រថយន្ត
អន្តរជាតិ
លោក ត្រាំ​៖ «​ចិន​ព្រម​កាត់បន្ថយ និង​លុបចោល​ពន្ធ​ប្រឆាំង​រថយន្ត​អាមេរិក​»
03, Dec 2018 , 8:39 pm        
រូបភាព
ដោយ:
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានប្រកាសថា ក្រុង​ប៉េកាំង​បាន​យល់ព្រម​សើរើ​វិធាន​ការដាក់ ពន្ធ​នាំចូល​ប្រឆាំង​រថយន្ត​អាមេរិក​។ ចិន​សម្រេចចិត្ត​បែបនេះ​ត្រឹម​មួយថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​លោក ត្រាំ និង​សម​ភាគី​ចិន​យល់ព្រម​បង្កើត​បទ​ឈប់​បាញ់​ចំនួន​៩០​ថ្ងៃ ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​នេះ​។​

 
​នៅ​ប៊ុ​យ​ណូ​ស៊ែ​រដ្ឋធានី​របស់​អា​ហ្ស​ង់​ទីន កាលពី​ថ្ងៃទី​០១ ខែធ្នូ  ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ជួប​ទល់មុខ​ជាមួយ សម​ភាគី​ចិន ស៊ី ជិន​ភីង នៅក្រៅ​កិច្ចប្រជុំ G-20  ដោយបាន​ពិភាក្សាគ្នា​ពី​ជម្លោះ​ពាណិជ្ជកម្ម​ដែល​ផ្តើម​ឆាបឆេះ​តាំងពី​ពាក់កណ្តាល​ឆ្នាំ​។​
 
​ក្នុងជំនួប​នេះ មេដឹកនាំ​ទាំងពីរ​នេះ បានសម្រេច​ឯកភាពគ្នា​ផ្អាក​ប្រយុទ្ធ​បណ្តោះអាសន្ន ដោយ​គ្មាន​ការដំឡើង​ពន្ធ​ថ្មី​ប្រឆាំង​គ្នា​ទៀតឡើយ ខណៈដែល​ភាគី​កំពុង​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ចុងក្រោយ​មួយ​។​
 
​យ៉ាងណាមិញ មួយថ្ងៃ​ក្រោយពី​ការសម្រេចចិត្ត​ផ្អាក​ដំឡើង​ពន្ធ​ប្រឆាំង​គ្នា​ទៅវិញទៅមក​នេះ លោក ដូ ណា​ល់ ត្រាំ បាន​បង្ហោះ​សារ​លើ​គណនី Twitter ផ្លូវការ​របស់ខ្លួន​ថា រដ្ឋាភិបាល​ចិន​បានសម្រេច​លុបចោល​ពន្ធ​ប្រឆាំង​រថយន្ត​អាមេរិក​ហើយ​។ លោក​សរសេរ​ដូច្នេះ​៖ «​ចិន​បាន​យល់ព្រម​កាត់បន្ថយ និង​លុបចោល​ពន្ធ​នាំចូល​លើ​រថយន្ត ដែល​នាំ​ចេញពី​អាមេរិក​ទៅកាន់​ចិន​។ បច្ចុប្បន្ន​ពន្ធ​នាំចូល​នេះ គឺ​ស្មើនឹង​៤០​ភាគរយ​»​។ 
 
 
​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​អាមេរិក​និង​ចិន​ធំធេង​ណាស់ ។ យោងតាម​របាយការណ៍​ការិយាល័យ​ស្ថិតិ​អាមេរិក កាលពី​ឆ្នាំ ២០១៧ អាមេរិក​បាន​នាំចូល​ទំនិញ​ដែលមាន​តម្លៃ​ប្រហែល ៥០៥​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ចិន ប៉ុន្តែ​ទំហំ​នៃ​ទំនិញ​នាំចូល​នេះ​កើនឡើង​រហូតដល់ ៩ ភាគរយ​ក្នុង​ឆ្នាំ ២០១៨ គិត​ត្រឹម​ខែកក្កដា​នេះ ដែល​ធ្វើ​ឲ្យ​មាន​អតុល្យភាព​ពាណិជ្ជកម្ម​ខ្លាំ​ង​។ ឱនភាព​ពាណិជ្ជ​កម្មនេះ​បូកផ្សំ​នឹង​ការបំពាន​កម្មសិទ្ធិបញ្ញា​នៅ​ចិន​ផង ធ្វើ​ឲ្យ​អាមេរិក​មិន​សប្បាយចិត្ត​សោះឡើយ​រហូត​ធ្វើ​ឲ្យ​លោក ត្រាំ ជ្រើស​រើសយក​សង្គ្រាម​ពាណិជ្ជកម្ម​បែបនេះ​ទៀត​។​
 
​សូម​រម្លឹក​ផងដែរ​ថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​ឆាបឆេះ​ជា​ផ្លូវ​ការចាប់​ពីថ្ងៃ ៦ ខែកក្កដា​នេះ ដោយ​អាមេរិក​ចាប់ផ្តើម​ដំឡើង​ពន្ធ ២៥ ភាគរយ​ជំហាន​ដំបូង​របស់​អាមេរិក​ប្រឆាំង​ទំនិញ​ចិន​ទំហំ ៥០ ពាន់​លាន​ដុល្លារ​អាមេរិក​។ ត​មកដល់​ខែកញ្ញា លោក ត្រាំ ក៏បាន​បញ្ជា​ឲ្យ​គេ​ដំឡើង​ពន្ធ ១០  ភាគរយ​លើ​ទំនិញ​ចិន​ផ្សេងទៀត​ដែលមាន​ទំហំ ២០០​ពាន់​លាន​ដុល្លារ​ទៀត​។​ចំណែក​ចិន​វិញ បានដាក់​ដំឡើង​ពន្ធ​ប្រឆាំង​ទំនិញ​អាមេរិក​មាន​ទំហំ ១១០ ពាន់​លាន​ដុល្លារ​ដែរ​ចាប់ពី​សង្គ្រាម​ផ្ទុះ​ឡើងមក​៕

Tag:
 សង្គ្រាម​ពាណិជ្ជកម្ម​
  ចិន​
  អាមេរិក​
  ដូ​ណា​ល់​ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com