អន្តរជាតិ
ត្រាំ គំរាម​បិទ​រដ្ឋាភិបាល​សហព័ន្ធ បើ​បក្ស​ប្រជាធិបតេយ្យ​មិន​ឯកភាព​អនុម័ត​ថវិកា​សម្រាប់​សង់​ជញ្ជាំង​ព្រំដែន​
12, Dec 2018 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​គំរាម​បណ្តា​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​ថា លោក​នឹង​បិទ​ដំណើរការ​រដ្ឋាភិបាល​ស​ហ​ព័ន្ធ​ចោល​ដោយ​ផ្នែក បើសិនជា​ពួកគេ​មិន​យល់ព្រម​អនុម័ត​ថវិកាជាតិ​សម្រាប់​ទ្រទ្រង់​គម្រោង​សាងសង់​ជ​ញ្ជាំ​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​ទេ​។  តាម​ការស្នើសុំ​របស់​ប្រធានាធិបតី គម្រោង​សាងសង់​ជ​ញ្ជាំ​ព្រំដែន​ត្រូវ​ចំណាយ​ថវិកា​ប្រហែល ប្រាំ​ពាន់​លាន​ដុល្លារ​អាមេរិក​។


 
​គម្រោង​សាងសង់​ជញ្ជាំង​ព្រំដែន​ដែលជា​គំនិត​របស់លោក ដូ​ណា​ល់ ត្រាំ កំពុង​ក្លាយជា​បញ្ហា​ក្តៅ ដ្បិត​និង​ចម្រូងចម្រាស​។ នៅ​ថ្ងៃ​អង្គារ លោក ត្រាំ បាន​គំរាម​ទាំង​ខឹងសម្បា​រថា បើសិនជា​សមាជិក​បក្ស​ប្រជាធិបតេយ្យ​មិន​ឯកភាព​លើ​កញ្ចប់​ថវិកា​សម្រាប់​សាងសង់​ជញ្ជាំង​ព្រំដែន​ទេ រដ្ឋាភិបាល​អាមេរិក​នឹងត្រូវ​បិទ​ចោល​។ 
 
​ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា ការព្រមាន​របស់លោក ត្រាំ កើតឡើង​ក្នុង​ពិភាក្សា​ដោះដូរ​ពាក្យសម្តី​យ៉ាង​តឹងសរសៃក​មួយ​ការិយាល័យ​ពងក្រពើ​ជាមួយ​តំណាង​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​មាន​សមាជិក​ព្រឹទ្ធសភា​លោក Chuck Schumer  និង​សមាជិក​រដ្ឋសភា​លោកស្រី Nancy Pelosi​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ លោក ត្រាំ បាន​អញ្ជើញ​អ្នកកាសែត​ចូលទៅ​យក​ព័ត៌មាន​ក្នុង​បន្ទប់​ពេល​ពិភាក្សា និង​ចរចា​គ្នា ដែល​តាមពិត​គួរ​ធ្វើឡើង​ជាសម្ងាត់​នោះ​។​
 
​ក្នុង​ទឹកមុខ​ខឹងសម្បារ លោក ត្រាំ បាន​ថ្លែង​នៅ​ចំពោះមុខ​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​ទាំងពីរ​រូប អនុ​ប្រធានាធិបតី ម៉ៃ ផេ​ន និង​អ្នកកាសែត​ដូច្នេះ​ថា ៖« ពិត​ហើយ ប្រសិនជា​យើង​មិនបាន​អ្វីដែល​យើង​ចង់​បានទេ ខ្ញុំ​នឹង​បិទ​រដ្ឋាភិបាល​ចោល​។ ខ្ញុំ​មាន​មោទកភាព​ដែល​ត្រូវ​បិទ​រដ្ឋាភិបាល​ចោល​ដើម្បី​សន្តិសុខ​ព្រំដែន​»​។ 
 
​លោក ត្រាំ គំរាម​បែបនេះ ដោយសារ​កញ្ចប់​ថវិកា​ដែល​ចំណាយ​លើ​ដំណើរការ​របស់​រដ្ឋាភិបាល​សហព័ន្ធ​នោះ​ចាំបាច់​ត្រូវអនុម័ត​ឲ្យ​បាន​នៅ​ថ្ងៃ ២១ ខែធ្នូ​ខាងមុខ​ដើម្បី​បញ្ចៀស​ការបិទ​រដ្ឋាភិបាល​ចោល​ដោយ​ផ្នែក ព្រោះ​គ្មាន​ថវិកា​សម្រាប់​ដំណើរការ​។ បើសិនជា​គ្មាន​ការឯកភាព​គ្នា​រវាង​អ្នក​សាធារណរដ្ឋ និង​អ្នកប្រជាធិបតេយ្យ​នោះទេ ការបិទ​ដំណើរការ​រដ្ឋាភិបាល​នឹង​កើតឡើង​ចៀស​មិន​ផុត​ឡើយ​។ 
 
​តាមពិតទៅ ព្រឹទ្ធសភា​នៅ​បន្ត​ស្ថិតក្រោម​ការកាន់កាប់រ​បស់​អ្នក​សាធារណរដ្ឋ ខណៈ​សភា​តំណាង​ឬ​រដ្ឋសភា​នោះ​របូត​ធ្លាក់​ក្នុង​កណ្តាប់ដៃ​របស់​អ្នកប្រជាធិបតេយ្យ​ទៅហើយ​កាលពី​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៅ​ដើមខែ​វិច្ឆិកា​កន្លងទៅ​។ ប៉ុន្តែ​តំណាងរាស្ត្រ​បក្ស​ប្រជាធិបតេយ្យ​នៅ​សភា​តំណាង​នឹង​ចូលកាន់​អាសនៈ​ភាគច្រើន​ចាប់ពី​ខែមករា​ឆ្នាំក្រោយ​ឯណោះ​។ 
​ការសាងសង់​ជញ្ជាំង​ជា​គោលដៅ​របស់លោក ត្រាំ តាំងពី​ពេល​ឃោសនាបោះឆ្នោត​ឆ្នាំ ២០១៦​។ លោក​ចង់​ឲ្យ​សមាជិកសភា​ឯកភាពគ្នា​អនុម័ត​កញ្ចប់​ថវិកា​មាន​ទំហំ ៥​ពាន់​លាន​ដុល្លារ ដោយ​អះអាងថា ទំហំ​ថវិកា​ប៉ុណ្ណឹង​ទើប​ល្មម​សម្រាប់​សាងសង់​ជញ្ជាំង​ធំ និង​រឹងមាំ​នៅតាម​ព្រំដែន​ម៉ិ​ក​ស៊ិ​កបាន​ដោយមាន​សុវត្ថិភាព​។ ប៉ុន្តែ​តំណាង​បក្ស​ប្រជាធិបតេយ្យ​លោក Schumer និង​លោកស្រី Pelosi អះអាងថា បើ​កញ្ចប់​ថវិកា​ត្រឹម ១,៣​ពាន់​លាន​ដុល្លារ អាចជា​រឿង​សមស្រប​។ ទំហំ​ថវិកា​ដែល​តំណាង​បក្ស​ប្រជាធិបតេយ្យ​លើកឡើង​នេះ​នៅ​តិចជាង​កញ្ចប់​ថវិកា ១,៦​ពាន់​លាន​ដុល្លារ​ដែល​គណៈកម្មាធិការ​ចម្រុះ​ប្រចាំ​ព្រឹទ្ធសភា​បាន​ឯកភាព​កន្លងមក​។ 
 
​កន្លងមក លោក ត្រាំ ធ្លាប់​គំរាម​បិទ​ដំណើរការ​របស់​រដ្ឋាភិបាល​ដោយ​ផ្នែក​ចោល​ដែរ ប៉ុន្តែ​លោក​មិនបាន​ធ្វើតាម​ការ​គំរាម​របស់ខ្លួន​ឡើយ​។ ប៉ុន្តែ​លើក​នេះ វា​អាចមាន​ភាគរយ​ច្រើន​ដែល​លោក ត្រាំ នឹង​បិទ​រដ្ឋាភិបាល​ចោល​ជា​អំណោយ​មុន​ថ្ងៃ Christmas  ដ្បិត​នៅ​ដើមខែ​មករា សមាជិក​បក្ស​ប្រជាធិបតេយ្យ​នឹង​ដណ្តើមយក​សភា​តំណាង​ទៅ​ក្តោប​ក្តាប់​ហើយ​៕ 

Tag:
 ដូ​ណា​ល់ ត្រាំ
  ជញ្ជាំង​ព្រំដែន​
  Chuck Schumer
  Nancy Pelosi
© រក្សាសិទ្ធិដោយ thmeythmey.com