កីឡាជាតិ
ជាតិ
​លោក ស សុខា នឹង​ដឹកនាំ​គណៈកម្មការ​ទៅ​ដោះស្រាយ​បញ្ហា​ទីលាន​បាល់ទាត់​នៅ​កំពង់ឆ្នាំង​
12, Dec 2018 , 4:37 pm        
រូបភាព
ដោយ:
​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃទី​១១ ខែធ្នូ បានចេញ​លិខិត​ឧទ្ទេសនាម​ថ្នាក់ដឹកនាំ និង​បុគ្គលិក ១២​រូប​ដើម្បី​ដោះស្រាយ​បញ្ហា​ទីលាន​បាល់ទាត់​នៅ​ខេត្តកំពង់ឆ្នាំង ដោយ លោក​រដ្ឋលេខាធិការ ស សុខា ទទួលបន្ទុក​ជា​ប្រធាន​គណៈកម្មការ​។​

 
​ទីលានកីឡា​បាល់ទាត់​ខេ​ត្ត​កំពង់ឆ្នាំង បាន​ក្លាយជា​ប្រធាន​ដ៏​ចម្រូងចម្រាស់​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បន្ទាប់ពី​លោក​អភិបាលខេត្ត ឈួ​រ ច័ន្ទ​ឌឿ​ន ចេញ​សេចក្តីសម្រេច​ឈប់​ឲ្យ​ប្រកួត និង​ហ្វឹកហាត់​បាល់ទាត់ ក្រោម​ហេតុផល​ដើម្បី​បង្ការ និង​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍ និង​រំខាន​ដល់​ការបំពេញ​ការងារ​រប​ស់​អង្គភាព​នៅ​ជុំវិញ​ទីលាន​នោះ​។ 
 
​ក្នុង​លិខិត​ដែល​ផ្ញើ​ទៅ​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តកំពង់ឆ្នាំង លោក ឈួ​រ ច័ន្ទ​ឌឿ​ន បានលើកឡើង​ផងដែរ​ថា សាលាខេត្ត​ចំណាយ​ថវិកា​ដើម្បី​ជួសជុល​កែលម្អ​ទីលាន​បាល់​នៅ​ពហុ​កីឡដ្ឋាន​ខេត្ត (​វត្ត​ធម្មយុត្តិ​) សម្រាប់​រៀបចំ​ការប្រកួត​កីឡាបាល់ទាត់ ឬ​ហ្វឹកហាត់​កីឡាបាល់ទាត់​កំសាន្ត​ដើម្បី​សុខភាព​ជំនួស​វិញ​។​
 
​ចំណាត់ការ​នេះ នាំ​ឲ្យ​មហាជន អ្នក​ស្រឡាញ់​កីឡាបាល់ទាត់ ពិសេស​ប្រជាជន​ក្នុង​ខេត្តកំពង់ឆ្នាំង ប្រតិកម្ម និង​រិះគន់​យ៉ាងខ្លាំង​។ អ្នកខ្លះ បាន​សរសេរ​ទៅលើ​ហ្វេ​ស​ប៊ុ​ក​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សុំ​អន្តរាគមន៍​ផងដែរ​។ 
 
«​បើតាម​ច្បាប់​ចរាចរណ៍​និយាយ​ឲ្យ​មែនទែន បើកាលណា​ធ្វើ​ឲ្យ​ស្លាប់​មនុស្ស គឺ​ត្រូវ​ចាប់ខ្លួន​ដើម្បី​ដោះស្រាយ​។ អនុគណៈកម្មការ​ចរាចរណ៍​ផ្លូវគោក​គិតថា ការទា​ត់បាល់​នៅ​ទីលាន​មុខ​សាលាខេត្ត​កំពង់ឆ្នាំង​នេះ បើ​វា​ទៅ​ប៉ះពាល់​មនុស្ស មិនមែនជា​ប្រធាន​ស័ក្តិ​ទេ វា​ជាការ​គិតទុក​ជាមុន​»​។ លោក ឈួ​រ ច័ន្ទ​ឌឿ​ន លើកឡើង​ដូច្នេះ ហើយ​លើក​ជា​ចម្ងល់​ថា ក្នុងករណី​មាន​មនុស្ស​ស្លាប់​ដោយ​ការប្រកួត​បាល់ទាត់ ឬ​ហ្វឹកហាត់ តើ​អ្នកណា​ទទួលខុសត្រូវ​។ 
 
​អភិបាលខេត្ត​រូបនេះ​សង្កត់ធ្ងន់ថា បើ​និយាយ​ពី​សិទ្ធិ​អាទិភាព គឺ​ផ្លូវ​មាន​អាទិភាព​ជាង​ទីលាន​បាល់ទាត់​។ ដោយ​លោក​ពន្យល់ថា​៖«​តារាង​បាល់​មិនមែន​អាទិភាព​នោះទេ គឺ​ផ្លូវ​អាទិភាព យើង​ត្រូវ​វាយតម្លៃ​ឲ្យ​បានច្បាស់លាស់ ព្រោះ​ផ្លូវ​ជាទី​តាំង​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទូទាំង​ខេត្ត និង​ប្រទេស ដូចជា​ទៅ​រៀន ទៅ​ប្រកបមុខរបរ​ផ្សេងៗ និង​ទៅធ្វើ​ការងារ​ជាដើម​។ ចំណែក​ការ​ទាត់បាល់ គឺ​ដើម្បី​សុខភាព តែ​ជា​លក្ខណ​បុគ្គល​ម្នាក់​ពីរ​នាក់​នោះទេ​»​។ 
 
​លិខិត​ឧទ្ទេសនាម​ដែល​ចុះហត្ថលេខា​ដោយ​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ គណៈកម្មការ​ជំនាញ​ដែល​ដឹកនាំ​ដោយ​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ នឹង​ចុះ​ត្រួតពិនិត្យ​ទីលាន​ខាងលើ​ចន្លោះ​ពីថ្ងៃ​ទី​១៤-១៥ ខែធ្នូ ឆ្នាំ​២០១៨​។​
 
​គណៈកម្មការ​នេះ​មាន​សមាជិក​១២​រូប​រួមមាន លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​(​ប្រធាន​), លោក ប៊ូ ជុំ​សេរី និង​លោក សុខ សប្បាយ​ណា អនុរដ្ឋលេខាធិការ ជា​អនុប្រធាន​, លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា និង​ថ្នាក់ដឹកនាំ​៨​រូប​ផ្សេងទៀត​ជា​សមាជិក​៕    
 

Tag:
 បាល់ទាត់​
  ឈួ​រ ច័ន្ទ​ឌឿ​ន
© រក្សាសិទ្ធិដោយ thmeythmey.com