អន្តរជាតិ
អូស្ត្រាលី​ទំនង​ប្តូរ​ទីតាំង​ស្ថានទូត​ទៅ​ហ្ស៊េ​រុយ​សា​ឡិ​ម ឯ​ចលនា​ប្រឆាំង​អូស្ត្រាលី​កើនឡើង​តាម​បណ្តា​រដ្ឋ​មូស្លីម​អាស៊ីអាគ្នេយ៍​
14, Dec 2018 , 8:39 pm        
រូបភាព
នាយករដ្ឋមន្ត្រី ម៉ូ​រី​សុន កំពុង​លេងល្បែង​នយោបាយ​ដ៏​គ្រោះថ្នាក់ ដោយ​រំពឹងថា ការប្តូរ​ស្ថានទូត​ទៅ​ហ្ស៊េ​រុយ​សា​ឡិ​ម​តាម ដូ​ណា​ល់ ត្រាំ នឹង​ជួយ​ខ្លួន​ឈ្នះឆ្នោត និង​រក្សា​តំណែង​នាយករដ្ឋមន្ត្រី​នៅ​ឆ្នាំក្រោយ​។


 
​រដ្ឋាភិបាល​អូស្ត្រាលី​នៅ​ថ្ងៃ​សុក្រ​ទី ១៤ ខែធ្នូ​នេះ​បាន​ដាស់តឿន​ប្រជាពលរដ្ឋ​ខ្លួន​ដែល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ឥណ្ឌូណេស៊ី​ឲ្យ​ប្រុងប្រយ័ត្ន ខណៈដែល​កង់​បេ​រ៉ា​ត្រៀម​ប្រកាស​ប្តូរ​ទីតាំង​ស្ថានទូត​ទៅ​ហ្ស៊េ​រុយ​សា​ឡិ​ម​តាម​អាមេរិក​។ ទង្វើ​របស់​អូស្ត្រាលី​ជា​រឿងចម្រូងចម្រាស និង​អាច​បង្ក​ឲ្យ​មាន​ភាព​ល្អក់កករ​ខ្លាំង​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​រដ្ឋ​មូស្លីម​ជាច្រើន​ជាពិសេស​ក្នុង​តំបន់​អាស៊ាន​។ 
 
​នាយករដ្ឋមន្ត្រី​អូស្ត្រាលី ស្កុ​ត ម៉ូ​រី​សុន (Scott Morrison) ទំនងជា​នឹង​ប្រកាស​ពី​ផែនការ​ប្តូរ​ទីតាំង​ស្ថានទូត​អូស្ត្រាលី​ពី​ក្រុង​តែ​ល​អា​វីវ ទៅកាន់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​តាម​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ​។ ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​អូស្ត្រាលី​នេះ​កំពុង​បង្កើត​រឿងចម្រូងចម្រាស និង​អាច​ជំរុញ​ចលនា​បាតុកម្ម​នៅ​ប្រទេស​មូស្លីម​នានា​ប្រឆាំងនឹង​ជំហរ​អូស្ត្រាលី​ដែរ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មន្ត្រី​រដ្ឋាភិបាល​អូស្ត្រាលី​អះអាងថា នាយករដ្ឋមន្ត្រី​អូស្ត្រាលី​នេះ​នឹង​អាច​ប្រកាស​ទទួលស្គាល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​អ៊ីស្រាអែល​នៅ​ថ្ងៃ​សៅរ៍​ទី ១៥ ខែធ្នូ​នេះ​។ ស្របពេល​ជាមួយគ្នា​នោះ រដ្ឋាភិបាល​ក៏បាន​ព្រមាន​ពលរដ្ឋ​ខ្លួន​ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់​ពេលធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ប្រទេស​មូស្លីម​ដែរ​។ 
 
​ក្រសួងការបរទេស​អូស្ត្រាលី​បាន​ដាស់តឿន​ពលរដ្ឋ​អូស្ត្រាលី​ដែល​ត្រៀម​ទៅ​កម្សាន្ត​នៅ​កោះ​បាលី និង​បណ្តា​ទីកន្លែង​ទេសចរណ៍​ផ្សេងទៀត​នៅ​ឥណ្ឌូណេស៊ី​ដែលជា​ប្រទេស​មូស្លីម​ធំជាងគេ​លើ​ពិភពលោក​ក្នុង​ថ្ងៃ​សម្រាក​រដូវក្តៅ​នេះ​។ ក្រសួង​នេះ​បានបញ្ជាក់​ដូច្នេះ​៖« ពេល​រដ្ឋ​អូស្ត្រាលី​គួរតែមាន​ការប្រុងប្រយ័ត្ន​កម្រិត​ខ្ពស់​ពេល​ទៅ​កម្សាន្ត​នៅ​ឥណ្ឌូណេស៊ី​»​។ 
 
​ហ្ស៊េ​រុយ​សា​ឡិ​ម ជាទី​ក្រុង​មួយ​ដែល​ស្ថិតក្នុង​ស្ថាន​ភាពមិន​ដាច់ស្រេច​។ អ៊ីស្រាអែល​បាន​គ្រប់គ្រង​ហ្ស៊េ​រុយ​សា​ឡិ​ម​ពាក់កណ្ដាល និង​បាន​ភ្ជាប់​ជា​ទឹកដី​ភាគ​ខាងលិច​របស់​ទីក្រុង​នេះ​ក្រោយ​សង្គ្រាម​ឆ្នាំ​១៩៦៧ ។ អ៊ីស្រាអែល​បានទាមទារ​ចំណែក​ទីក្រុង​នេះ​ទាំងមូល និង​បាន​ភ្ជាប់​តំបន់​ភាគ​ខាងកើត ដែល​ធ្វើ​ឲ្យ​ទីក្រុង​ទាំងមូល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខ្លួន​។ ឯ​ប៉ា​ឡេ​ស្ទី​ន​ចាត់ទុក​តំបន់​ខាង​កើតជា​រដ្ឋធានី​របស់ខ្លួន​នៅ​ថ្ងៃ​អនាគត​។​
 
​ត្រឡប់មកវិញ ប្រមុខ​រដ្ឋាភិបាល​អូស្ត្រាលី បាន​បង្ហើប​ពី​ចេតនា​របស់ខ្លួន ក្នុងការ​ទទួលស្គាល់​ទីក្រុង​ហ្សេ​រ៊ុ​យ​សា​ឡិ​ម​ជា​រដ្ឋធានី​អ៊ីស្រាអែល​ផ្លូវការ កាលពី​ខែតុលា​កន្លងទៅ​។ ប៉ុន្តែ​កាលនោះ​លោក បដិសេធថា វា​មិនមាន​ពាក់ព័ន្ធ​ការដើរតាម​អាមេរិក​ឡើយ​។ លោក​ពន្យល់ថា ទោះជា​វា​ដើរ​បញ្ច្រាស​ទាំងស្រុង​នឹង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​រាប់សិប​អាណត្តិ​មកហើយ​ក៏ដោយ លោក ចង់ឃើញ​ការរីកចម្រើន​ជាង​មុន​ក្នុង​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​។​
 
​យ៉ាងណាមិញ ការសម្រេចចិត្ត​របស់ ម៉ូ​រី​សុន ជា​ល្បែង​នយោបាយ​ច្រើនជាង​ការជំរុញ​លទ្ធភាព​ដោះស្រាយ​ជម្លោះ​មជ្ឈិមបូព៌ា​ដ៏​រ៉ាំរ៉ៃ ដ្បិតថា អ្នកនយោបាយ​រូបនេះ​នឹងត្រូវ​ប្រជែង​យក​កៅអី​នាយករដ្ឋមន្ត្រី​ក្នុងការ​បោះឆ្នោត​ឆ្នាំក្រោយ​។ លោក​សំឡឹង​ឃើញថា សំឡេង​ក្រុម​អ្នក​គ្រប់​អាយុ​បោះឆ្នោត​នៅ​សហគមន៍​ជ្វី​ហ្វ និង​បណ្តា​អ្នក​អភិរក្ស​មាន​ឥទ្ធិពល​សំខាន់​លើ​លទ្ធផល​នៃ​ការបោះឆ្នោត និង​អាចជួយ​ឲ្យ​លោក​ជាប់ឆ្នោត​បន្ត​តំណែង​ទៅមុខ​ផង​។ 
 
​កន្លងមក​បណ្តា​អ្នកគាំទ្រ លោក ម៉ូ​រី​សុន ជានិច្ច​ជា​កាល​អះអាងថា អ៊ីស្រាអែល​មាន​សិទ្ធិ​ស្របច្បាប់​ក្នុងការ​ជ្រើសរើស​រដ្ឋធានី​ផ្ទាល់ខ្លួន ហើយ​កិច្ចចរចា​សន្តិភាព​ជាមួយ​ប៉ា​ឡេ​ស្ទី​ន​នោះ​ស្លាប់​បាត់ទៅហើយ​។ 
 
​ប្រាកដ​ណាស់​ថា ការប្តូរ​ជំហរ​របស់​អូស្ត្រាលី​លើ​ឋានៈ​នៃ​ទីក្រុង​ពិសិដ្ឋ​ហ្ស៊េ​រុយ​សា​ឡិ​ម​នឹងត្រូវ​ប្រឈម​នឹង​ការ​ថ្កោលទោស​និង​ការប្រឆាំង​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ដូច​កាល​អាមេរិក​ធ្វើ​កាលពី​ខែឧសភា​កន្លងមក​នេះដែ​រ​។ 
 
​ពេល​អាមេរិក​ប្តូរ​ស្ថានទូត​ទៅ​ហ្ស៊ុ​រុយ​សា​ឡិ​មនា​ខែឧសភា ចលនា​បាតុកម្ម​របស់​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​កើតឡើង រហូតដល់​មានការ​ប៉ះទង្គិច​គ្នា ហើយ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន យ៉ាងតិច ៦២​នាក់​ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង​ទាហាន​អ៊ីស្រាអែល​ដូចគ្នា​។​
 
​មកដល់​ឥឡូវនេះ ទំនាក់ទំនង​គ្រប់យ៉ាង​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​នៅតែ​តានតឹង ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ទៀត ទាហាន​អ៊ីស្រាអែល​បាន​បើក​ការ​វាយឆ្មក់​លើ​ទីក្រុង Ramallah ក្រោយ​ពេលដែល​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​បាញ់​ទាហាន​អ៊ីស្រាអែល​ពីរ​នាក់​ស្លាប់​នៅ​ទីក្រុង West Bank​។ 
 
​សកម្មភាព​របស់​អូស្ត្រាលី​នៅពេលនេះ​ប្រាកដ​ណាស់​ថា នឹង​ជំរុញ​ចលនា​បាតុកម្ម​តវ៉ា​នៅ​រដ្ឋ​មូស្លីម​ធំៗ ជាពិសេស​នៅ​អាស៊ីអាគ្នេយ៍​។ វា​ក៏​នឹងធ្វើ​ទំនាក់ទំនង​ទ្វេភាគី​រវាង​អូស្ត្រាលី និង​រដ្ឋ​អាស៊ីអាគ្នេយ៍​ប្រឈម​នឹង​ភាព​រកាំរកូស​ខ្លាំង​ផងដែរ​។​
 
​កន្លងមក​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​ធ្លាប់​ព្រមាន​អូស្ត្រាលី​ម្តង​ហើយពី​បញ្ហា​ដែល​នឹង​អាច​កើតឡើង បើ​អូស្ត្រាលី​នៅតែ​រឹងរូស​បន្ត​ផែនការ​ទទួលស្គាល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​អ៊ីស្រាអែល​។ ការបិទ​បញ្ចប់​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​អូស្ត្រាលី និង​ឥណ្ឌូណេស៊ី​ក៏ត្រូវ​ព្យួរ​បណ្តោះអាសន្ន​ដែរ​ដោយសារ​ផែនការ​ប្តូរ​ទីតាំង​ស្ថានទូត​នេះ​។​
 
​ងាក​ទៅ​មើល​ប្រតិកម្ម​ពី​ប្រជាជន​ឥណ្ឌូណេស៊ី​វិញ គេ​ឃើញ​មាន​បាតុកម្ម​កើតឡើង​បន្តបន្ទាប់​ប៉ុន្មាន​សប្តាហ៍​មកហើយ​នៅ​ជុំវិញ​ស្ថានទូត​អូស្ត្រាលី​ក្រុង​ហ្សា​ការ​តា និង កុងស៊ុល​អូស្ត្រាលី​នៅ​ស៊ូ​រ៉ា​បា​យ៉ា​។ បាតុកម្ម​អាច​នឹង​បន្ត​ទៅកាន់​ទីក្រុង​ផ្សេងទៀត និង​អាច​អូសបន្លាយ​ពេលវេលា​កាន់តែ​យូរ​ផង​៕
 

Tag:
 អូស្ត្រាលី​
  ហ្ស៊េ​រុយ​សា​ឡិ​ម​
  ប៉ា​ឡេ​ស្ទី​ន​
  ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com