អតីតមន្ត្រីជាន់ខ្ពស់វ៉េណេស៊ុយអេឡាបួនរូបដែលជាអ្នកគាំទ្រស្ម័គ្រស្មោះលោក ហ៊ូហ្គោ ឆាវេស បានចេញមុខទិតៀនប្រធានាធិបតី នីកូឡា ម៉ាឌុយរ៉ូ ដែលប្រើប្រាស់រាល់មធ្យោបាយដើម្បីការពារអំណាចខ្លួនឯង ហើយក៏មិនទុកចិត្តចំពោះប្រធានាធិបតីប្រកាសខ្លួនឯង លោក ហ័ន កៃ្វដូ ដែលកំពុងដើរតាមផ្លូវដែលក្រុងវ៉ាស៊ីនតោនគូសវាសឲ្យដែរ។
សមាជិកជាន់ខ្ពស់នៃចលនាបដិវត្តន៍សង្គមនិយម និងជាអ្នកគាំទ្រអតីតប្រធានាធិបតី ហ៊ូហ្គោ ឆាវេស ងប់ងល់ដូចប្រជាជនវ៉េណេស៊ុយអេឡារាប់លាននាក់ផ្សេងទៀតនោះ បានចេញមុខប្រឆាំងនឹងរបបដឹកនាំរបស់លោក នីកូឡា ម៉ាឌុយរ៉ូ ដែលកំពុងរងសម្ពាធពីសហគមន៍អន្តរជាតិស្រាប់។
បើតាមទីភ្នាក់ងារព័ត៌មាន AFP អតីតមន្ត្រីជាន់ខ្ពស់ទាំងនោះបានមិនទទួលស្គាល់ភាពស្របច្បាប់នៃរបបដឹកនាំលោក ម៉ាឌុយរ៉ូ ឡើយ ហើយពួកគេទាំងនោះក៏នៅតែស្ទាក់ស្ទើរក្នុងការគាំទ្រលោក ហ័ន កៃ្វដូ ដែលត្រូវបានប្រទេសជាច្រើន រួមទាំងអាមេរិក និង រដ្ឋសមាជិកសហភាពអឺរ៉ុបទទួលស្គាល់ដែរ។
ក្នុងចំណោមអ្នកទាំងបួនមាន អតីតរដ្ឋមន្ត្រីពាណិជ្ជកម្ម និងជាអតីតឯកអគ្គរដ្ឋទូតជំនាន់លោក ឆាវេស លោក Gustavo Marquez ដែរ។ លោកយល់ឃើញថា ទាំងប្រធានាធិបតីចាស់ដែលមានយោធាគាំទ្រ និងទាំងប្រធានាធិបតីថ្មីដែលមានអន្តរជាតិទទួលស្គាល់សុទ្ធតែមិនអាចជាក្តីរំពឹងសម្រាប់វ៉េណេស៊ុយអេឡាឡើយ។
អតីតមន្ត្រីជាន់ខ្ពស់វ័យ ៧២ឆ្នាំរូបនេះនិយាយដូច្នេះ៖ ម៉ាឌុយរ៉ូ ក្តោបក្តាប់អំណាចដោយមិនមានភាពស្របច្បាប់ ខណៈដែល កៃ្វដូ វិញកំពុងបង្កើតរបបដឹកនាំដូចគ្នាដោយមានជំនួយពីអាមេរិកនិងទណ្ឌកម្មសេដ្ឋកិច្ច។ អ្នកទាំងពីរគ្មានអ្វីខុសគ្នាឡើយ។ ម៉ាឌុយរ៉ូ សម្អាងមានយោធាគាំទ្រ មិនខ្វល់ពីការពិតជាក់ស្តែងដែលកំពុងកើតឡើង។ ឯ កៃ្វដូ វិញ គឺអានតាមសំណេរដែលក្រុងវ៉ាស៊ីនតោនរៀបចំឲ្យប៉ុណ្ណោះដើម្បីឈានទៅគ្រប់គ្រងប្រទេសនិងប្រេងបម្រុងវ៉េណេស៊ុយអេឡា»។
បើតាមអតីតមន្ត្រីជាន់ខ្ពស់រូបនេះ ក្រុមប្រឆាំងកំពុងយកជីវិតពលរដ្ឋវ៉េណេស៊ុយអេឡារាប់លាននាក់មកលេងសើច និងកំពុងព្យាយាមបើកទ្វារឲ្យគេប្លន់យកធនធានវ៉េណេស៊ុយអេឡាដូច្នេះដែរ។ ទោះចរចាក៏ដោយ ឬប្រើប្រាស់សង្គ្រាមក៏ដោយ វ៉េណេស៊ុយអេឡា នឹងត្រូវបែកជាចំណែក ហើយមហាអំណាចដូចជាអាមេរិក រុស្ស៊ី និងចិន ត្រៀមខ្លួនត្រងយកប្រយោជន៍ទាំងនោះ។
អតីតមន្ត្រីជាន់ខ្ពស់ម្នាក់ទៀតគឺ អតីតអគ្គរដ្ឋអាជ្ញាលោកស្រី Luisa Ortega។ លោកស្រី ត្រូវបានរបបដឹកនាំលោក ម៉ាឌុយរ៉ូ បណ្តេញចេញនៅក្នុងឆ្នាំ ២០១៧ ពេលដែលខ្លួនព្យាយាមលូកដៃ និងរិះគន់ការបំពានគោលការណ៍ប្រជាជាធិបតេយ្យ និងធ្វើទុក្ខបុកម្នេញបាតុករពីសំណាក់របបដឹកនាំលោក ម៉ាឌុយរ៉ូផ្ទាល់។ ប៉ុន្តែផ្ទុយពីលោក Gustavo Marquez លោកស្រី Ortega ប្រកាសគាំទ្រលោក កៃ្វដូ ដ្បិតលោកស្រីយល់ថា ជោគជ័យរបស់លោក កៃ្វដូ នឹងក្លាយជាជោគជ័យរបស់ពលរដ្ឋវ៉េណេស៊ុយអេឡារាល់គ្នា។
មន្ត្រីជាន់ខ្ពស់ម្នាក់ទៀតដែលធ្លាប់កាន់តំណែងរដ្ឋមន្ត្រីបួនផ្សេងគ្នា និងជាមិត្តភក្តិលោក ឆាវេស លោក Hector Navarro បានប្រដូចស្ថានភាពប្រទេសជាតិនៅនឹងរទេះភ្លើងល្បឿនលឿនពីរដែលនឹងជិតបុកគ្នាហើយប្រជាជនវ៉េណេស៊ុយអេឡាទាំងអស់ស្ថិតនៅលើរទេះភ្លើងទាំងនោះ។
អតីតមន្ត្រីជាន់ខ្ពស់សម័យលោក ឆាវេស ដែលត្រូវបានលោក ម៉ាឌុយរ៉ូ បណ្តេញចេញពីបក្សក្រោយលោករិះគន់អំពើពុករលួយក្នុងរបបដឹកនាំនោះ បានចោទជាសំណួរថា តើចំណុចចុងក្រោយនឹងអាចអូសប្រទេសជាតិឲ្យធ្លាក់ខ្លួនជាឧបករណ៍បម្រើប្រយោជន៍បរទេស ឬក៏អាចអនុញ្ញាតឲ្យប្រជាជនក្លាយជាអ្នកសម្រេចជោគវាសនារបស់ប្រទេសជាតិចុងក្រោយទៅវិញ?
ចុងក្រោយគឺអតីតរដ្ឋមន្ត្រីសេដ្ឋកិច្ចលោកស្រី Oly Millan។ លោកស្រី Millan មិនពេញចិត្តរបបដឹកនាំបច្ចុប្បន្នដែលដឹកនាំដោយលោក ម៉ាឌុយរ៉ូ ឡើយ ហើយក៏បន្ទោស បញ្ហាកើតឡើងជាបរាជ័យនៃគោលនយោបាយសង្គមនិយម «Chavism» បង្កើតឡើងដោយលោក ឆាវ៉េស ដែលអនុញ្ញាតឲ្យរដ្ឋគ្រប់គ្រងរាល់វិស័យទាំងអស់ដែរ។ មន្ត្រីជាន់ខ្ពស់រូបនេះចង់ប្រមែរប្រមូលអតីតសមាជិកគណរដ្ឋមន្ត្រីផ្សេងទៀតចូលរួមគ្នាដើម្បីស្ដារតួនាទីស្ថាប័នរដ្ឋាភិបាលឡើងវិញដើម្បីដោះស្រាយវិបត្តិនយោបាយ សេដ្ឋកិច្ច និងសង្គម។ ប៉ុន្តែក្តីសង្ឃឹមថា គំនិតរបស់លោកស្រីក្នុងការសង្គ្រោះប្រទេសជាតិនោះពិបាកនឹងទទួលការគាំទ្រក្នុងពេលដែលសង្គមបែកខ្ញែកគ្នាខ្លាំងដូចបច្ចុប្បន្ន៕