អន្តរជាតិ
របប​សឹក​ថៃ​៖ មាគ៌ា​ទៅកាន់​ប្រជាធិបតេយ្យ នឹងត្រូវ​បង្ហាញ​តាមរយៈ​ការបោះឆ្នោត​ខែកុម្ភៈ​ឆ្នាំក្រោយ​
15, Dec 2018 , 9:59 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​របប​សឹក​ថៃ បានចេញ​ថ្លែងការណ៍​បញ្ជាក់​ជាថ្មី​ពី​ការមិន​ប្រែប្រួល នៃ​ការបោះឆ្នោត​សកល​លើកដំបូង​របស់​រាជាណាចក្រ​ថៃ ក្រោយពី​ត្រូវបាន​គ្រប់គ្រង​ដោយ​យោធា​អស់​រយៈពេល​បួន​ឆ្នាំ​។ ការមិន​ប្រែប្រួល​នោះ​គឺ ការបោះឆ្នោត នឹងត្រូវ​ប្រព្រឹត្តឡើង​នៅ ២៤ កុម្ភៈ ឆ្នាំក្រោយ ដោយមាន​ការចូលរួម​ពី​គណបក្ស ដែលមាន​និន្នាការ​គាំទ្រ​របប​យោធា និង​ប្រឆាំង​យោធា​ផង​។ 


 
​លោក​ឧបនាយករដ្ឋមន្ត្រី Wissanu Krea-ngam នៅ​ថ្ងៃ​៨ ធ្នូ បាន​ឲ្យ​ដឹងថា ការបោះឆ្នោត​ថៃ នឹងត្រូវ​ប្រព្រឹត្តឡើង​តាម​ការកំណត់​ក្នុង​មាគ៌ា​ឆ្ពោះទៅកាន់​ប្រជាធិបតេយ្យ​របស់​របប​សឹក នៅ​ថ្ងៃ​២៤ កុម្ភៈ​ឆ្នាំក្រោយ ខណៈ​លទ្ធផល​បោះឆ្នោត នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃ ២៥ ខែមេសា ហើយ​គណៈរដ្ឋមន្ត្រី​ថ្មី នឹងត្រូវ​ចាប់ផ្តើម​នៅ​ដើមខែ​ឧសភា​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ថៃ The Nation​។​
 
​តាម​លោក​ឧបនាយករដ្ឋមន្ត្រី ដែលជា​មន្ត្រីជាន់ខ្ពស់​ទ​ទួល​បន្ទុក​ផ្នែក​ច្បាប់​របស់​រដ្ឋាភិបាលរ​បប​សឹក​ផង​នោះ នៅក្នុង​ខែធ្នូ​នេះ រដ្ឋាភិបាល នឹង​ដកចេញ​នូវ​បម្រាម​លើ​សកម្មភាព​នយោបាយ និង​ធ្វើ​មោឃភាព​លិខិត​បង្គាប់បញ្ជា​របស់រប​ប​សឹក​ដែល​ប្រើប្រាស់ ក្រោម​ហេតុផល​ដើម្បី​ស្តារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​កន្លង​មក​។​
 
​លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​បញ្ជាក់​ផងដែរ​ថា បក្សនយោបាយ​នីមួយៗ នឹងត្រូវ​តម្រូវ​ឲ្យ​ដាក់​បញ្ជី​ឈ្មោះ​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​ខ្លួន​ទៅកាន់​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោត​ក្នុងអំឡុង​ថ្ងៃ​១៤​ដល់​១៨ មករា​។ នេះ ក៏មាន​ន័យ​ផងដែរ ការលើកឡើង និង​ការសង្ស័យ​កន្លងមក​ថា​តើ​លោក​ប្រា​យុទ្ធ ចន្ទ អូ​ចា​នឹងចូលរួម​បក្សនយោបាយ​ដើម្បី​ប្រកួតប្រជែង​ការបោះឆ្នោត​បន្ត​តំណែង​ឬ​យ៉ាងណា ក៏​នឹងត្រូវ​លាតត្រដាង​ពេលនោះ​ផងដែរ​។​
 
​គួរ​ជម្រាប​ផងដែរ​ថា រាជាណាចក្រ​ថៃ ត្រូវបាន​ដឹកនាំ​ដោយ​របប​សឹក ដែលមាន​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ អូ​ចា ជា​នាយករដ្ឋមន្ត្រី តាំងពី​ថ្ងៃ​២២ ឧសភា ឆ្នាំ​២០១៤​មក​។ គិត​ចាប់ពី​ឡើងកាន់​អំណាច​មក លោក​ប្រា​យុទ្ធ បាន​សន្យា​នាំ​សណ្តាប់ធ្នាប់ និង​ប្រជាធិបតេយ្យ​មកវិញ​តាម​មាគ៌ា​ប្រជាធិបតេយ្យ ហើយ​លោក ក៏បាន​សន្យា​រៀបចំ​ការបោះឆ្នោត​ជា​ច្រើនដង​មកហើយ តែ​ត្រូវបាន​ពន្យារពេល​ជា​បន្តបន្ទាប់​។ 
 
​ថ្មីៗ​នេះ មានការ​ចោទប្រកាន់​លោកនាយក​រដ្ឋមន្ត្រី​ច្រើន​លើ​ការចុះ​ជួប​ប្រជាជន​នៅតាម​មូលដ្ឋាន និង​ការអនុម័ត​លើ​គោលនយោបាយ​មួយចំនួន ថា ជា​ចេតនា​ទាក់ទាញ​ការចាប់អារម្មណ៍ និង​គាំទ្រ​ពី​ប្រជាជន ខណៈ​រូបលោក ក៏បាន​បង្ហាញ​ពី​ចេតនា​ក្នុងការ​ចូលរួម​ការងា​រ​នយោបាយ​ផង​នោះ​។ អ្វីដែល​កាន់តែ​ចាប់អារម្មណ៍​នោះ ក៏មាន​បក្សនយោបាយ​ថៃ Palang Pracharath Party បានបញ្ជាក់​ពី​ចេតនា​ចង់​តែងតាំង​លោក​ប្រា​យុទ្ធ ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ទៀតផង​៕ 

Tag:
 ថៃ​
  បោះឆ្នោត​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com