ជាតិ
សង្គមជាតិ
រដូវធ្វើប្រហុក ផ្អកខែមិគសិរ ដល់ហើយ! ប្រញាប់ឡើង ឆ្នាំនេះ អំណោយផលច្រើន សកម្មភាពរបស់កម្មករនេសាទចាក់ត្រីចេញពីឧបករណ៍នេសាប «ដាយត្រី» មួយមាត់ នៅតាមបណ្តោយទន្លេសាទ ក្នុងឆ្នាំ២០១៧។ រូបភាព ឈុត ឈាណា
× ប្រសិនបើផ្ទៃមេឃស្រឡះល្អ និងគ្មានភ្លៀងកក់ខែទេនោះ ការនេសាទត្រីក្នុងខែមិគសិរ នៅភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល អាចបានផលច្រើន។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១១ ខែធ្នូ ដោយអំពាវនាវដល់អ្នកធ្វើប្រហុក ផ្អក ត្រីឆ្អើរ ទាំងអស់ រួសរាន់ប្រកបរបររបស់ខ្លួន ជាពិសេសចំពេលដែលទឹកបឹងទន្លេសាប ស្រកលឿនជាងឆ្នាំមុនៗ។
ការសង្កេតតាមដានលើកម្ពស់ទឹកនៅក្នុងបឹងទន្លេសាប និងលំហូរទឹកនៅតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងខេត្តកណ្តាល បានឲ្យឃើញថា ទឹកស្រកលឿនជាងឆ្នាំកន្លងទៅ ដែលអនុញ្ញាតឲ្យពលរដ្ឋនេសាទត្រីបានច្រើន។
«លក្ខណៈបែបនេះ ធ្វើឲ្យគន្លងដាយនៅតាមដងទន្លេសាបក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល អាចនេសាទត្រីបានច្រើនក្នុងខែមិគសិរនេះ គឺចាប់ពីថ្ងៃ៧កើត ដល់ថ្ងៃ១៣កើត ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែធ្នូ ខាងមុខ ប្រសិនបើផ្ទៃមេឃស្រឡះល្អ និងគ្មានភ្លៀងកក់ខែ»។ សេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោក ស្រ៊ុន លឹមសុខ ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានបញ្ជាក់យ៉ាងដូច្នេះ។
ជាមួយគ្នានេះផងដែរ ស្ថាប័នជំនាញ បានអំពាវនាវដល់ពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក និងត្រីឆ្អើរ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ ឲ្យរួសរាន់ធ្វើឲ្យទាន់ពេលវេលា និងទីកន្លែងដែលបានកំណត់។ លោក ស្រ៊ុន លឹមសុខ ក៏បានស្នើអាជ្ញាធរមូលដ្ឋានឲ្យសហការគ្នាជាមួយសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីចុះទៅសម្រួលចរាចរណ៍ ដល់ដំណើរទៅមក និងស្នាក់នៅ និងការដឹកជញ្ជូនត្រីផងដែរ៕
Tag:
ទឹក
ប្រហុក
ផ្អក
ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com