នៅ​ប្រទេស​អា​ហ្ស​ង់​ទីន កម្ពុជា​បញ្ជូន​កីឡាករ​៣​រូប​លើ​៣​ប្រភេទ​កីឡា​ចូលរួម រួមមាន​ចំបាប់ ហែល​ទឹក និង​វាយ​សី​។ ជា​លទ្ធផល​កម្ពុជា​មិន​ទទួលបាន​មេដាយ​នោះទេ​៕
 

Tag:
 វាយ​សី​
  វ៉ា​ត់ វណ្ណ​ធុន​
  Youth Olympic
  អា​ហ្ស​ង់​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com