នៅប៊ុយណូស៊ែរដ្ឋធានីរបស់អាហ្សង់ទីន ប្រមុខរដ្ឋចិន ស៊ី ជិនភីង បានជួបទល់មុខជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដោយបានពិភាក្សាគ្នាពីជម្លោះពាណិជ្ជកម្មដែលផ្តើមឆាបឆេះតាំងពីពាក់កណ្តាលឆ្នាំបង្កឲ្យពិភពលោកព្រួយភ័យ។ អ្វីដែលគួរឲ្យសាទរ មេដឹកនាំមហាអំណាចសេដ្ឋកិច្ចទាំងពីរបានឯកភាពគ្នាផ្អាកប្រយុទ្ធបណ្តោះអាសន្ន ដោយគ្មានការដំឡើងពន្ធថ្មីប្រឆាំងគ្នាទៀតឡើយ ខណៈដែលភាគីកំពុងចរចាបង្កើតកិច្ចព្រមព្រៀងចុងក្រោយមួយ។
បទឈប់បាញ់ដែលពិភពលោករំពឹងទុកនេះកើតឡើងក្រោយពេលដែលលោក ស៊ី អង្គុយពិភាក្សាទល់មុខជាមួយលោក ត្រាំ ក្នុងជំនួបអាហារល្ងាចថ្ងៃសៅរ៍ ក្រៅកិច្ចប្រជុំប្រទេសសេដ្ឋកិច្ចជឿនលឿន ២០ (G20)។ នេះបើតាមការចុះផ្សាយរបស់កាសែតរដ្ឋចិន CGTN។
បទឈប់បាញ់បណ្តោះអាសន្នដែលធានាមិនឲ្យមានការបង្កើនពន្ធថ្មីប្រឆាំងគ្នាទៀត និងអាចទប់ស្កាត់ការរីករាលដាលនៃសង្គ្រាមពាណិជ្ជកម្មនេះមានរយៈពេល ៩០ថ្ងៃ។ រយៈពេលនេះ នឹងត្រួសត្រាយផ្លូវសម្រាប់ភាគីចរចាគ្នាបង្កើតកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ផងដែរ។
សេតវិមានអាមេរិកបានបញ្ជាក់ហើយថា ការគំរាមរបស់ប្រធានាធិបតី ត្រាំ រឿងដាក់ដំឡើងពន្ធពី ១០ ទៅ ២៥ភាគរយលើទំនិញចិនមានទំហំជាង ២០០ពាន់លានដុល្លារដែលដើមឡើយត្រូវចូលជាធរមានចាប់ពីថ្ងៃ១ខែមករាឆ្នាំ ២០១៩នោះ នឹងត្រូវពន្យាពេលដូចគ្នា។
«បើសិនជាភាគីមិនអាចសម្រេចបានកិច្ចព្រមព្រៀងមួយជាផ្លូវការក្នុងរយៈពេល ៩០ថ្ងៃនេះទេ ពន្ធទំហំ ១០ភាគរយនឹងត្រូវដំឡើងដល់ ២៥ភាគរយមិនខាន»។ សេតវិមានអាមេរិកបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនបែបនេះក្រោយជំនួបលោក ស៊ី និងលោក ត្រាំ។
ដោយឡែករដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី ដែលស្ថិតនៅក្នុងជំនួបបិទទ្វារដែលនោះបានទទួលស្គាល់ដែរពីការឯកភាពគ្នាលើការផ្អាកប្រយុទ្ធបណ្តោះអាសន្ននេះ។ ប្រមុខការទូតចិនរូបនេះអះអាងថា ការឯកភាពគ្នាជាគោលការណ៍នេះមានប្រសិទ្ធភាពទប់ស្កាត់ការរីករាលដាលនៃការប៉ះទង្គិចគ្នាផ្នែកសេដ្ឋកិច្ចរវាងមហាអំណាចទាំងពីរ ហើយវាក៏បើកទ្វារកាន់តែទូលាយសម្រាប់កិច្ចសហប្រតិបត្តិការឈ្នះៗទាំងសងខាងដែរ។
តាមពិតទៅជំនួបអាហារល្ងាចរវាងមេដឹកនាំទាំងពីរស៊ីពេលជិតពីរម៉ោងកន្លះ ដែលវាវែងជាងការរំពឹងទុកឆ្ងាយ។ នៅពេលផ្តើមជំនួបទ្វេភាគីនេះ លោក ត្រាំ បានថ្លែងប្រកបដោយទំនុកចិត្តចំពោះការពិភាក្សានេះដែរជាពិសេសសរសើរពីទំនាក់ទំនងរវាងលោក ជាមួយសមភាគីចិន។
លោក ត្រាំ និយាយបែបនេះ«មិត្តភាពរវាងខ្ញុំនិងលោក ស៊ី ជិនភីង ពិសេសណាស់។ នេះជាហេតុផលចម្បងដែលធ្វើឲ្យយើងអាចសម្រេចបានផលប្រយោជន៍ល្អសម្រាប់ចិន និងផលល្អសម្រាប់អាមេរិកដូចគ្នា»។
លោក ស៊ី ឯណោះវិញបានប្រាប់ទៅលោក ត្រាំ ដែរថា លោករំពឹងខ្ពស់លើកិច្ចប្រជុំទ្វេភាគីនេះ ដ្បិតថា វាមានតែកិច្ចសហប្រតិបត្តិការគ្នារវាងចិន និងអាមេរិកទេដែលអាចបម្រើផលប្រយោជន៍ពិភពលោក ធានាសន្តិភាព និងវិបុលភាព។
យ៉ាងណាក៏ដោយ ការផ្សះផ្សាពាណិជ្ជកម្មជោគជ័យក្នុងពេល ៩០ថ្ងៃ អាចថាជារឿងលំបាកបំផុតមួយ។ ទីប្រឹក្សាសេដ្ឋកិច្ចប្រធានាធិបតីផ្ទាល់លោក Larry Kudlow បង្ហើបថា ចំណុចស្នូល និងចម្រូងចម្រាសបំផុតដែលអាមេរិកទាមទារឲ្យចិនបំពេញនោះមានដូចជាការគោរពឲ្យបាននូវកម្មសិទ្ធិបញ្ញា និងបញ្ឈប់ការបង្ខំឲ្យក្រុមហ៊ុនបរទេសជាពិសេសអាមេរិកផ្ទេរបច្ចេកវិទ្យាតែម្តង។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាមេរិកនិងចិនធំធេងណាស់ ។ យោងតាមរបាយការណ៍ការិយាល័យស្ថិតិអាមេរិក កាលពីឆ្នាំ ២០១៧ អាមេរិកបាននាំចូលទំនិញដែលមានតម្លៃប្រហែល ៥០៥ពាន់លានដុល្លារអាមេរិកពីចិន ប៉ុន្តែទំហំនៃទំនិញនាំចូលនេះកើនឡើងរហូតដល់ ៩ ភាគរយក្នុងឆ្នាំ ២០១៨ គិតត្រឹមខែកក្កដានេះ ដែលធ្វើឲ្យមានអតុល្យភាពពាណិជ្ជកម្មខ្លាំង។ ឱនភាពពាណិជ្ជកម្មនេះបូកផ្សំនឹងការបំពានកម្មសិទ្ធិបញ្ញានៅចិនផង ធ្វើឲ្យអាមេរិកមិនសប្បាយចិត្តសោះឡើយរហូតធ្វើឲ្យលោក ត្រាំ ជ្រើសរើសយកសង្គ្រាមពាណិជ្ជកម្មបែបនេះទៀត។
សូមរម្លឹកថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិនឆាបឆេះជាផ្លូវការចាប់ពីថ្ងៃ ៦ ខែកក្កដានេះ ដោយអាមេរិកចាប់ផ្តើមដំឡើងពន្ធ ២៥ ភាគរយជំហានដំបូងរបស់អាមេរិកប្រឆាំងទំនិញចិនទំហំ ៥០ ពាន់លានដុល្លារអាមេរិក។ តមកដល់ខែកញ្ញា លោក ត្រាំ ក៏បានបញ្ជាឲ្យគេដំឡើងពន្ធ ១០ ភាគរយលើទំនិញចិនផ្សេងទៀតដែលមានទំហំ ២០០ពាន់លានដុល្លារទៀត។ចំណែកចិនវិញ បានដាក់ដំឡើងពន្ធប្រឆាំងទំនិញអាមេរិកមានទំហំ ១១០ពាន់លានដុល្លារដែរចាប់ពីសង្គ្រាមផ្ទុះឡើងមក៕