ប្រធានអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាលោកស្រី ផូលីន ថាម៉េស៊ីស មានប្រសាសន៍ថា យុវជនកម្ពុជាតួនាទីសំខាន់ក្នុងការសម្រេចបាននូវសង្គមមួយដែលពោរពេញដោយនវានុវត្តន៍ឬការច្នៃប្រឌិតថ្មីដែលធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។ លោកស្រីផ្តល់អនុសាសន៍ថា ដើម្បីសម្រេចជោគជ័យ វាជារឿងចាំបាច់ដែលយុវជនត្រូវបន្តចង់ចេះចង់ដឹង, មានឆន្ទៈបន្តរៀនសូត្រពីអ្វីដែលថ្មី, ហ៊ានប្រថុយប្រថាន និងហ៊ានបរាជ័យ។ ដោយយកទ្រឹស្តីសហគ្រិនភាពជាសម្អាង លោកស្រី ផូលីន និយាយថា យុវជនទាំងអស់រួមទាំងនៅកម្ពុជា ត្រូវគិតថា «បរាជ័យកាន់តែរហ័ស» កាន់តែល្អ ដ្បិតថា វានឹងផ្តល់ជាបទពិសោធន៍ និងផ្តល់ឱកាសសំខាន់ឲ្យយុវជនទទួលបានគំនិតថ្មីដើម្បីឈានទៅសម្រេចជោគជ័យនៅពេលអនាគតផង។
ខាងក្រោមនេះជាបទសម្ភាសន៍ទាំងស្រុងរវាងនិពន្ធនាយករងសារព័ត៌មានថ្មីៗ (thmeythmey.com) ជាមួយប្រធានអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាលោកស្រី ផូលីន ថាម៉េស៊ីស៖
សៅ ផលនិស្ស័យ ៖ នវានុវត្តន៍ ឬការច្នៃប្រឌិតមានតួនាទីសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ខ្ញុំចង់សួរទៅលោកស្រីថា តើកម្ពុជាត្រូវធ្វើបែបណាខ្លះដើម្បីក្លាយជាសង្គមដែលពោរពេញដោយការច្នៃប្រឌិតថ្មីនេះ?
លោកស្រី ផូលីន ថាម៉េស៊ីស៖ នវានុវត្តន៍ ឬការច្នៃប្រឌិតថ្មីនេះជារឿងអាទិភាពសម្រាប់ខ្ញុំ។ នេះក៏ដោយសារខ្ញុំជាអ្នកដែលជឿជាក់ថា អ្វីដែលធ្វើឲ្យអង្គការសហប្រជាជាតិជោគជ័យកាលពីអតីតកាលនោះលែងនៅជា ដំណោះស្រាយដែលធ្វើឲ្យស្ថាប័ននេះជោគជ័យនៅពេលអនាគតទៀតហើយ។ ពិភពលោកកំពុងប្រែប្រួលរហ័សខ្លាំង ហើយអង្គការសហប្រជាជាតិចាំបាច់ត្រូវផ្លាស់ប្តូរដែរ។
ក្នុងស្ថាប័នអង្គការសហប្រជាជាតិ យើងមានវេទិកាភាពជាអ្នកដឹកនាំនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG Leadership Lab) ហើយចំណុចស្នូលរបស់វាគឺ ធានាឲ្យអង្គការសហប្រជាជាតិក្លាយជាស្ថាប័នសិក្សា។ យើងធ្វើបែបនេះដ្បិតថា កាលណាយើងឈប់សិក្សា ចំណុចទីមួយដែលយើងនឹងប្រឈមគឺ យើងនឹងលែងជាប់ទាក់ទងគ្នានឹងស្ថាប័នដែលយើងកំពុងបម្រើការងារទៀតហើយ។ ចំណុចទីពីរគឺ យើងនឹងលែងមានលទ្ធភាពឆ្លើយតប សម្របខ្លួន និងអភិវឌ្ឍខ្លួនទៅតាមការផ្លាស់ប្តូរនៃបរិស្ថានជុំវិញទៀតដែរ។ ដូច្នេះហើយ អ្វីដែលសំខាន់គឺ យើងចាំបាច់ត្រូវក្លាយខ្លួនជាស្ថាប័នសិក្សាដែលលើកស្ទួយនវានុវត្តន៍នេះ។
ខ្ញុំចង់មានន័យថា យើងបន្តសួរសំណួរជាច្រើន ហើយយើងមិនសន្មត់ជាមុនថា យើងចេះដឹងគ្រប់យ៉ាងទេ។ ពិភពលោកប្រែប្រួលរហ័សណាស់ ហើយប្រាកដណាស់ថា យើងមិនអាចដឹងគ្រប់យ៉ាងនោះទេ។ ក្នុងគោលការណ៍នៃ នវានុវត្តន៍ យើងត្រូវចាប់ផ្តើមដោយកំណត់យកប្រជាជនជាចំណុចស្នូល។ អ្នកដែលធ្លាប់មានបទពិសោធន៍ និងធ្លាប់ជួបបញ្ហាប្រឈមក្នុងការងារអភិវឌ្ឍដោយផ្ទាល់ ប្រាកដជាមានដំណោះស្រាយដើម្បីជម្នះបញ្ហាទាំងនេះ។ ត្រង់ចំណុចនេះ សំណួរដែលត្រូវចោទសួរគឺថា តើពួកគេធ្លាប់ត្រូវបានគេសាកសួរឬអត់ពីដំណោះស្រាយដែលពួកគេមាន ឬទទួលបានការផ្តល់ឱកាសមួយក្នុងការសហការរួមគ្នាដោយប្រើប្រាស់ដំណោះស្រាយចាំបាច់ណាមួយសម្រាប់ការអភិវឌ្ឍឬអត់នោះ។ ទាំងនេះ ជាអ្វីដែលខ្ញុំរៀនសូត្រពីការបំពេញការងារនៅបង់ក្លាដែស។
ចំណុចចម្បងដែលខ្ញុំបានរៀននោះផ្សេងទៀតគឺ ដើម្បីឲ្យស្ថាប័នយើងបន្តនៅពាក់ព័ន្ធសកម្មភាពដែលយើងកំពុងធ្វើ យើងត្រូវរៀនសូត្រពីកំហុសឆ្គងដែលធ្លាប់មាន និងស្វែងយល់បន្ថែមពីអ្វីដែលយើងអាចធ្វើបានប្រសើរជាងនេះ។ ពិតហើយ យើងត្រូវយកចិត្តទុកដាក់លើការប្រឹងប្រែងផង និងផ្តោតលើមនុស្សនៅជុំវិញផង។ ជាធម្មតា មនុស្សដែលយើងធ្វើការងារជាមួយតែងតែមានដំណោះស្រាយជានិច្ច។
ខ្ញុំគិតថា វាចាំបាច់ត្រូវបន្តងឿងឆ្ងល់ រក្សាឲ្យបាននូវឆន្ទៈចង់រៀនសូត្របន្ថែម និងបន្តកំណត់យកមនុស្សនៅជុំវិញជាចំណុចស្នូល ទោះបីជាយើងធ្វើអ្វីការងារអ្វីក៏ដោយ។ នេះជាចំណុចដំបូងដែលខ្ញុំគិតថាជារឿងល្អ។ ប្រសិនជាអ្នកមានផ្នត់គំនិតបែបនេះ និង មានឆន្ទៈក្នុងការផ្លាស់ប្តូរ អ្នកនឹងបើកទ្វារឲ្យខ្លួនឯងមានលទ្ធភាពមួយដែលអាចធ្វើទៅរួច។ ចំណុចនេះគឺ វាដូចគ្នាទៅនឹង ការពិចារណាធ្វើរឿងអ្វីមួយដែលយើងមិនដែលធ្លាប់គិតពីមុនមកដែរ។
គោលការណ៍នៃនវានុវត្តន៍ គឺផ្តោតសំខាន់លើឆន្ទៈដែលហ៊ានប្រថុយប្រថាន និងឆន្ទៈក្នុងការបន្តសួរសំណួរខ្លួនឯង។ សំណួរល្អបំផុតដែលគេបានប្រាប់ខ្ញុំនោះគឺ «ប្រសិនបើ»។ នៅពេលដែលយើងសាកសួរខ្លួនឯងនូវសំណួរ «ប្រសិនបើ»នេះជានិច្ច យើងនឹងអាចបើកទ្វារឲ្យខ្លួនឯងស្វែងរកលទ្ធភាពផ្សេងទៀតដែលអាចធ្វើមួយទៅដោយជោគជ័យ។ ប្រាកដណាស់ វាទាក់ទិននឹងផ្នត់គំនិត និងការផ្លាស់ប្តូរឥរិយាបថក្នុងការស្វែងរកដំណោះស្រាយដែលយើងមិនធ្លាប់គិតដល់ពីមុន និងចោទជាសំណួរចំពោះអ្វីដែលយើងធ្លាប់សន្មត់ផងដែរ។ បើសិនជាយើងនាំយកវប្បធម៌បែបនេះមកប្រើប្រាស់បាន ជាពិសេសនាំការផ្លាស់ប្តូរផ្នត់គំនិតនេះទៅដល់រាល់ដៃគូទាំងអស់ទាំងរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងវិស័យឯកជននោះ យើងស្រមៃមើល ថាតើយើងនឹងអាចសម្រេចបានអ្វីខ្លះកិច្ចការអ្វីផ្សេងទៀត ដែលលើសពីអ្វីដែលយើងធ្លាប់ដឹងកន្លងមកនោះ?
សៅ ផលនិស្ស័យ៖ ត្រឡប់ទៅកាន់
បទវិចារណកថារបស់លោកស្រី ដែលបានបោះពុម្ពផ្សាយកាលពីខែតុលាកន្លងមកនេះវិញ។ ខ្ញុំឃើញលោកស្រី លើកឡើងពីការ«ផ្តល់ឱកាសឲ្យយុវជនដឹកនាំ»។ តើលោកស្រីអាចជួយពន្យល់បន្ថែមបន្តិចបានទេពីចំណុចនេះ?
លោកស្រី ផូលីន ថាម៉េស៊ីស៖ ចំណុចដំបូងគេ គឺយើងត្រូវវិនិយោគលើយុវជន និងផ្លាស់ប្តូរខ្លួនយើង។ នេះជាអ្វីដែលខ្ញុំចាប់ផ្តើមនៅក្នុងស្ថាប័នអង្គការសហប្រជាជាតិដើម្បីជំរុញការផ្លាស់ប្តូរ។ ក្នុងស្ថាប័នយើង យើងមិនដែលធ្វើអ្វីដោយពឹងផ្អែកតែលើអ្នកជំនាញ និង ដំណោះស្រាយដែលបានពីពួកគេរហូតនោះទេ។
ដូច្នេះ អ្វីដែលយើងធ្វើដំបូងគេ គឺចាប់ផ្តើមសាកសួរយុវជនថា «តើអ្វីដែលអ្នករំពឹងចង់បានពីអង្គការសហប្រជាជាតិ?», «តើយើងអាចជួយអ្នកដោយរបៀបណា?» ,«រដ្ឋាភិបាលរបស់អ្នកត្រូវធ្វើយ៉ាងណាដើម្បីអាចបម្រើ និងគាំទ្រអ្នកឲ្យបានប្រសើរជាងមុន?», ចុះសង្គមស៊ីវិលអាចជួយគាំទ្រអ្នកបានដោយរបៀបណាខ្លះ?» ។ ដើម្បីសម្រេចបែបនេះបាន យើងត្រូវចេញទៅក្រៅ និងធ្វើខ្លួនឲ្យកាន់តែសកម្មក្នុងការភ្ជាប់ទំនាក់ទំនងជាមួយយុវជន ដ្បិតថាយើងនឹងមានលទ្ធភាពសួរសំណួរ និងស្វែងរកចម្លើយពីប្រជាជនដែលមានវ័យក្មេងទាំងនោះហើយ។ ចំណុចទាំងនេះហើយដែលខ្ញុំចាត់ទុកជាភាពជាអ្នកដឹកនាំ។ នេះក៏ព្រោះថា ពួកគេមិនអាចមានលទ្ធភាពដឹកនាំឡើយ បើសិនជាពួកគេមិនទទួលបានចន្លោះទំនេរ ឬទទួលបានការវិនិយោគជាពិសេសលើការអប់រំ និងការកសាងជំនាញដែលអនុញ្ញាតឲ្យពួកគេអាចគិតគូរពីខ្លួនឯងក្នុងពេលអនាគតបាន។
ក្នុងអត្ថបទវិចាណកថារបស់ខ្ញុំ ខ្ញុំបានជជែកពីការវិនិយោគលើការអប់រំ និងការកសាងជំនាញ។ ត្រង់ជំនាញនេះ គឺផ្តោតសំខាន់លើជំនាញទន់ដែលវាទាក់ទងនឹងការគិតគូរពិចារណាបានស៊ីជម្រៅ។ ប្រសិនពួកគេមិនអាចក្រឡេកទៅមើលបញ្ហា និងកំណត់ទិសដៅខ្លួនឯងបានទេ នោះមានន័យថា យើងក៏មិនជួយក្មេងជំនាន់ក្រោយទេ។
ដូច្នេះហើយ យើងត្រូវវិនិយោគដើម្បីបង្កើតបរិយាកាសមួយដែលអនុញ្ញាតឲ្យ ពួកគេអាចដឹកនាំបាន និងជួយឲ្យពួកគេហ៊ានប្រថុយប្រធាន។ យើងត្រូវជួយឲ្យពួកគេយល់ថា ការបរាជ័យមិនមែនជារឿងអាក្រក់ឡើយ។ ខ្ញុំមានទិន្ន័យទាក់ទិននឹងការបរាជ័យនេះដែរ។
នៅសហរដ្ឋអាមេរិកវិញ អាជីវកម្មថ្មីថ្មោងប្រហែល ៩០ភាគរយបរាជ័យ។ បើសិនជាយើងចង់បណ្តុះភាពជាសហគ្រិន និងជំរុញឲ្យពួកគេមានផ្នត់គំនិតជាសហគ្រិន យើងត្រូវជួយឲ្យពួកគេមានលទ្ធភាពដឹកនាំ និងបង្រៀនពួកគេឲ្យចេះបរាជ័យ។ ក្នុងការគិតបែបច្នៃប្រឌិត គេនិយាយច្បាស់ថា «ត្រូវបរាជ័យឲ្យបានឆាប់» ព្រោះថា កាលណាបើយើងឆាប់បរាជ័យ យើងនឹងអាចមានគំនិតថ្មីទៀត ហើយយើងនឹងស្ថិតនៅលើផ្លូវមួយដែលអាចនឹងឈានទៅភាពជោគជ័យបាន។ យើងនឹងរៀនសូត្រពីភាពបរាជ័យ ហ៊ានប្រថុយប្រថាន និងអាចវាយតម្លៃបានពីហានិភ័យទាំងនោះ រួមទាំងអាចបន្ថយហានិភ័យទាំងនោះបានផងដែរ។ នេះជាអ្វីដែលខ្ញុំចង់មានន័យ ដោយលើកឡើងថា «អនុញ្ញាតឲ្យក្មេងៗដឹកនាំ»។
ពួកគេនឹងអាចគ្រប់គ្រងជោគវាសនា និងជីវិតរបស់ខ្លួនបាន ហើយយើងនៅទីនេះដើម្បីជួយគាំទ្រ និងជួយបង្កើតបរិស្ថានមួយដែលអនុញ្ញាតឲ្យពួកគេអាចក្លាយខ្លួនជាអ្នកគិតគូរពិចារណាហ្មត់ចត់ មានភាពអត់ធន់ និងអាចដឹកនាំបានដែរ។
សៅ ផលនិស្ស័យ៖ និយាយដល់រឿងយុវជន ខ្ញុំសង្កេតឃើញថា វានៅមានគម្លាតច្រើនរវាងយុវជននៅទីក្រុង និងជនបទ។ តើលោកស្រីយល់ឃើញបែបណាចំពោះស្ថានភាពគម្លាតរវាងយុវជនកម្ពុជានៅទីក្រុងនិងយុវជននៅជនបទបច្ចុប្បន្ន?
លោកស្រី ផូលីន ថាម៉េស៊ីស៖ ដំបូងគេ យើងចាប់ផ្តើមជាមួយការងាររបស់អង្គការសហប្រជាជាតិ ដែលសំដៅដល់ការព្យាយាមស្វែងយល់ពីភាពខុសគ្នារវាងយុវជននៅតាមជនបទ និងទីក្រុង។ យើងចាំបាច់ត្រូវយល់ថា តើពួកគេទាំងនោះជាអ្នកណា? យើងមិនសន្មត់ថាយើងស្គាល់ពួកគេច្បាស់ ឬដឹងពីតម្រូវការរបស់ពួកគេច្បាស់ឡើយទាំងយុវជននៅទីក្រុង និងនៅតាមទីជនបទ។
ចំណុចបន្ទាប់ រឿងដែលយើងកំពុងធ្វើក្នុងនាមជាស្ថាប័នអង្គការសហប្រជាជាតិ គឺ ជួបសំណេះសំណាល និងភ្ជាប់ទំនាក់ទំនងជាមួយយុវជនទាំងនោះ។ ដូចឃើញស្រាប់ហើយនៅទិវាអង្គការសហប្រជាជាតិឆ្នាំ ២០១៨ ពេលដែលយើងប្រារព្ធនៅ Factory Phnom Penh ដោយយើងបានកំណត់គោលដៅច្បាស់លាស់លើយុវជនដែលជាសិស្សវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យ។ កម្មវិធីយើងមានយុវជនចូលរួមយ៉ាងហោចណាស់មួយពាន់នាក់។ យើងចង់សាទរចំពោះគំនិតយោបល់ និងគំនិតច្នៃប្រឌិតច្រើនប្រភេទដែលអង្គការសហប្រជាជាតិបានទទួល ហើយយើងក៏ចង់ចែករម្លែកវា និងអនុញ្ញាតឲ្យយុវជនកម្ពុជាបានដឹងថា ការងារអ្វីខ្លះដែលយើងកំពុងធ្វើដែរ។ មួយទៀត យើងក៏ចង់លឺមតិយោបល់ពីក្រុមយុវជនទាំងនោះដូចគ្នា។
ក្នុងកម្មវិធីរបស់យើង វាមានកិច្ចពិភាក្សាគ្នាច្រើន ដែលរួមមានទាំងការផ្តោតយកចិត្តទុកដាក់លើរបៀបដែលយុវជនកម្ពុជាចាប់ផ្តើមផ្លាស់ប្តូរសហគមន៍ និងបរិស្ថាននៅជុំវិញ។ នេះបញ្ជាក់ថា យើងមានក្រុមអ្នកផ្លាស់ប្តូរវ័យក្មេងដែលចេញមុខសម្តែងមតិយោបល់។ យើងដឹងថា យើងចាំបាច់ត្រូវពង្រីកការងារបន្ថែមទៀត។ យើងត្រូវចេញទៅតំបន់នានាដែលនៅក្រៅពីរាជធានីភ្នំពេញ និងភ្ជាប់ទំនាក់ទំនងជាមួយយុវជនដទៃទៀតឲ្យបានច្រើន។ យើងអាចធ្វើបានប្រសើរជាងនេះ។
តាមពិតទៅខ្ញុំមិនដឹងថា យុវជននៅតាមជនបទត្រូវការអ្វីខ្លះឡើយ។ យើងត្រូវចេញទៅក្រៅ យើងត្រូវប្រើប្រាស់ភាពជាដៃគូក្នុងកម្មវិធីរបស់យើងដើម្បីស្វែងយល់បន្ថែម។ បច្ចុប្បន្ន យើងកំពុងកែលម្អក្រុមប្រឹក្សាយុវជនដើម្បីជួយឲ្យក្រុមយុវជនដែលយើងត្រូវធ្វើការជាមួយនោះកាន់តែមានភាពតំណាង (representative) ច្រើនជាងមុន។ បន្ថែមពីនេះ យើងក៏កំពុងផ្លាស់ប្តូរទម្រង់នៃក្រុមប្រឹក្សាយុវជនរបស់អង្គការសហប្រជាជាតិដែរ។
យើងមិនចង់ឲ្យពួកគេស្ថិតនៅដោយឡែកឡើយ។ ផ្ទុយទៅវិញ យើងចង់ឲ្យពួកគេស្ថិតនៅជាចំណុចស្នូលនៃកម្មវិធីរបស់អង្គការសហប្រជាជាតិតែម្តង។ យើងកំពុងធ្វើការងារជាមួយមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA)ដែលជាទីភ្នាក់ងារមួយស្ថិតក្នុងចំណោមទីភ្នាក់ងារដែលនាំមុខគេរបស់អង្គការសហប្រជាជាតិដែលទទួលបន្ទុកក្រុមការងារយុវជន កំពុងតែចាត់ចែងយុទ្ធសាស្ត្រយុវជនស្ថិតក្រោមគោលការណ៍អភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ផងដែរ។ ស្ថាប័ននេះធ្វើការងារលើសន្ទស្សន៍អភិវឌ្ឍន៍យុវជន (Youth Development Index) ដែលកំណត់ផ្នែកសំខាន់ៗដែលយុវជនចង់បានការវិនិយោគបន្ថែម។ ក្នុងនោះមានវិស័យសុខាភិបាល, អប់រំ, ឱកាសក្នុងផ្នែកសេដ្ឋកិច្ច និងស្តង់ដាការងារជាដើម។
យើងចាប់ផ្តើមមានទិន្ន័យកាន់តែច្រើនជាងមុនហើយដើម្បីតាមដានពីការរីកចម្រើននៃវិស័យទាំងនេះ និងតាមដានការវិនិយោគរបស់រដ្ឋាភិបាលលើយុវជនផងដែរ។ ការងារច្រើនណាស់ដែលយើងត្រូវធ្វើ ហើយយើងក៏ចាំបាច់ត្រូវដឹងពីតម្រូវការ និងគោលដៅរបស់យុវជនទាំងនៅភ្នំពេញ និងនៅតាមបណ្តាខេត្តដូចគ្នា។
សៅ ផលនិស្ស័យ៖ នៅកម្ពុជា យើងឃើញមានទីភ្នាក់ងារសហប្រជាជាតិដើម្បីសមភាពយេនឌ័រ (UN Women)។ តើការងាររបស់ទីភ្នាក់ងារនេះមានឥទ្ធិពលយ៉ាងណា? ហើយយើងអាចធ្វើអ្វីបានទៀតដើម្បីលើកស្ទួយស្ត្រី?
លោកស្រី ផូលីន ថាម៉េស៊ីស៖ ថ្វីបើទីភ្នាក់ងារសហប្រជាជាតិដើម្បីសមភាពយេនឌ័រ ហៅកាត់ថា UN Women ជាសមាជិកក្មេងជាងគេក្នុងគ្រួសារអង្គការសហប្រជាជាតិក្តី ការងារដែលស្ថាប័ននេះបានធ្វើរួមជាមួយរដ្ឋាភិបាលពោលគឺ ក្រសួងការកិច្ចការនារី គឺជារឿងគួរជំរុញលើកទឹកចិត្ត។ ភាពបើកចំហ និងការប្តេជ្ញាចិត្តដែលរាជរដ្ឋាភិបាលកម្ពុជាផ្តល់ឲ្យទាំងក្នុងផ្នែកគោលនយោបាយ ក្របខណ្ឌច្បាប់ និងការគាំទ្រសម្រាប់សមភាពយ៉េនឌ័រ និងបង្កើនអំណាចស្ត្រីគឺជារឿងគួរឲ្យស្ងើចសរសើរមួយ។ វាមានការអភិវឌ្ឍរហ័សណាស់ខាងផ្នែកសង្គម និងសេដ្ឋកិច្ចដែលមានឥទ្ធិពលលើទាំងបុរសនិងស្ត្រី។
វាក៏មានភាពជឿនលឿនទៅមុខគួរឲ្យកត់សម្គាល់ដែរទាក់ទិននឹងការចោទជាសំណួរ និងប្រជែងជាគំនិតជាមួយនឹងច្បាប់ទម្លាប់ដែលធ្វើឲ្យអន់ថយផ្នែកសមភាពយ៉េនឌ័រ និងការផ្តល់អំណាចដល់ស្ត្រីនៅកម្ពុជាផងដែរ។ នេះហើយ ជាផ្នែកមួយដែលផ្តល់ឱកាសឲ្យយើងអាចសហការគ្នាបាន។ ជារួម យើងបានឃើញពីការបើកចំហរបស់រដ្ឋាភិបាលក្នុងការស្វែងរកវិធីសាស្ត្រជំរុញសមភាពយ៉េនឌ័រ។
ក្នុងនាមជាអង្គការសហប្រជាជាតិ យើងអាចធ្វើការងារផ្សេងទៀតដើម្បីជួយផ្នែកនេះបន្ថែមទៀត។ យើងទាំងអស់គ្នាមានអំណាចមួយក្នុងការផ្លាស់ប្តូរ ហើយការផ្លាស់ប្តូរទាំងនោះចាប់ផ្តើមពីយើងទាំងអស់គ្នាដែរ។ ដើម្បីជំរុញឲ្យវាកើតឡើងបាន យើងត្រូវក្លាយខ្លួនជា«ភ្នាក់ងារនៃការផ្លាស់ប្តូរ» ហើយយើងព្យាយាមធានាឲ្យមាននូវសមភាពយ៉េនឌ័រជាទូទៅ និងការផ្តល់អំណាចដល់ស្ត្រីនៅក្នុងរាល់ភ្នាក់ងាររបស់អង្គការសហប្រជាជាតិរបស់យើង។ យើងនឹងទទួលខុសត្រូវចំពោះបញ្ហានេះ និងកំណត់រង្វាស់លើវិធីសាស្ត្រដើម្បីសម្រេចវាឲ្យបានដែរ។ ដូចឃើញហើយ យើងជ្រើសរើសស្ត្រីឲ្យកាន់តែច្រើនបន្ថែមទៀត និងផ្តល់ឱកាសកាន់តែច្រើនដល់ពួកគេដើម្បីឲ្យពួកគេមានកន្លែងទំនេរដើម្បីបំពេញការងារ និងការលើកទឹកចិត្ត។
ដូច្នេះហើយ យើងចាំបាច់ត្រូវសម្រេចឲ្យបាននូវការផ្លាស់ប្តូរដែលយើងចង់ឃើញ ហើយយើងមានទំនុកចិត្តចំពោះការប្តេជ្ញាចិត្តពីខាងក្រសួងកិច្ចការនារី។ ប៉ុន្តែវាមានកិច្ចការច្រើនទៀតដែលត្រូវធ្វើ។
ឧទាហរណ៍ជាក់ស្តែង យើងកំពុងធ្វើការងារជាមួយក្រសួងកិច្ចការនារីផ្តោតលើការវាយតម្លៃបញ្ហាយ៉េនឌ័រ។ វានឹងជួយផ្តល់ព័ត៌មានបន្ថែម និងទិន្នន័យនានាជុំវិញគម្លាតដែលមាន និងផ្នែកដទៃទៀតដែលយើងត្រូវវិនិយោគ ក៏ដូចជាសហការជាមួយរដ្ឋាភិបាលដើម្បីដោះស្រាយ។ វាទាក់ទងនឹងការបែងចែកធនធាន និងកំណត់គោលនយោបាលដែលជំរុញឲ្យស្ត្រីចូលរួមកាន់តែប្រសើរ និងផ្តល់ឱកាសដល់ពួកគេចូលរួមក្នុងផ្នែកអប់រំ និងការងារជាដើម។ វាជាការវាយតម្លៃមួយដែលគ្រប់ជ្រុងជ្រោយ បើយើងនិយាយពីការរួមចំណែករបស់ស្ត្រីក្នុងការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា។ ដូច្នេះហើយ យើងអាចពង្រីកការរួមចំណែកទាំងនេះបន្ថែមទៀត និងឈានទៅទទួលប្រយោជន៍ពីការវិនិយោគលើសមភាពយ៉េនឌ័រផងដែរ៕