បច្ចុប្បន្នកំណើនវិស័យអចលនទ្រព្យនៅកម្ពុជា កំពុងមានភាពរីកចម្រើនយ៉ាងខ្លាំងក្លា ក្នុងនោះនិន្នាការនៃវិស័យលំនៅដ្ឋាន បានកំពុងផ្លាស់ប្តូរគួរអោយកត់សម្គាល់ ពោលទាំងតម្រូវការ និងស្តង់ដារនៃការរស់នៅ ដែលមានលក្ខណៈកាន់តែប្រសើរឡើង។
វិស័យទេសចរណ៍កម្ពុជា គឺជាទីផ្សារដ៏ធំមួយដែលបានជួយជំរុញ ដល់កំណើនវិស័យអចលនទ្រព្យ។ នៅពេលចំនួនអ្នកទេសចរកើនឡើង ការវិនិយោគលើវិស័យបដិសណ្ឋារកិច្ច ក៏កើនឡើងដែរ។ បច្ចុប្បន្ន អ្នកអភិវឌ្ឍន៍កំពុងសំឡឹងមើលពីតំបន់ និងឱកាសវិនិយោគនៅកម្ពុជា ជុំវិញវិស័យលំនៅដ្ឋានលំហែកាយ និងរមណីយដ្ឋានបែបធម្មជាតិ។
ខេត្តនីមួយៗ មានសក្តានុពលពិសេសដាច់ដោយឡែកពីគ្នា ដែលផ្តល់ឱកាសផ្សេងៗគ្នាសម្រាប់អ្នកអភិវឌ្ឍន៍។ បច្ចុប្បន្ន ខេត្តសៀមរាបហាក់បានក្លាយជាខេត្តដែលមានការអភិវឌ្ឍលំនៅដ្ឋានបែបធម្មជាតិឈានមុខគេ។ ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើន គឺមកពីសៀមរាម មានប្រាសាទអង្គរវត្ត ដែលបានក្លាយជាតំបន់ទេសចរណ៍ទាក់ទាញបំផុត នៅទូទាំងពិភពលោក។ ក្រៅពីនេះ លំនៅដ្ឋានលំហែកាយបែបធម្មជាតិ ក៏ឃើញថាមានកំណើនឡើង នៅក្នុងខេត្តមួយចំនួនទៀតដូចជា ខេត្តព្រះសីហនុ កំពត កែប កោះកុង រតនគីរី មណ្ឌលគីរី និងកំពង់ស្ពឺជាដើម។
លោក តេង រិទ្ធី ស្ថាបនិក និងជានាយកក្រុមហ៊ុន R'Investment Group បាននិយាយថា កម្ពុជាមានអំណោយផលស្រាប់ សម្រាប់ការអភវិឌ្ឍវិស័យលំនៅដ្ឋានលំហែកាយបែបធម្មជាតិ។
លោកបានអះអាងថា វិនិយោគិនគ្រាន់តែត្រូវស្វែងរកទីតាំងដែលសមស្រប បន្ទាប់មកអភិវឌ្ឍឲ្យត្រូវនឹងគោលបំណង ដើម្បីបង្កើតជាតំបន់លំហែកាយប្រកបដោយនិរន្តរភាព។ លោកបានប្រៀបធៀបកម្ពុជា ទៅនឹងសិង្ហបុរី។ លោកថានៅសិង្ហបុរី អ្នកអភិវឌ្ឍន៍ត្រូវចំណាយប្រាក់រាប់លានដុល្លារ ដើម្បីបង្កើតជាតំបន់ធម្មជាតិ ដូចជាដាំដើមឈើ ជីកបឹង ចិញ្ចឹមត្រីជាដើម មុននឹងកែច្នៃតំបន់ណាមួយ ជាតំបន់លំហែកាយលក្ខណៈធម្មជាតិ។
លោក រិទ្ធី ផ្ទាល់ ក៏មានគម្រោងអភិវឌ្ឍលំនៅដ្ឋានសម្រាប់លំហែកាយនៅភ្នំពេញ សៀមរាប និងខេត្តកំពតដែរ។ លោកលើកឡើងថា បច្ចុប្បន្នយើងកំពុងសិក្សាពីសក្តានុពលនៃទីតាំងរបស់ខេត្តនីមួយៗ សម្រាប់គម្រោងលំហែកាយថ្មីនេះ។
បច្ចុប្បន្ន កម្ពុជាមានលំនៅដ្ឋានលំហែកាយលក្ខណៈធម្មជាតិជិត១០០កន្លែង ដូចជារមណីយដ្ឋានលំហែកាយកោះសង្សារ,រមណីយដ្ឋាន Royal Sand Resort នៅកោះរ៉ុង,រមណីយដ្ឋាន កោះអណ្តែត,រមណីយដ្ឋានភូមិបៃតង នៅសៀមរាប, រមណីយដ្ឋាន ថ្ងៃបាំងឆ័ត្រ នៅកែប និងរមណីយដ្ឋាន Salty River។
ទាក់ទងនឹងតំបន់ធម្មជាតិ និងធនធានធម្មជាតិរបស់កម្ពុជាវិញ កម្ពុជាមានអ្វីៗស្ទើរគ្រប់យ៉ាង រាប់តាំងពីតំបន់ឆ្នេរ ព្រៃឈើ ភ្នំ ទឹកជ្រោះ ស្ទឹង បឹង និងទន្លេជាដើម។
បើពិនិត្យដោយលម្អិត ពីសក្ដានុពលនៃខេត្តកំពត លោក សុខ គែន ស្ថាបនិករបស់ Kampot Property ខេត្ដកំពត បានឱ្យដឹងថា ខេត្តកំពត កំពុងមានកំណើនលឿន សម្រាប់រមណីយដ្ឋានបែបធម្មជាតិ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។
លោក គែន បានបញ្ជាក់ថា តំបន់នៅតាមបណ្តោយដងព្រែកកំពត មានសក្តានុពលច្រើនសម្រាប់ការវិនិយោគរមណីយដ្ឋានបែបធម្មជាតិ។ ទោះបីជាយ៉ាងណាក៏ដោយ ដីនៅជុំវិញក្រុងកំពត ក្នុងរង្វង់៣០គីឡូម៉ែត្រ ត្រូវបានគេមើលឃើញថា មានសក្តានុពលប្លែកៗគ្នា ទៅតាមលក្ខណៈធម្មជាតិរបស់ទីតាំងនីមួយៗ។
កំពតមាន ភ្នំ ទឹកស្ទឹង ព្រៃឈើ និងសមុទ្រ ហើយលោក គែន បានអះអាងថា នៅកែប មានសក្តានុពលជាច្រើន ដែលមិនទាន់មានការអភិវឌ្ឍនៅឡើយ។ លោក បញ្ជាក់ថា កំពតមានតំបន់លាក់ខ្លួន និងតំបន់ថ្មីៗជាច្រើន ដែលមិនទាន់មានគេស្គាល់នៅឡើយ។ លោក សុខ គែនបញ្ជាក់ថា៖ «ខ្ញុំជឿថា នៅតែមានឱកាស ដោយសារតែភាគច្រើននៃរមណីយដ្ឋានធម្មជាតិនៅក្នុងខេត្តនេះ មានត្រឹមតែខ្នាតតូច ទៅខ្នាតមធ្យមប៉ុណ្ណោះ។ លោកក៏បានន្ថែមទៀតថា ភ្ញៀវទេសចរទាំងក្នុងស្រុក និងជនជាតិអឺរ៉ុប ដែលចូលមកកាន់ខេត្តកំពត កំពុងកើនឡើងយ៉ាងច្រើន»។
ទាក់ទងនឹងតម្លៃវិញ លោក គែន បានបញ្ជាក់ថា ជាទូទៅរមណីយដ្ឋាន នៅកំពតកំពុងដាក់ជួល ក្នុងតម្លៃចន្លោះពី១៥ដុល្លារ ទៅ៣០ដុល្លារក្នុងមួយយប់។
បន្ថែមលើចំណុចនេះ លោក រិទ្ធី បានលើកឡើងដែរថា រមណីយដ្ឋានបែបធម្មជាតិលក្ខណៈប្រណិតនៅក្នុងប្រទេស អាចមានតម្លៃរហូតដល់៣,០០០ដុល្លារ ក្នុងមួយយប់។ លើសពីនេះទៀត សម្រាប់ការវិនិយោគក្នុងវិស័យនេះ លោក រិទ្ធី បានជំរុញឲ្យអ្នកអភិវឌ្ឍន៍ ប្រើប្រាស់ភាពច្នៃប្រឌិតខ្ពស់ ដើម្បីនាំយកគំនិតថ្មី និងប្លែកគេ ដើម្បីទទួលបានភាពជោគជ័យ។ លោកបានអះអាងថា អ្វីដែលត្រូវយកចិត្តទុកដាក់ ត្រូវគិតចាប់ពីការរចនា និងការសាងសង់ រហូតដល់ម្ហូបអាហារ ភេសជ្ជៈ និងសុវត្ថិភាពសម្រាប់អ្នកមកស្នាក់នៅ។
លោក ណុះ ម៉ាត់សារី អ្នកតំណាងរបស់រមណីយដ្ឋាន Bamboo Bungalow នៅក្នុងខេត្តកំពតបាននិយាយថា រមណីយដ្ឋានរបស់លោក បានប្រើប្រាស់ការរចនាបែបទំនើប ដោយប្រើឫស្សី និងស្បូវ និងមានបម្រើសេវាកម្មបរិយាកាសបែបទំនើប ជាមួយភាពល្អឥតខ្ចោះ។ លើលពីនេះ Bamboo Bungalow បានចាប់យកនូវបរិយាកាសធម្មជាតិពិតៗ នៃដងទន្លេដ៏ស្រស់ស្អាត។
លោក ម៉ាត់សារី បញ្ជាក់ថា៖ «យើងមិនត្រឹមតែផ្តល់សេវាល្អប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ធានានូវសុវត្ថិភាព និងសន្តិសុខផងដែរ»។ ម៉ាត់សារីរំពឹងថា ខេត្តនេះ នឹងមានសេដ្ឋកិច្ចកាន់តែប្រសើរជាងមុន ដោយសារការកើនឡើងនៃភ្ញៀវទេសចរ។ លោកបាននិយាយថា ខេត្តដែលមិនសូវមានអ្នកចាប់អារម្មណ៍ នឹងអាចក្លាយជាកន្លែងមានមនុស្សច្រើន និងមានការងារធ្វើច្រើនពិសេសផ្នែកបដិសណ្ឋារកិច្ច។ លោក ម៉ាត់សារី បាននិយាយថា៖«កំពតនឹងកាន់តែមានឈ្មោះល្បី ទាំងនៅក្នុងស្រុក និងអន្តរជាតិ»៕