ជាតិ
សង្គមជាតិ
បើ​ធ្វើ​ការងារ​ស្ម័គ្រចិត្ត ត្រូវ​ឲ្យ​ចំ​ជំនាញ ទើប​និស្សិត អាច​បង្កើន​សមត្ថភាព​និង​ជួយ​សង្គម​បាន​ច្រើន​
09, Dec 2018 , 7:59 am        
រូបភាព
រូបភាពអ្ន​ក​ស្ម័គ្រ​ចិត្ត
រូបភាពអ្ន​ក​ស្ម័គ្រ​ចិត្ត
ដោយ:
​ភ្នំពេញ​៖ ក្នុងអំឡុងពេល​សិក្សា​នៅតាម​សាកលវិទ្យាល័យ​នានា និស្សិត​គ្រប់រូប គួរ​សង្វាត​ធ្វើ​កិច្ចការងារ​ស្ម័គ្រចិត្ត​ឲ្យ​បាន​ច្រើន ជាពិសេស​ពួកគេ ត្រូវតែ​ជ្រើសរើស​ការងារ​ស្ម័គ្រចិត្ត​ណា​ដែល​ត្រូវ​នឹង​ជំនាញ​របស់​ពួកគេ ដើម្បី​ទុកជា​ទុន សម្រាប់​អនុវត្ត​ការងារ​ដែល​ពួកគេ​ពេញចិត្ត ដើម្បី​ជួយ​អភិវឌ្ឍ​សង្គម​។ 


 
​ថ្លែង​នៅក្នុង​វេទិកា​ថ្នាក់ជាតិ​លើក​ទី​៨ ស្តីពី​ការងារ​ស្ម័គ្រចិត្ត​ដើម្បី​អភិវឌ្ឍ​សហគមន៍ នៅ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨ លោក តាំង សុ​ផា​ណា​រ័ត្ន ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​មជ្ឈមណ្ឌល​យុវជន បាន​លើកឡើងថា យុវជន​ដែល​ធ្វើការ​ស្ម័គ្រចិត្ត​ទាំងអស់ តាមរយៈ​អង្គការក្រៅរដ្ឋាភិបាល ឬ​អង្គការ​នានា ដែល​ពាក់ព័ន្ធ​នឹង​ការងារ​ស្ម័គ្រចិត្ត គឺ​ផ្តល់​ឲ្យ​យុវជន​មាន​ភាពរឹងមាំ មាន​សីលធម៌​ល្អ និង​មានគុណ​តម្លៃ​ល្អ​ក្នុង​ការរស់នៅ​។ 
 
​លោក បាន​បញ្ជាក់ថា​៖«​ប្រសិនបើ​យុវជន មិនមាន​ការឆ្លងកាត់​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​នោះទេ ពួកគេ​មិនមាន​លទ្ធភាព​ដោះស្រាយ​បញ្ហា​ប្រឈម និង​មិនមាន​តម្លៃ​គ្រប់គ្រាន់ ក្នុងការ​រស់នៅ​របស់​ពួកគេ​ម្នាក់ៗ​ឡើយ​។ អ្វីដែល​ទាក់ទង​នឹង​ការងារ​ស្ម័គ្រចិត្ត​នៅ​កម្ពុជា យុវជន​គួរ​ណាស់​តែ​ចូលរួម​ទាំងអស់គ្នា ព្រោះ​វា​មាន​សារៈសំខាន់​ណាស់ ជួយ​ឲ្យ​យើង​មានឱកាស​ពង្រឹងសមត្ថភាព​ក្នុង​ការធ្វើ​កិច្ចការងារ​សង្គម​»​។​
 
​កញ្ញា ហៀ​ង វណ្ណា​រី និស្សិត​រៀន​នៅ​សាកល​វិទ្យា​បច្ចេកវិទ្យា​កម្ពុជា ដែល​បាន​ទៅ​ចូលរួម​ក្នុង​វេទិកា​នេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ពេល​វិស្សមកាល កញ្ញា បាន​ចំណាយពេល​ទៅធ្វើ​ការស្ម័គ្រចិត្ត​នៅ​អង្គការក្រៅរដ្ឋាភិបាល ដែលជា​ឱកាសល្អ​សម្រាប់​ឲ្យ​កញ្ញា អាច​យក​ជំនាញ​ដែល​កំពុង​រៀន យកទៅអនុវត្ត ដើម្បី​ពង្រឹងសមត្ថភាព​បន្ថែម សម្រាប់​ប្រើប្រាស់​ក្នុង​កិច្ចការងារ​នៅពេល​អនាគត​។ 
 
​ជា​និស្សិត​រៀន​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ទាក់ទង​នឹង​បញ្ហា​ទឹកស្អាត និង​អនាម័យ កញ្ញា ហៀ​ង សុ​វណ្ណា​រី បាន​បញ្ជាក់ថា​៖«​និយាយ​ទៅ ខ្ញុំ​បានធ្វើ​ការងារ​ស្ម័គ្រចិត្ត គឺ​ខ្ញុំ​អាច​យក​ជំនាញ ឬ​ទ្រឹស្តី​ដែល​ខ្ញុំ​រៀន​នៅ​សាលា ដើម្បី​ទៅ​អនុវត្ត​ដោយផ្ទាល់ ក្នុង​សហគមន៍​តែម្តង​។ ក្រៅពី​បទពិសោធន៍​ដែល​ខ្ញុំ​ទទួលបាន​ពី​ការស្ម័គ្រចិត្ត​កន្លងមក ធ្វើ​ឲ្យ​ខ្ញុំ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​នៅក្នុង​សង្គម និង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ភាពជា​អ្នកដឹកនាំ ដែល​អាច​ដោះស្រាយ​បញ្ហា​នានា នៅពេល​យើង​ជួប​ផងដែរ​»​។ 
 
​និស្សិត​រូបនេះ បាន​បន្ថែមថា​៖«​ថ្វី​ដ្បិត​ការងារ​ស្ម័គ្រចិត្ត មិនបាន​ផ្តល់​ថវិកា​ដ​ល់​យើង ប៉ុន្តែ​យើង​នៅតែ​ធ្វើ​វា ដោយសារ​វា​បានធ្វើ​ឲ្យ​យើង​ទទួលបាន​ជំនាញ​ទន់ មានដូចជា ភាពជា​អ្នកដឹកនាំ មាន​សាមគ្គីភាព ទំនាក់ទំនង​ល្អ ការធ្វើការងារ​ជា​ក្រុម នឹង​អាច​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដែល​យើង​ជួបប្រទះ ឬ​បញ្ហា​សង្គម​ផងដែរ​។ និយាយ​មែនទែនទៅ មានតែ​ការងារ​ស្ម័គ្រចិត្ត​តែប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​អាច​បញ្ចេញ​សមត្ថភាព ឬ​ចំណេះដឹង​ដែល​ខ្ញុំ​មាន និង​អាចបំពេញ​ចំណុច​ខ្វះខាត​បន្ថែមទៀត​ផងដែ​រ​»​។​
 
​ដោយឡែក កញ្ញា អេង ស្រី​ណុ​ច និស្សិត​ផ្នែក​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច គិតថា​ការងារ​ស្ម័គ្រចិត្ត គឺជា​ការធ្វើការងារ ដែល​យើង​ពេញចិត្ត​ធ្វើ​ដោយ​ខ្លួនឯង គ្មាន​នរណា​មក​បង្ខំ​ឲ្យ​ធ្វើ​នោះទេ​។ កញ្ញា អេង ស្រី​ណុ​ច អះអាងថា ការងារ​ស្ម័គ្រចិត្ត​របស់​កញ្ញា គឺ​ត្រូវ​នឹង​ជំនាញ​របស់​កញ្ញា​កំពុង​រៀន​។ 
 
​កញ្ញា បញ្ជាក់ថា​៖«​មិនមែន​តែ​ខ្ញុំ​ស្ម័គ្រចិត្ត ទៅតាម​ជំនាញ​របស់​ខ្លួនឯង​នោះទេ ប៉ុន្តែ​ការងារ​ស្ម័គ្រចិត្ត​ផ្សេងទៀត​ក៏​ខ្ញុំ​ចូលរួម​ដែរ​។ តាមរយៈ​ការងារ​ស្ម័គ្រចិត្ត បាន​ផ្លាស់ប្តូរ​ខ្ញុំ​ឲ្យ​ក្លាយជា​មនុស្ស​ម្នាក់​ក្លាហាន ប្រឈមមុខ​នឹង​មនុស្ស​ជាច្រើន ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ទទួលបាន​ជំនាញ​ជាច្រើន​ដែល​ខ្ញុំ​មិន​ធ្លាប់បាន​ជួប​»​។ 
 
​និស្សិត​រូបនេះ ចង់​ឲ្យ​យុវជន​ដទៃទៀត ឆ្លៀត​ចំណាយពេល ទៅ​ចូលរួម​ធ្វើការ​ស្ម័គ្រចិត្ត ដើម្បី​ទុកជា​ទុន​មួយ សម្រាប់​អភិវឌ្ឍ​ខ្លួនឯង និង​សង្គម​ទាំងមូល​។​
 
​សូមបញ្ជាក់ថា វេទិកា​ថ្នាក់ជាតិ​ស្តីពី «​ការស្ម័គ្រចិត្ត​ដើម្បី​សហគមន៍​យើង​» ដែល​រៀបចំឡើង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ជាមួយ​អង្គការ​ស្ម័គ្រចិត្ត​សហប្រជាជាតិ រួមជាមួយ​អង្គការ​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​ស្ម័គ្រចិត្ត នេះ​គឺជា​មធ្យោបាយ​ដ៏​សំខាន់ សម្រាប់ យុវជន ក្នុងការ​ផ្សារភ្ជាប់​ទៅនឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅក្នុង​កម្ពុជា និង​ជាការ​លើកកម្ពស់​ការងា​រ​ស្ម័គ្រចិត្ត ជាមួយ​អង្គការ​ពាក់ព័ន្ធ​នឹង​អ្នកស្ម័គ្រចិត្ត ដើម្បី​ចែករំលែក​បទពិសោធន៍ ជួយ​ដល់​សង្គម​៕  
 

Tag:
 ស្ម័គ្រចិត្ត​
 ​យុវជន​
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com