រថយន្ត
អន្តរជាតិ
ការលក់រថយន្តនៅចិនធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជិត៣០ឆ្នាំ
× ការលក់រថយន្តនៅក្នុងប្រទេសចិន ធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជិត៣០ឆ្នាំ។ នេះបើតាមការផ្សាយរបស់ South China Morning Post ដោយភ្ជាប់មូលហេតុពាក់ព័ន្ធនឹងសង្គ្រាមពាណិជ្ជកម្មរបស់ចិន និងអាមេរិក។
ការលក់ចេញនូវរថយន្តប្រភេទដឹកអ្នកដំណើរ នៅក្នុងប្រទេសចិន បានធ្លាក់៥,៨ភាគរយ កាលពីឆ្នាំមុន។ សមាគម China Passenger Car Association បានគូសបញ្ជាក់ថា នេះជាការដាំក្បាលចុះដ៏ធំបំផុតក្នុងទីផ្សាររថយន្តនៅចិន បើគិតចាប់តាំងពីឆ្នាំ១៩៩២ មក។
ក្រុមហ៊ុនយានយន្ត Great Wall Motor និង Geely Autombile Holding បានបង្កើនកិច្ចពិភាក្សាកំណត់គោលនយោបាយទីផ្សារ ក្រោយឃើញតួលេខធ្លាក់ចុះនៃការលក់រថយន្តក្នុងប្រទេសចិនកាលពីខែធ្នូកន្លងមក។
លោក Ning Jizhe អនុប្រធានគណៈកម្មាធិការកែទម្រង់ និងអភិវឌ្ឍន៍ជាតិចិន បានអះអាងប្រាប់ទូរទស្សន៍រដ្ឋថា ការប្រឹងប្រែងដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក គឺជារឿងចាំបាច់បំផុតក្នុងឧស្សាហកម្មយានយន្ត ប៉ុន្តែលោកមិនលើកឡើងពីគោលការណ៍លំអិតនោះឡើយ។
តួលេខលក់ចេញបានធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅក្នុងខែធ្នូ ជាពិសេសនៅតំបន់ចិនដីគោក។ Geely ដែលជាក្រុមហ៊ុនដ៏ជោគជ័យបំផុតនៅចិន តាមរយៈការលក់ចេញកើន៨,៤ភាគរយ នៅទឹកដីហុងកុង បន្ទាប់ពីកំណើនដ៏យឺតនៅទឹកដីចិនដីគោក។ ក្រុមដែលគ្រប់គ្រងលើផលិតផល Volvo និងមានភាគហ៊ុនក្នុង Daimler ផងដែរនោះ មានការលក់ចេញធ្លាក់ចុះដល់ទៅ៤៤ភាគរយ កាលពីខែធ្នូ។
សង្គ្រាមពាណិជ្ជកម្ម ចិន-អាមេរិក បានគឺជាមូលហេតុចម្បងនៃការធ្លាក់ចុះនេះ ជាពិសេសប្រភេទរថយន្តដឹកអ្នកដំណើរ ដែលថយចុះ ៥,៨ភាគរយ ពោលគឺត្រឹមតែ២២,៣៥លានគ្រឿងប៉ុណ្ណោះកាលពីឆ្នាំ២០១៨។
ទាក់ទងនឹងបញ្ហានេះ លោក Zhou Ling អ្នកគ្រប់គ្រងហិរញ្ញវត្ថុនៅស្ថាប័នវិនិយោគ Shanghai Shiva បានលើកឡើងថា ក្រុមហ៊ុនយានយន្តចិន ត្រូវការការគាំទ្រជាចាំបាច់ពីសំណាក់រដ្ឋាភិបាល ប៉ុន្តែស្ថានភាពបែបនេះ វាមិនមែនជារឿងងាយស្រួលនោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com