អន្តរជាតិ
គ្រាន់តែលេងល្បែងថតដាក់ក្នុងYouTubeសោះ កុមារាម្នាក់រកលុយបាន ២២លានដុល្លារ
× Ryan ជាក្មេងប្រុសអាយុ៧ឆ្នាំដែលបានរកប្រាក់ចំណូលពីវីឌីអូរបស់ខ្លួនក្នុងបណ្តាញសង្គម YouTube បានរហូតដល់ ២២ លានដុល្លាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់កាសែត Channel News Asia កាលពីថ្ងៃទី៤ខែធ្នូនេះ។
គណនី YouTube ឈ្មោះថា Ryan Toy Reviews ជារបស់ Ryan ផ្ទាល់។ ក្មេងរូបនេះបានចំណាយពេលលេងជាមួយល្បែងក្មេងរបស់ខ្លួន និងថតសកម្មភាពកំសាន្តទាំងនោះ បន្ទាប់មកបង្ហោះចូលក្នុងគណនីខ្លួនតែម្តង។ វីដេអូនីមួយៗរបស់ Ryan ត្រូវបានក្មេងតូចៗ និងឪពុកម្តាយជាច្រើនក្នុងពិភពលោកចាប់អារម្មណ៍ខ្លាំងកន្លងមក។
កុមារាម្នាក់នេះបានទទួល Subscribers រហូតដល់ជាង១៧លាននាក់ឯណោះ ហើយវាជាចំនួនដ៏ច្រើនសន្ធឹកសន្ធាប់មួយ បើប្រៀបធៀបទៅគណនីរបស់មនុស្សដទៃទៀតដែលធ្វើវីឌីអូស្រដៀងគ្នាក្នុងប្រព័ន្ធ YouTube ។
Ryan បានប្រាប់សារព័ត៌មាន NBC ថា៖«ខ្ញុំគ្រាន់តែជាក្មេងម្នាក់ដែលចូលចិត្តភាពសប្បាយរីករាយតែប៉ុណ្ណោះ។ ហើយនៅពេលអនាគតខ្ញុំចង់ក្លាយទៅជាអ្នកផលិតហ្គេមក្នុងកុំព្យូទ័រនិងទូរសព្ទដៃ»។
ភាគច្រើនចំណូលច្រើនជាង២២លានដុល្លារនេះ គឺបានមកពីចំនួនដងដែលអ្នកប្រើប្រាស់ YouTube ចូលមើលនិងពេលខ្លះទៀតគឺបានមកពីពាណិជ្ជកម្មដែលដាក់ផ្សាយមុនពេលដែលវីឌីអូរបស់កុមារានេះចាប់ផ្តើមបង្ហោះចូល You Tube៕
© រក្សាសិទ្ធិដោយ thmeythmey.com