ភ្នំពេញ៖ តួលេខអត្រានៃភាពក្រីក្រនៅឆ្នាំ១៩៩៤បានបង្ហាញថា ប្រទេសកម្ពុជា កាលណោះ មានប្រជាពលរដ្ឋចំនួន៤៧%រស់នៅក្រោមបន្ទាត់ភាពក្រីក្រ។ តែនៅក្នុងឆ្នាំ២០១៨នេះ អត្រានៃពលរដ្ឋខ្មែរដែលរស់នៅក្រោមបន្ទាត់ភាពក្រីក្របានធ្លាក់មកនៅត្រឹមតែ១៣,៥%ប៉ុណ្ណោះ។ តួលេខនេះ បញ្ជាក់ថា ពលរដ្ឋជាច្រើនបានងើបចេញពីបន្ទាត់នៃភាពក្រីក្រ តែពលរដ្ឋមួយចំនួនទៀតនៅបន្តរស់នៅក្រោមបន្ទាត់ភាពក្រីក្រដដែល។ នៅពេលដែលមានភាពក្រីក្រកើតឡើងចំពោះប្រជាពលរដ្ឋ តើវាជាកំហុសរបស់រាជរដ្ឋាភិបាលដឹកនាំមិនត្រឹមត្រូវ ឬវាជាកំហុសរបស់ប្រជាពលរដ្ឋខ្លួនឯងដែល«ខ្ជិលច្រអូស»?
ប្រទេសអាមេរិក ប្រទេសជប៉ុន ប្រទេសចិន ឬប្រទេសបារាំងដែលត្រូវបានគេចាត់ទុកថា ជាប្រទេសអភិវឌ្ឍន៍មែនក៏ដោយក្តី ក៏ប្រទេសទាំងនោះ នៅតែមានអ្នកក្រីក្រដែរ។
អ្នកសុំទាន អ្នកគ្មានផ្ទះសម្បែង អ្នកគ្មានការងារធ្វើក្រីក្រ នៅតែបន្តមានវត្តមាននៅក្នុងប្រទេសអស្ចារ្យទាំងនោះ។ អ្វីដែលអាចខុសគ្នាជាមួយស្ថានភាពនៅក្នុងប្រទេសកម្ពុជាគឺនៅត្រង់ថា ចំនួនអ្នកក្រីក្រនៅក្នុងប្រទេសជឿនលឿនទាំងនោះ មានចំនួនតិចជាងចំនួនអ្នកក្រីក្រនៅក្នុងប្រទេសកម្ពុជា។ ម្យ៉ាងទៀត អ្នកក្រីក្រនៅក្នុងប្រទេសអភិវឌ្ឍន៍អាចរស់នៅសុខស្រួលជាង អ្នកទីទាល់ក្រនៅក្នុងប្រទេសក្រីក្រកម្ពុជា។
ឯាកមកនិយាយពីស្ថានភាពនៅក្នុងប្រទេសកម្ពុជាវិញ តួលេខអត្រានៃភាពក្រីក្រឆ្នាំ១៩៩៤បានបង្ហាញថា ប្រទេសកម្ពុជា កាលនោះ មានប្រជាពលរដ្ឋចំនួន៤៧%រស់នៅក្រោមបន្ទាត់ភាពក្រីក្រ។ រីឯ ២៤ឆ្នាំក្រោយមក ពោលគឺនៅឆ្នាំ២០១៨នេះ តួលេខមួយចំនួនបានបង្ហាញថា ប្រជាពលរដ្ឋតែ១៣,៥%ទៀតប៉ុណ្ណោះនៅបន្តរស់នៅក្រោមបន្ទាត់ភាពក្រីក្រ។ ដូច្នេះ បើទោះបីជាប្រជាពលរដ្ឋជាង១៣%ទៀតនៅបន្តរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រក៏ដោយ ក៏ពលរដ្ឋមួយភាគធំបានរំដោះខ្លួនគេឲ្យចាកចេញពីរណ្តៅនៃភាពក្រីក្ររួចហើយ។ ការណ៍នេះអាចបណ្តាលមកពីសមិទ្ធផលរបស់រដ្ឋាភិបាលមួយផ្នែក សង្គមស៊ីវិលមួយផ្នែក ផ្នែកឯកជនមួយផ្នែក និងមួយផ្នែកទៀត គឺបណ្តាលមកពីការខិតខំប្រឹងប្រែងរបស់ពលរដ្ឋខ្លួនឯង។
ប្រជាពលរដ្ឋដែលត្រូវបានគេចាត់ទុកថារស់នៅក្រោមបន្ទាត់ភាពក្រីក្រ គឺជាក្រុមមនុស្សដែលរកប្រាក់ចំណូលបានតិចជាងមួយដុល្លារក្នុងមួយថ្ងៃសម្រាប់មនុស្សម្នាក់។
នៅពេលដែលពលរដ្ឋមួយចំនួននៅស្រុកខ្មែរបន្តរស់នៅក្រោមបន្ទាត់ភាពក្រីក្រ តើវាជាកំហុសរបស់រាជរដ្ឋាភិបាលទាំងស្រុង ឬវាជាកំហុសរបស់ប្រជាពលរដ្ឋខ្លួនឯងដែល«ខ្ជិលច្រអូស»មួយចំណែកធំដែរ?
មុននឹងឆ្លើយទៅនឹងសំណួរនេះ គេគួរពិនិត្យទៅលើហេតុផលដែលនាំអោយមានភាពក្រីក្រជាមុនសិន។ ការសិក្សាមួយចំនួនបានពន្យល់ថា ប្រជាពលរដ្ឋខ្មែរក្រីក្រអាចបណ្តាលមកពីមូលហេតុច្រើនយ៉ាង ក្នុងនោះមាន ៖ ទី១ ជំងឺរួមរឹតគ្រួសារ។ ទី២ ផ្ទៃដីធ្វើកសិកម្មមានចំនួនតិចតួច រីឯចំនួនសមាជិកគ្រួសារច្រើន។ ទី៣ ជំពាក់បំណុលគេ។ ទី៤ គ្រោះមហន្តរាយគំរាមកំហែងជាញឹកញាប់។ ទី៥ ប្រជាពលរដ្ឋខ្វះចំណេះដឹង។ ទី៦ កង្វះខាតការងារ និងទី៧ អំពើរពុករលួយ។
ប្រសិនបើផ្អែកលើហេតុផលដែលបានលើកឡើងខាងលើនេះ គេអាចស្តីបន្ទោសមួយផ្នែកទៅលើការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ពីព្រោះ ជាធម្មតា រដ្ឋាភិបាលត្រូវបានគេចាត់ទុកដូចជាឪពុកម្តាយ។ ដូច្នេះ ប្រសិនបើប្រទេសជាតិខ្វះការងារសម្រាប់ប្រជាពលរដ្ឋ គឺជាកំហុសរបស់រដ្ឋាភិបាលមួយផ្នែកដែលខកខានមិនបានបង្កើតការងារអោយគ្រប់គ្រាន់។ ប្រសិនបើប្រជាពលរដ្ឋមានកូនច្រើន តែខ្វះដីធ្វើស្រែចម្ការ គឺអាចជាកំហុសរបស់រដ្ឋាភិបាលមួយផ្នែកដែរ ពីព្រោះរដ្ឋាភិបាលខ្វះនយោបាយច្បាស់លាស់ជុំវិញបញ្ហានេះ។
នៅពេលដែលប្រជាពលរដ្ឋខ្វះចំណេះដឹង វាក៏អាចជាកំហុសរបស់រាជរដ្ឋាភិបាលដែរ ពីព្រោះរដ្ឋាភិបាលមិនបានជំរុញវិស័យនេះអោយដើរលឿនទៅមុខដោយរលូន។ ត្រង់ចំណុចនេះ សួមបញ្ជាក់ថា ប្រសិនបើគ្រួសារមួយ សហគមន៍មួយ ឬប្រទេសមួយខ្វះមនុស្សចេះដឹងខ្ពស់ គ្រួសារនោះ សហគមន៍នោះ ប្រទេសជាតិនោះ ពិតជាមិនអាចអភិវឌ្ឍបានលឿនឡើយ។ ការអប់រំ គឺជាកូនសោរនៃការកាត់បន្ថយភាពក្រីក្រ ទាំងនៅក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ។
ទ្រព្យសម្បត្តិ មាសប្រាក់ ហូបអាហារ សម្លៀកបំពាក់ គឺវាកើតចេញពីការខិតខំប្រឹងប្រែងធ្វើការងារ។ ប៉ុន្តែការងារដែលធ្វើដោយមនុស្សមានចំណេះដឹងខ្ពស់ ពិតជាផ្តល់ផលបានច្រើនជាងមនុស្សមិនសូវចេះដឹង។ ដូច្នេះ ចំណេះដឹងគឺជាកត្តាលិកររុញច្រានអោយសង្គមមួយអាចងើបចេញពី«រណ្តៅ»នៃភាពក្រីក្របានឆាប់រហ័ស។
ការអប់រំត្រូវបានគេចាត់ទុកថា គឺជាការវិនិយោគរយៈពេលវែង ប៉ុន្តែវាអាចផ្តល់ផលមកវិញក៏យូរដែរ។ ឪពុកម្តាយអាចវិនិយោគលើការសិក្សារបស់កូនចំនួន២២ឆ្នាំដើម្បីទទួលបានសញ្ញាប័ត្របរិញ្ញាប័ត្រ។ រយៈពេលនេះគឺយូរអង្វែងមែន ប៉ុន្តែផលដែលទទួលបានមកវិញតាមរយៈការសិក្សា គឺមួយជីវិត។
បញ្ហាផ្សេងៗទៀតដែលគេអាចទម្លាក់កំហុសទៅលើរដ្ឋាភិបាលបានដែរនោះ គឺថា សេវាសាធារណៈរបស់រដ្ឋមិនទាន់បានបម្រើប្រជាពលរដ្ឋអោយពេញលក្ខណៈនៅឡើយទេ។ លើសពីនេះទៅទៀត មន្ត្រីមួយ«ចំនួន»នៅបន្តប្រព្រឹត្តិអំពើ«ពុករលួយ»ដែលធ្វើអោយរាស្ត្ររងទុក្ខ។ ម្យ៉ាងទៀត ប្រព័ន្ធតុលាការត្រូវបានគេគិតថា នៅខកខានមិនបានផ្តល់យុត្តិធម៌ស្មើគ្នារវាងអ្នកក្រីក្រ និងអ្នកមាន។ ទាក់ទងទៅនឹងវិស័យអប់រំ កូនអ្នកមាន មានឱកាសរៀននៅសាលាឯកជនដែលមានគុណភាព រីឯកូនអ្នកក្ររៀននៅសាលារដ្ឋមិនសូវមានគុណភាព។
បើផ្អែកលើអំណះអំណាងខាងលើនេះ គេពិតជាអាចទម្លាក់កំហុសមួយផ្នែកទៅលើរាជរដ្ឋាភិបាលក្នុងបញ្ហាភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា។
នៅពេលដែលប្រទេសមួយនៅមានពលរដ្ឋរស់នៅក្រោមបន្ទាត់ភាពក្រីក្រ ជារួម គេអាចស្តីបន្ទោសទៅលើរាជរដ្ឋាភិបាលអ៊ីចឹងហើយ ពីព្រោះរដ្ឋាភិបាល គឺជាអាណា
ព្យាបាល ជាអ្នកកាត់ចង្កូតប្រទេសជាតិ។ ប៉ុន្តែទន្ទឹមនឹងទម្លាក់កំហុសទាំងស្រុងទៅលើរាជរដ្ឋាភិបាលនោះ តើប្រជាពលរដ្ឋខ្លួនឯងមានកំហុសដែរឬទេ?
ជាធម្មតា ដើម្បីកសាងប្រទេសមួយ គេចាំបាច់ត្រូវការការចូលរួមពីគ្រប់ភាគីទាំងអស់ក្នុងនោះមាន៖ ដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល រាជរដ្ឋភិបាល វិស័យឯកជន និងប្រជាពលរដ្ឋខ្លួនឯង។ ជាថ្មីម្តង
ទៀត ការស្តីបន្ទោសចំពោះរាជរដ្ឋាភិបាលជារឿងត្រឹមត្រូវ ប៉ុន្តែកំហុសមួយចំនួនក៏អាចបណ្តាលមកពីប្រជាពលរដ្ឋខ្លួនឯងដែរ។
ប្រជាពលរដ្ឋខ្មែរធ្លាប់ត្រូវបាន«គេរិះគន់»ថា ជាជនជាតិខ្វះគំនិត, មិនសូវស្វាហាប់, មិនសូវអត់ធន់នឹងការងារ, ចូលចិត្តសប្បាយច្រើនជាងធ្វើការ (កម្ពុជាធ្លាប់ជាដែនដីសុវណ្ណភូមិ)។ ដើម្បីបញ្ជាក់ពីភាពមិនសូវស្វាហាប់របស់ជនជាតិខ្មែរនោះ កាលពីជំនាន់អាណានិគមបារាំងដែលគ្រប់គ្រងឥណ្ឌូចិន ជនជាតិបារាំងខ្លះបាននិយាយថា៖«ជនជាតិវៀតណាម ចុះទៅដាំស្រូវផ្ទាល់នៅក្នុងស្រែរ។ ជនជាតិខ្មែរដើរទៅមើលស្រូវដែលកំពុងដុះលូតលាស់។ ជនជាតិឡាវគ្រាន់តែសម្រាន្តស្តាប់ស្រូវដែលកំពុងដុះនៅក្នុងស្រែរប៉ុណ្ណោះ រីឯជនជាតិចិនវិញ ពួកគេគឺជាអ្នកប្រមូលផលស្រូវ និងលក់ទិន្នផល»។
តាមរយៈចំណាប់អារម្មណ៍របស់ជនជាតិបារាំងនាសម័យនោះ គេអាចទាញសេចក្តីសន្និដ្ឋានបានខ្លះថា ប្រជាជនវៀតណាមជាអ្នកឧស្សាហ៍ការងារ ជនជាតិខ្មែរមិនសូវចូលចិត្តធ្វើការទេ ជនជាតិឡាវ ខ្ជិលបន្តិច រីឯ ចិន គឺជាជនជាតិដែលឆ្លាតពូកែធ្វើជំនួញ។
សូមបញ្ជាក់ថា ទ្រព្យសម្បត្តិ ឬផលិតផលផ្សេងទៀត ដូចជា ស្រូវ ក្រណាត់ កុំព្យូទ័រ តុ កៅអី ទាំងអស់នេះ វាកើតចេញពីការផលិត។ ចុះបើប្រជាពលរដ្ឋខ្ជិលផលិត ហើយចាំតែបរិភោគនោះ, ជាសត្យានុម័តប្រឡប់មកវិញ ទ្រព្យទាំងនោះមិនអាចធ្លាក់ពីលើមេឃបានឡើយ។ ប្រឹងធ្វើការបង្កើតផលិតផល ផលិតផលលក់ចេញជាប្រាក់ ប្រាក់បង្កើតទ្រព្យ។
ឯាកមកមើលប្រជាពលរដ្ឋខ្មែរវិញ តើពួកគេបានខិតខំផលិតអស់ពីសមត្ថភាពហើយឬនៅ?
នៅតាមទីជនបទខ្លះ គេតែងតែសង្កេតឃើញ ស្ត្រីមួយ«ចំនួន»អង្គុយនិយាយគ្នា លេងបៀ ឬរកចៃអោយគ្នាទៅវិញទៅមកអស់មួយព្រឹកដោយគ្មានផលិតអ្វីទាំងអស់។ តើគេអាចរកប្រាក់បានឬទេ? បុរសខ្លះអង្គុយពិសាស្រាតាំងពីព្រឹករហូតដល់ល្ងាច។ តើគេបានផលិតអ្វីខ្លះ? ប្រជាពលរដ្ឋខ្លះចំណាយពេលសម្រាន្តពេលថ្ងៃអស់មួយកំណាត់ថ្ងៃទៅហើយ។ តើនេះជាការខាតពេលវេលាផលិតឬទេ?
គ្រួសារខ្លះទៀត មានដីនៅទំនេរជុំវិញគេហដ្ឋាន។ ប៉ុន្តែពួកគេមិនដាំដំណាំអ្វីទាំងអស់ ពួកគេសុខចិត្តទិញបន្លែពីអ្នកដទៃវិញ។ ពួកគេមិនចិញ្ចឹមសត្វដើម្បីបរិភោគខ្លួនឯងទេ។ ប្រសិនបើគ្រួសារមួយ ចិញ្ចឹមសត្វមាន់តែ១០ក្បាល សត្វទា៥ក្បាល សត្វជ្រូក២ក្បាល គោរមួយនឹម គ្រួសារនោះក៏អាចមានជីវភាពធូរធារគ្រាន់បើដែរ។
សរុបសេចក្តីមកវិញ ប្រសិនបើប្រជាពលរដ្ឋខ្លួនឯងនៅតែបន្តចំណាយពេលគ្មានប្រយោជន៍ និងនៅមានអារម្មណ៍«ខ្ជិលច្រអូស»ក្នុងកិច្ចការយ៉ាងដូច្នេះ ពួកគេមិនងាយនឹងចាកចេញពី«រណ្តៅ»នៃភាពក្រីក្របានឡើយ។
រដ្ឋាភិបាលជាអ្នកជួយមួយផ្នែកមែន ប៉ុន្តែ ពលរដ្ឋខ្លួនឯងត្រូវពង្រឹងខ្លួនឯង។ «ជួយខ្លួនឯងជាមុនសិន មុននឹងអោយព្រះជួយអ្នក»។ «ភាពខ្ជិលច្រអូសជំរុញអោយមានភាពក្រីក្រ»៕