ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ប្រាប់​មេដឹកនាំ​វៀតណាម​ផ្ទាល់មាត់​ថា «​កម្ពុជា គ្មាន​កងទ័ព​ចិន​ទេ​»
07, Dec 2018 , 4:45 pm        
រូបភាព
ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា និង នាយករដ្ឋមន្រ្តីវៀតណាម នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម
ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា និង នាយករដ្ឋមន្រ្តីវៀតណាម នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម
ដោយ: ថ្មីៗ
​ទោះជា​ធ្លាប់​ប្រកាស​ជា​សាធារណៈ​ពីរ​-​បី​ដង​រួចមកហើយ​ក្តី​ថា កងទ័ពជើងទឹក​រប​ស់​ចិន​ពុំ​បានមក​តាំង​មូលដ្ឋាន​នៅ​កម្ពុជា ដូច​ការចុះផ្សាយ​របស់​សារព័ត៌មាន​បរទេស​នោះទេ ក៏​សម្តេច ហ៊ុន សែន នៅតែ​ឆ្លៀត​បញ្ជាក់​រឿងនេះ​ម្តងទៀត ទៅកាន់​មេដឹកនាំ​វៀតណាម ក្នុងឱកាស​ដែល​ភាគី​ទាំងពីរ បាន​ជួបគ្នា នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នា​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨​។​


 
​ក្នុង​សន្និសីទកាសែត ដែល​ធ្វើឡើង​រួមគ្នា​ជាមួយ​លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម នៅក្រោយ​ជំនួប សម្តេច ហ៊ុន សែន បាន​អះអាងថា ព័ត៌មាន​និង​ការឃោសនា​អកុសល​នេះ អាច​ក្លាយជា​កង្វល់​ដល់​ប្រទេសជិតខាង​និង​ប្រទេស​ក្នុង​តំបន់ ប្រសិនបើ​វា នៅតែ​បន្តទៅទៀត​។ ឈរ​ទន្ទឹម​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម នៅ​ចំពោះមុខ​អ្នកកាសែត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​បែបនេះ​ថា​៖«​ខ្ញុំ សង្ឃឹមថា ពាក្យ​ចចាមអារ៉ាម​នេះ នឹងត្រូវ​បញ្ចប់​។ [​ក្នុងជំនួប​] អម្បាញ់មិញ ឯកឧត្តម ង្វៀន សួន​ហ្វ៊ុ​ក បាន​អរគុណ​ខ្ញុំ ដែល​ខ្ញុំ​បានផ្តល់​ជូន​គាត់ អំពី​ព័ត៌មាន​ខាងលើនេះ​»​។ 
 
​ក្នុងជំនួប​រវាង​អ្នក​ទាំងពីរ មាន​ឯកសារ​៦ ដែល​ត្រូវបាន​ចុះហត្ថលេខា គឺ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​យុទ្ធ​សហប្រតិបត្តិការ​លើ​វិស័យ​ដឹកជញ្ជូន​សម្រាប់​រយៈពេល​៧​ឆ្នាំ ពី​ឆ្នាំ​២០១៨-២០២៥, វិសោធនកម្ម​ពិធីសារ​ឆ្នាំ​២០០៥ សម្រាប់​ការអនុវត្ត​កិច្ចព្រមព្រៀង​នៃ​ការដឹកជញ្ជូន​តាមផ្លូវ​គោក​ឆ្នាំ​១៩៩៨, វិសោធនកម្ម កិច្ចព្រមព្រៀង​ស្តីពី​ការដឹកជញ្ជូន​ផ្លូវទឹក​ឆ្នាំ​២០០៩, កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តាម​ព្រំដែន​កម្ពុជា​-​វៀតណាម​, កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ​កម្ម​ទ្វេភាគី​កម្ពុជា​-​វៀតណាម​សម្រាប់​ឆ្នាំ​២០១៨-២០១៩ ស្តីពី​ការអនុគ្រោះ​លើ​ពន្ធ​បន្ទាត់​ពន្ធគយ​ឲ្យ​គ្នា​ទៅវិញទៅមក​, និង កិច្ចព្រមព្រៀង​ស្តីពី​ការទប់ស្កាត់​ការជួញដូរ ការជីក​កកាយ​ដោយ​ខុសច្បាប់ និង​ការនាំ​ត្រឡប់មកវិញ​នូវ​សម្បត្តិ​បេតិកភណ្ឌ​នៃ​ប្រទេស​ទាំងពីរ​។  
​គណៈប្រតិភូ​កម្ពុជា នឹង​បញ្ចប់​ទស្សនកិច្ច​នៅ​វៀតណាម នៅ​ថ្ងៃទី​៨ ខែធ្នូ​។ 
 
​ជំវិញ​ព័ត៌មាន​ដែល​ចុះផ្សាយ​ថា មាន​កងទ័ពជើងទឹក​របស់​ចិន មក​តាំង​មូលដ្ឋាន នៅ​កម្ពុជា គឺ​ចាប់ផ្តើម​ផ្ទុះឡើង កាលពី​ប៉ុន្មាន​សប្តាហ៍​មុន ក្រោយពី​កាសែត​បរទេស បាន​ចុះផ្សាយ​។ បន្ទាប់មក ព័ត៌មាន​នេះ ក៏​សាយភាយ ទៅដល់​មេដឹកនាំ​អាមេរិក ដែល​ជំរុញ​ឲ្យ​លោក ម៉ៃ ផេ​ន អនុ​ប្រធានាធិបតី​អាមេរិក សរសេរ​លិខិត​មក​សួរ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​។ 
 
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏បាន​សរសេរ​លិខិត​ឆ្លើយតប​ទៅវិញ ដោយ​បកស្រាយ​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា ពុំ​អនុញ្ញាត​ឲ្យ​មាន​កម្លាំង​បរទេស មក​តាំង​មូលដ្ឋាន​លើទឹក​ដី​កម្ពុជា​ឡើយ ហើយ​ព័ត៌មាន​ដែល​ចុះផ្សាយ​នោះ គឺជា​ព័ត៌មាន​មិន​ពិត​៕ 
 

Tag:
 ​ហ៊ុន សែន​
  កម្ពុជា​-​វៀតណាម​
  ទ័ព​ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com