កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ Cardiff មួយចំនួនលែងហ៊ានជិះយន្តហោះ ក្រោយ Sala បាត់ខ្លួន
× ខ្សែការពារ Sol Bamba និយាយថាសមាជិកក្រុម Cardiff City មួយចំនួនមានការភ័យខ្លាច និងលែងចង់ជិះយន្តហោះ ក្រោយមិត្តរួមក្រុមថ្មីរបស់ពួកគេ Emiliano Sala បានបាត់ខ្លួនជាមួយយន្តហោះខ្លាតតូចមួយគ្រឿង។
Sala ត្រូវបាន Cardiff City ទិញពីក្រុម Nantes ក្នុងតម្លៃឯតទគ្គកម្មក្លិប ១៥លានផោន (១៩លានដុល្លារអាមេរិក)។ ក្រោយមករូបគេបានធ្វើដំណើរពីប្រទេសបារាំងទៅក្រុង Cardiff ប្រទេសវែលិ៍ ដើម្បីចូលរួមជាមួយក្លិបថ្មីប៉ុន្តែជាអកុសល យន្តហោះដែលរូបគេជិះបានបាត់ការទាក់ទងតាំងពីថ្ងៃទី២២ ខែមករា រហូតមកទល់ពេលនេះ។
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន វ័យ២៨ឆ្នាំ រួមជាមួយលោក David Ibbotson ដែលជាអ្នកបើកបរយន្តហោះម៉ាក Piper Malibu នោះ ត្រូវបានគេជឿជាក់ថាបានបាត់ពីប្រព័ន្ធរ៉ាដាអំឡុងពេលហោះហើរឆ្លងកោះ Channel Islands ចន្លោះពីបារាំង ទៅចក្រភពអង់គ្លេស។
Sol Bamba ខ្សែការពារក្រុម Cardiff City
Bamba ខ្សែការពារ Cardiff បានប្រាប់ BBC Sport ប្រចាំប្រទេសវែលិ៍ថា៖«វាពិបាកណាស់ក្នុងការរ៉ាយរ៉ាប់អំពីអារម្មណ៍របស់កីឡាករយើងនៅពេលនេះ។ ពួកគេបានទទួលអារម្មណ៍សោកសៅជុំវិញសោកនាដកម្មដ៏ធំនេះ។ យើងតែងធ្វើដំណើរតាមយន្ដហោះ ហើយកីឡាករក្មេងៗមួយចំនួនក្នុងក្រុមមានការភ័យខ្លាច និងលែងចង់ធ្វើដំណើរតាមអាកាសទៀតហើយ»។
ជុំវិញការបាត់ខ្លួននេះដែរ មានកីឡាករល្បីមួយចំនួនដូចជា Lionel Messi, Fabio Da Silva និង Sergio Aguero និងរួមទាំងរធានាធិបតីអាហ្សង់ទីនលោក Mauricio Macri ជាដើម បានស្នើឲ្យភាគីខាងអង់គ្លេស និងបារាំងបន្តរុករក Emiliano Sala និងអ្នកបើកបរឲ្យអស់ពីសម្ថភាព បើស្លាប់ឲ្យឃើញសាកសពបើរស់ឲ្យឃើញមនុស្ស៕
Tag:
បាល់ទាត់
Emiliano Sala
Cardiff City
© រក្សាសិទ្ធិដោយ thmeythmey.com