ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រោយ​ផ្ទុះ​ទំនាស់​ក្នុង​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បានស្នើ​ឲ្យ​រួមគ្នា​ជា​ធ្លុង​មួយ
04, Dec 2018 , 10:52 am        
រូបភាព
លោក សម រង្ស៊ី ថ្លែងសារក្នុងពិធីបិទសន្និសីទនៅអាមេរិក ក្រោយលោក ត្រូវបានស្នើឲ្យឡើងកាន់តំណែងជាប្រធានស្តីទីនៃអតីតគណបក្សសង្គ្រោះជាតិ។ រូបពីទំព័រហ្វេសប៊ុករបស់លោក លោក សម រង្ស៊ី
លោក សម រង្ស៊ី ថ្លែងសារក្នុងពិធីបិទសន្និសីទនៅអាមេរិក ក្រោយលោក ត្រូវបានស្នើឲ្យឡើងកាន់តំណែងជាប្រធានស្តីទីនៃអតីតគណបក្សសង្គ្រោះជាតិ។ រូបពីទំព័រហ្វេសប៊ុករបស់លោក លោក សម រង្ស៊ី
ដោយ: ថ្មីៗ
​លោក សម រង្ស៊ី ហាក់​ខ្លាច​ថ្នាក់ដឹកនាំ​និង​អ្នកគាំទ្រ​បែកបាក់​គ្នា ក្រោយពី​លោក ទទួលយក​តំណែង​ជា​ប្រធានស្តីទី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ ដែលមាន​រយៈពេល​ជាង​២​នាទី ដើម្បី​ប្រាប់​ថ្នាក់ដឹកនាំ​និង​អ្នក​ទាំ​ទ្រ កុំ​ឲ្យ​ប្រទូស​ស​រ៉ា​យ​ដាក់គ្នា​។


 
​តាមរយៈ​វីដេអូ​ឃ្លី​ប​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដែល​បង្ហោះ​ចេញ​ទីក្រុង​អា​ត្ល​ង់​តា រដ្ឋ​ច​ចា សហរដ្ឋអាមេរិក លោក សម រង្ស៊ី ព្យាយាម​ពន្យល់​ពី​យុទ្ធសាស្ត្រ​របស់លោក ទៅកាន់​ថ្នាក់ដឹកនាំ​និង​អ្នកគាំទ្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក លើកឡើង​ជាថ្មី​ថា អ្វីដែល​លោក​ធ្វើ​ពេលនេះ គឺជា​រៀបចំ​យុទ្ធសាស្ត្រ និង​កំណត់​គោលដៅ​ច្បាស់លាស់ ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើងវិញ ហើយ​លោក កឹម សុខា នឹង​អាច​ទទួលបាន​សិទ្ធិសេរីភាព​ពេញលេញ​។ 
 
​លោក សម រង្ស៊ី បាន​បន្ថែមថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវតែ​រក​ដំណោះស្រាយ ដោយ​មិនអាច​បន្ត​ទុក​ឲ្យ​នៅជាប់​គាំង​បែបនេះ​នោះទេ​។ លោក បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​យើង​ត្រូវ​កំណត់​យុទ្ធសាស្ត្រ​និង​យុទ្ធវិធី ដើម្បី​ធ្វើ​សេចក្តី​សមស្រប​ឲ្យ​ទាន់ពេលវេលា​។ យើង នឹង​ចាត់ចែង​ការងារ ដែល​ត្រូវតែ​បំពេញ​ក្នុងពេល​ប៉ុន្មាន​ខែ​ខាង​មុននេះ ដើម្បី​រំដោះប្រទេស​យើង​ឲ្យ​ទាល់តែ​បាន​»​។ 
 
​បន្ទាប់ពី​បកស្រាយ​ពី​យុទ្ធសាស្ត្រ​រួចហើយ លោក សម រង្ស៊ី ដែល​ទើបនឹង​ត្រូវ​បានស្នើ​ឲ្យ​ឡើងកាន់តំណែង​ជា​ប្រធានស្តីទី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក៏​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​និង​អ្នកគាំទ្រ ជឿជាក់​លើ​រូបលោក និង លោក កឹម សុខា ហើយ​ត្រូវ​ចៀសវាង​ការបែកបាក់​គ្នា​។ លោក អំពាវនាវ​យ៉ាង​ដូច្នេះ​ថា​៖«​យើង​ត្រូវតែ​រួម​កម្លាំង​គ្នា​ជា​ធ្លុង​មួយ ហើយ​ត្រូវ​រក្សា​ជំហរ​ឲ្យ​ច្បាស់​ថា កឹម សុខា និង សម រង្ស៊ី ជា​មនុស្ស​តែមួយ បេះដូង​តែមួយ គោលបំណង​តែមួយ​។ កុំ​ចាញ់​ការឃោសនា ដែលថា​គណបក្ស​សង្គ្រោះ​ជាតិ បែកបាក់​គ្នា គឺ​អត់​ទេ​។ យើង យល់ឲ្យច្បាស់​ថា​ទាល់តែ​យើង​រួបរួមគ្នា​រឹងមាំ ទើប​យើង​ជោគជ័យ​...»។

​ 

សារ​របស់លោក សម រង្ស៊ី នាពេលនេះ គឺ​ធ្វើ​ឡើយ​ក្រោយពី​មានការ​ខ្វែងគំនិត​គ្នា​ក្នុង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ អ្នក ដែល​គាំទ្រ​លោក បានបង្ហាញ​ការពេញចិត្ត​ចំពោះ​ការផ្តល់​តំណែង​ជា​ប្រធានស្តីទី​ទៅ​ឲ្យ​លោក ដោយ​ពួកគេ​យល់ថា លោក កឹម សុខា ដែលជា​ប្រធាន កំពុងស្ថិត​ក្នុង​គំនាប ហើយ​ពុំមាន​សេរីភាព​ក្នុងការ​បំពេញការងារ​ឡើយ​។ 
 
​ប៉ុន្តែ​អ្នក​ដែល​ឈរ​ខាង​លោក កឹម សុខា បាន​បន្ទោ​សលោក សម រង្ស៊ី​ថា ការធ្វើ​បែបនេះ គឺជា​មូល​ហេតុដែល​នាំ​ឲ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បែប​បាក់​គ្នា​។ អ្នកខ្លះ រិះគន់​លោក សម រង្ស៊ី ថា បាន​ដណ្តើម​តំណែង​ពី​លោក កឹម សុខា​។ 
 
​មន្ត្រី​ដែល​គាំទ្រ​លោក កឹម សុខា បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ក្នុងនាម​ជា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ប្រកាស​មិន​ទទួលស្គាល់​ការសម្រេច​ឲ្យ​លោក សម រង្ស៊ី ឡើង​ធ្វើជា​ប្រធានស្តីទី​។ សេចក្តីថ្លែងការណ៍​នោះ បញ្ជាក់ថា ការសម្រេច​នេះ គឺ​ខុស​នឹង​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​៕ 
 

Tag:
 សម រង្ស៊ី​
  កឹម សុខា​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com