ជាតិ
នយោបាយជាតិ
លោក ជាម ច័ន្ទនី អតីតតំណាងរាស្ត្រ CNRP ទទួលមរណភាពក្នុងអាយុ៥៧ឆ្នាំ
× លោក ជាម ច័ន្ទនី អតីតតំណាងរាស្ត្រមណ្ឌលកំពង់ធំរបស់គណបក្សសង្គ្រោះជាតិ បានទទួលមរណភាពនៅម៉ោងជាង៤រសៀល នាថ្ងៃទី២៥ ខែតុលានេះ ដោយសារជំងឺឈាមកកក្នុងបេះដូង និងមានដុះសាច់ក្នុងខួរក្បាល។ នេះបើតាមការអះអាងរបស់លោក អ៊ូ ច័ន្ទរ័ត្ន ដែលជាសហការីរបស់លោក។
លោក អ៊ូ ច័ន្ទរ័ត្ន ដែលជាអតីតតំណាងរាស្រ្តគណបក្សប្រឆាំងម្នាក់ដែរនោះ បានប្រាប់សារព័ត៌មានថ្មីៗ នៅព្រលប់ថ្ងៃនេះថា លោក បានហៅទូរសព្ទទៅសួរសាច់ញាត់របស់លោក ជាម ច័ន្ទនី ពីព័ត៌មាននេះ ក្រោយពីលោក បានឃើញសារព័ត៌មានចុះផ្សាយ។ លោក និយាយយ៉ាងដូច្នេះថា៖«ខ្ញុំ នឹងព្យាយាមសួរព័ត៌មានពីកូនចៅគាត់បន្ថែម ថាសពរបស់គាត់ឥឡូវ នៅខ្មែរ ឬក៏នៅថៃ។ មួយរយៈមុន ខ្ញុំឮថា គេបញ្ជូនគាត់ទៅព្យាបាលនៅថៃ»។
នៅមុននេះបន្តិច លោក មុត ចន្ថា ដែលជាជំនួយការរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហោះសារគណនីហ្វេសប៊ុក ដើម្បីចូលរួមរំលែងទុក្ខចំពោះមរណភាពរបស់លោក ជាម ច័ន្ទនី។
សូមបញ្ជាក់ថា លោក ជាម ច័ន្ទនី កើតនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៦១ នៅភូមិផ្ទះខ្ពស់ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ លោក បានចូលរួមធ្វើនយោបាយជាមួយលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង ចាប់តាំងពីឆ្នាំ១៩៩៥មក៕
© រក្សាសិទ្ធិដោយ thmeythmey.com