ជាតិ
សង្គមជាតិ
មន្ត្រី​កាំកុងត្រូល ដុត​កម្ទេច​ខ្ទឹមស​ផ្ទុក​សារធាតុ​គីមី​នាំចូល​ពី​ប្រទេស​ចិន ជាង ២០​តោន​
31, Jan 2019 , 11:29 am        
រូបភាព
រូបភាពពីក្រសួងពាណិជ្ជកម្ម
រូបភាពពីក្រសួងពាណិជ្ជកម្ម
​ភ្នំពេញ​៖ ខ្ទឹមស​នាំចូល​ពី​ប្រទេស​ចិន និង​គ្រាប់​ធញ្ញជាតិ​ទម្ងន់​ជាង ២៥​តោន ដែលមាន​ផ្ទុក​សារធាតុ​គីមី​ប្រភេទ​ថ្នាំពុល​កសិកម្ម Disulfoton សម្រាប់​ការពារ​សត្វល្អិត​បំផ្លាញ​ដំណាំ ត្រូវបាន​រកឃើញ និង​ដុត​កម្ទេចចោល ក្នុង​ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៩​នេះ​។


 
​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដែល​បាន​ចូលរួម​ក្នុង​ពិធី​ដុត​កម្ទេច​ទំនិញ​ផ្ទុក​សារធាតុ​គីមី​តាំង​នោះបាន​លើកឡើងថា ទំនិញ​នោះ​អាច​បង្ក​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ ដូចជា​ធ្វើឱ្យ​អ្នក​បរិភោគ​ក្អួត រាគ ញ័រ ប្រកាច់ ភ្នែក​រួម​តូច និង​ពិបាក​ដកដង្ហើម ហើយ​អាច​បណ្តាល​ឱ្យស្លាប់​បាន ក្នុងករណី​ធ្ងន់ធ្ងរ​។ 


 
​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និ​យ​យ​ដូច្នេះ​ថា​៖«​ការដុត​កម្ទេចទំនិញ​ថ្ងៃនេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​កង្វល់​របស់​ប្រជាពលរដ្ឋ​»​។ 
 
​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ស្នើ​ឲ្យ​មន្ត្រី​សាខា​កាំកុងត្រូល​ទាំងអស់ បន្ត​ប្រឹងប្រែង​ត្រួតពិនិត្យ​ទំនិញ​នៅលើ​ទីផ្សារ និង​នៅតាម​ហាង​លក់ទំនិញ​ថែមទៀត ដើម្បី​ចូលរួម​លើកកម្ពស់​សុវត្ថិភាព​ម្ហូបអាហារ ជូន​អ្នកប្រើប្រាស់​នៅ​កម្ពុជា ដោយ​អនុលោម​តាម​កម្មវិធី​អភិក្រម ស្តីពី «​ការគ្រប់គ្រង​ហានិភ័យ​» ផ្អែកលើ​មូលដ្ឋាន​បច្ចេកទេស និង​វិទ្យាសាស្ត្រ​ច្បាស់លាស់​។​
 
​ក្នុង​ឆ្នាំ​២០១៨ អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ដកហូត​ទំនិញ​ខូចគុណភាព និង​ម្ហូបអាហារ​ពុំមាន​សុវត្ថិភាព ទម្ងន់​សរុប​ចំនួន ៦៦​តោន (​បន្លែ ផ្លែឈើ គ្រឿង​កំប៉ុង គ្រឿង​សមុទ្រ និង​សាច់​ស្រស់​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ ឬ​សំណល់​ថ្នាំ​កសិកម្ម​) យកទៅ​ដុត​កម្ទេចចោល ។​ក្នុងនោះ​ទំនិញ​ទម្ងន់ ៥,៣​តោន ត្រូវបាន​រឹបអូស​ពី​មាត់ច្រក​ព្រំដែន និង​នៅតាម​ទីផ្សារ​នៃ​ខេត្ត​ព្រះសីហនុ​។​នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​៕

Tag:
 ទំនិញ​ផ្ទុក​សារធាតុ​គីមី
© រក្សាសិទ្ធិដោយ thmeythmey.com