ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្ត្រី ហៅ​ការដាក់ទោស​ពីរ​ឆ្នាំកន្លះ លើ​មេ​សហជីព​បីនាក់ ថា​អយុត្តិធម៌​
12, Dec 2018 , 8:59 pm        
រូបភាព
រូបពីអង្គភាពប្រតិកម្មរហ័សនៃគណៈរដ្ឋមន្រ្តី
រូបពីអង្គភាពប្រតិកម្មរហ័សនៃគណៈរដ្ឋមន្រ្តី
ដោយ: ថ្មីៗ
​មេ​សហជីព​បីនាក់ គឺ​លោក ជា មុន្នី លោក អាត់ ធន់ និង​លោក ប៉ាវ ស៊ីណា មិន​ជាប់​ពាក់ព័ន្ធ​អ្វី​ទាំងអស់ នឹង​ការធ្វើ​កុបកម្ម និង​អំពើហិង្សា នៅ​ផ្លូវ​វេ​ង​ស្រេង កាលពី​ឆ្នាំ​២០១៣​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​កម្មករ​-​កម្មការិនី នៅ​ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨​។​

 
​នាយករដ្ឋមន្ត្រី លើកឡើង​បែបនេះ នៅក្រោយ​មួយថ្ងៃ នៃ​ការប្រកាស​សាលក្រម​របស់​តុលាការ​រាជធានី​ភ្នំពេញ ដែល​ឲ្យ​មេ​សហជីព​បីនាក់​ខាងលើ រួមទាំង​មេ​សហជីព​បីនាក់​ផ្សេងទៀត គឺ​លោក រ៉ុង ឈុន អ្នកស្រី យ៉ាង សោ​ភ័​ណ្ឌ និង​អ្នកស្រី ម៉ម ញឹម ជាប់ពន្ធនាគារ​ពីរ​ឆ្នាំកន្លះ និង​ត្រូវ​បង់ប្រាក់​ដល់​ទៅ​ខ្ទង់លាន​ក្នុង​ម្នាក់ៗ ទៅ​ឲ្យ​ដើមបណ្តឹង​។ ប៉ុន្តែ ទោស​ពីរ​ឆ្នាំកន្លះ ត្រូវបាន​ព្យួរ ពោលគឺ តុលាការ អនុញ្ញាត​ឲ្យ​ពួកគេ រស់នៅ​ក្រៅ​ពន្ធនាគារ​។ 
 
​នៅ​ចំពោះមុខ​កម្មករ​-​កម្មការិនី ប្រមុខ​រដ្ឋាភិបាល បានប្រកាស​យ៉ាង​ដូច្នេះ​ថា​៖«​តុលាការ កាត់ទោស តែ​មិន​ឲ្យ​ជាប់ពន្ធនាគារ គឺ​សម្រាល​ណាស់​ទៅហើយ​។ តែ​សម្រាល​យ៉ាងណាក៏ដោយ ក៏​វា អត់​យុត្តិធម៌ ក្នុងការ​កាត់ក្តី​ដែរ ព្រោះ​គេ អត់​បាន​ជាប់​ពាក់ព័ន្ធ​ផង តែ​ទៅជា​ជាប់គុក និង មានឈ្មោះ​ជា​អ្នក​មានទោស​ហ្នឹង​គេ​ដែរ​។ ខ្ញុំ មិន​ចោទ​តុលាការ ថា​អយុត្តិធម៌​ទេ ក៏ប៉ុន្តែ ពេល​ខ្ញុំ​បានដឹង​រឿងនេះ ខ្ញុំ​ក៏មាន​ការភ្ញាក់ផ្អើល​ដែរ ព្រោះ​ក្នុងឋានៈ​ខ្ញុំ​ជា​អ្នកគ្រប់គ្រង​សន្តិសុខ​ជាតិ ខ្ញុំ​បានដឹងថា អ្នក​ទាំងបី អត់​ពាក់ព័ន្ធ​ឡើយ​។ តែ​ចំពោះ​អ្នក​បីនាក់​ផ្សេងទៀត [​លោក រ៉ុ​ន ឈុន អ្នកស្រី យ៉ាង សោ​ភ័​ណ្ឌ និង​អ្នកស្រី ម៉ម ញឹម​] ខ្ញុំ​អត់​ដឹង​ទេ​»​។ 


ពីឆ្វេងទៅស្តាំ៖ លោក ជា មុន្នី លោក ប៉ាវ ស៊ីណា និងលោក អាត់ ធន់
 
​ប្រមុខ​រដ្ឋាភិបាល ប្រាប់​មហាជន​ថា ខ្លួន​មាន​ភ័ស្តុ​ង​តាង​ច្បាស់លាស់ ទើប​ហ៊ាន​អះអាង​បែបនេះ​។ មេដឹកនាំ​រូបនេះ នៅមាន​សាក្សី​ពីរ​នាក់​ទៀត ដែល​ដឹង​រឿងនេះ គឺ​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​លោក សយ សុភាព អគ្គនាយក​មជ្ឈមណ្ឌល ព័ត៌មាន​ដើមអម្ពិល​។ 
 
​បន្ទាប់មក នាយក​រក​រដ្ឋមន្ត្រី ដែល​ប្រកាសថា​ខ្លួន បាន​តាមដាន​រឿងនេះ តាំងពីដើម​មក ក៏បាន​ជំរុញ​ឲ្យ​មេ​សហជីព​ទាំងបី ឲ្យ​ប្តឹងតវ៉ា​ទៅ​សាលាឧទ្ធរណ៍​។ នាយករដ្ឋមន្ត្រី ថ្លែង​បែបនេះ​ថា​៖«​សាលាឧទ្ធរណ៍ អាច​ហៅ​លោក កែវ រ៉េមី ទៅ​សួរ​រឿង​លោក ជា មុ​នី្ន ហើយ​ហៅ​លោក សយ សុភាព​ទៅ​សួរ​រឿង​លោក អាត់ ធន់ និង​រឿង​លោក ប៉ាវ ស៊ីណា​។ តែ​ខ្ញុំ ស្នើ​ឲ្យ​អ្នក​ទាំងបី រក​ភ័ស្តុតាង​ខ្លួនឯង​បន្ថែម ដើម្បី​បញ្ជាក់ថា មិនបាន​ជាប់​ពាក់ព័ន្ធ​ទេ​»​។ 
 
​ក្រោយ​សាលក្រម ត្រូវបាន​ប្រកាស លោក ប៉ាវ ស៊ីណា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក នឹងដាក់​បណ្តឹង​ទៅ​សាលាឧទ្ធរណ៍ ដើម្បី​សុំ​ជំទាស់​។ ចំណែក លោក កែវ រ៉េមី និង​លោក សយ សុភាព ត្រូវបាន​សារព័ត៌មាន​ដើម​អំពិល ចុះផ្សាយ​ថា ពួកលោក នឹង​ធ្វើតាម​ការណែនាំរ​បស់​ប្រមុខ​រដ្ឋាភិបាល ក្នុងការ​ធ្វើជា​សាក្សី ប្រសិនបើ​សាលាឧទ្ធរណ៍ កោះហៅ​ពួកលោក​៕ 

Tag:
 ហ៊ុន សែន​
  តុលាការ​
  សហជីព​
© រក្សាសិទ្ធិដោយ thmeythmey.com