កីឡាអន្តរជាតិ
អន្តរជាតិ
FIFA៖ World Cup 2022 នៅ​កាតា អាច​នឹង​បន្ថែម​ដល់​៤៨​ក្រុម​តែម្តង​
10, Dec 2018 , 9:39 pm        
រូបភាព
​លោក Gianni Infantino បានបញ្ជាក់​ជាថ្មី​ថា​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA នឹង​សម្រេចចិត្ត ថា​តើ​ការប្រកួត World Cup ឆ្នាំ ២០២២ អាច​នឹងត្រូវ​បន្ថែម​ពី ៣២ ដល់ ៤៨​ក្រុម​តែម្តង ឬក៏​អត់​នោះ គឺ​នឹងត្រូវ​ប្រកាស​ចុងក្រោយ​នៅក្នុង​ខែមីនា ឆ្នាំ​២០១៩​។ ប្រធាន FIFA រូបនេះ​យល់ថា នេះ​មិនមែនជា​ការសម្រេចចិត្ត​សាមញ្ញៗ​នោះទេ​។


 
FIFA ធ្លាប់​ប្រកាស​ម្តង​រួចមកហើយ​ថា​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក ឆ្នាំ​២០២៦ ដែលមាន សហរដ្ឋអាមេរិក កាណាដា និង​ម៉ិ​ក​ស៊ិ​ក​ធ្វើជា​ម្ចាស់ផ្ទះ​នោះ នឹងមាន​ក្រុម ៤៨​ចូលរួម​ប្រកួតប្រជែង​ជា​លើកដំបូង​។​
 
​ប៉ុន្តែ​យ៉ាងណា FIFA ក៏មាន​ចេតនា​ចង់​ឲ្យ​មាន​ក្រុម​រហូតដល់ ៤៨ ដើម្បី​ចូលរួម​ប្រកួត ចាប់ពី​ឆ្នាំ ២០២២ នៅ​កាតា​តែម្តង ហើយ​ការបន្ថែម​ក្រុម​ឬ​អត់ នឹង​សម្រេច​នៅ​ឆ្នាំក្រោយ​។​
 
​ប្រធាន FIFA លោក Infantino បាន​ប្រាប់​ទូរទស្សន៍​បារាំង Telefoot នៅ​ថ្ងៃទី​៩ ខែធ្នូ​ថា លោក​នឹង​សម្រេច​ម្តងទៀត​នៅក្នុង​ខែ មីនា ឆ្នាំ​២០១៩ អំពី​ចំនួន​ក្រុម​ដែល​ត្រូវ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ World Cup 2022​។ ជុំវិញ​ការបន្ថែម​ក្រុម​ពី ៣២ ទៅ ៤៨ នេះ អ្នកគ្រប់គ្រង​ក្បាល​ម៉ា​ស៊ី​កីឡាបាល់ទាត់​ពិភពលោក ថា​វា​ក៏​មិន​ងាយស្រួល​នោះដែរ​ព្រោះថា​នឹងត្រូវ​លេង​លើស​ចំនួន​ថ្ងៃ​ធម្មតា​ដូច​សព្វដង​។ 
 
​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​កាតា និង​ជា​លើកដំបូង​ផងដែរ​សម្រាប់​ប្រទេស​នៅ​តំបន់​អារ៉ាប់​ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​។​
​ដោយសារតែ​សីតុណ្ហភាព​ក្តៅ​ខ្លាំង​នៅ​រដូវក្តៅ កាតា​បាន​ប្តូរ​ការប្រកួត​ទៅក្នុង​ខែវិច្ឆិកា ដល់​ខែធ្នូ​វិញ ខណៈដែល​ប្រទេស​នៅ​អឺរ៉ុប​តែ​ធ្វើឡើង​ក្នុង​ខែមិថុនា និង​កក្កដា​៕
 
 

Tag:
 បាល់ទាត់​
  FIFA World Cup
  កាតា​
© រក្សាសិទ្ធិដោយ thmeythmey.com