ជាតិ
សេដ្ឋកិច្ច
ខេត្តព្រះសីហនុ មានកាស៊ីណូជិត៦០កន្លែង ហើយស្ទើរទាំងអស់កាន់កាប់ដោយចិន
× ភ្នំពេញ៖ ក្នុងរយៈពេលជាង ២ឆ្នាំចុងក្រោយនេះ កាស៊ីណូ (Casino) កំពុងមានវត្តមានយ៉ាងច្រើនក្នុងទឹកដីខេត្តព្រះសីហនុ។ កាស៊ីណូទាំងនោះ ស្ទើរទាំងស្រុងកាន់កាប់ដោយជនជាតិចិន។ នេះបើតាមការអះអាងរបស់លោក ឱ សារឿន ប្រធានមន្ទីព័ត៌មានខេត្តព្រះសីហនុ។
លោក ឱ សារឿន បានប្រាប់សារព័ត៌មាន ThmeyThmey ថា បច្ចុប្បន្ន ខេត្តព្រះសីហនុមានកាស៊ីណូសរុប ៥៨កន្លែង ដែលបានចុះបញ្ជី និងមានអាជ្ញាបណ្ណពីរដ្ឋាភិបាល។ ចំនួននេះមិនទាន់គិតគម្រោងកាស៊ីណូថ្មីៗមួយចំនួនទៀត ដែលកំពុងស្ថិតក្រោមការសាងសង់ និងស្នើសុំចុះបញ្ជីនោះទេ។
លោក ឱ សារឿន អះអាងថា វត្តមាននៃកាស៊ីណូទាំងនេះ មិនបានប៉ះពាល់អ្វីដល់ប្រជាពលរដ្ឋក្នុងស្រុកឡើយ តែផ្ទុយទៅវិញ មានតែធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ តាមរយៈការផ្គត់ផ្គង់ចំណីអាហារផ្សេងៗ និងការទទួលបានប្រាក់ចំណូលពីភ្ញៀវ ដែលបានស្នាក់នៅទីនោះ និងចំណូលពីប្រភពផ្សេងៗទៀត។
លោកលើកឡើងដូច្នេះថា៖«ច្បាប់ដែលរដ្ឋាភិបាលកម្ពុជាឲ្យបង្កើត និងដំណើរការនៃកាស៊ីណូទាំងនេះ គឺមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរចូលរួមលេងទេ។ អ្នកដែលចូលរួមលេងបាន មានតែជនជាតិបរទេសប៉ុណ្ណោះ។ តាមច្បាប់គឺមិនឲ្យជនជាតិខ្មែរចូលលេងជាដាច់ខាត។ ក្នុងករណីដែលកាស៊ីណូទាំងនោះគោរពតាមបទបញ្ញាត្តិច្បាប់ដែលបានកំណត់របស់រដ្ឋាភិបាល ដូច្នេះវាគ្មានអ្វីពាក់ព័ន្ធទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទេ មានតែប្រសើរឡើង»។
បើទោះអាជ្ញាធរខេត្តព្រះសីហនុ អះអាងថាវត្តមានការស៊ីណូទាំងនោះ ផ្ដល់ផលវិជ្ជមានដល់ប្រជាពលរដ្ឋក្នុងខេត្តនេះក្ដី តែកន្លងមកការអភិវឌ្ឍក្នុងខេត្តមួយនេះទទួលរងការរិះគន់ ពិសេសការអនុញ្ញាតឲ្យមានទីតាំងល្បែងស៊ីសងច្រើនឡើង ដែលបានប្ដូរមុខមាត់តំបន់ឆ្នេររបស់កម្ពុជាមួយនេះ។
កាលពីដើមឆ្នាំ២០១៨នេះ លោក ហ៊ុន ម៉ាណែត ដែលបានចូលរួមសម្ពោធសណ្ឋាគារមួយនៅខេត្តព្រះសីហនុ បានបញ្ចេញទស្សនៈថា ការអភិវឌ្ឍក្នុងខេត្តព្រះសីហនុ ត្រូវតែរក្សាតម្លៃអត្តសញ្ញាណ ដែលជាតំបន់ឆ្នេរដ៏ស្រស់ស្អាត ដោយមិនអាចឲ្យប្រែក្លាយទៅជាម៉ាកាវ កាលី ឬឡាំងកាវីនោះទេ។ មេបញ្ជាការកងទ័ពជើងគោករូបនេះបន្ថែមថា ការរក្សាអត្តសញ្ញាណនឹងផ្ដល់ផលប្រយោជន៍រយៈពេលវែង ដែលមិនឲ្យឆ្នេរកម្ពុជាមានអនាគតដូចទីកន្លែងមួយចំនួននៅលើសកលលោក ដែលបាត់បង់តម្លៃរបស់ខ្លួន និងថមថយភ្ញៀវទេសចរឡើយ៕
Tag:
កាស៊ីណូ
ឱ សារឿន
ព្រះសីហនុ
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com