សង្គមអន្តរជាតិ
អន្តរជាតិ
អុីតាលីមានសេវាកម្ម «Instagram Boyfriend» ដែលតម្លៃជាង១២០០ដុល្លារក្នុង១ថ្ងៃ
× នៅជប៉ុន ក្រុមហ៊ុនមួយបានដំណើរការអស់រយៈពេល១០ឆ្នាំ ជាមួយនឹងការផ្តល់សេវាកម្មមនុស្សឲ្យធ្វើជាសមាជិកគ្រួសារក្លែងក្លាយ និងដើម្បីបង្ហោះរូបនៅលើបណ្តាញសង្គមជាមួយគ្នា។ គំនិតដូចគ្នានេះ ក៏ត្រូវបានយកទៅអនុវត្តនៅក្នុងក្រុងរ៉ូម ប្រទេសអុីតាលី ដោយក្រុមទេសចរណ៍មួយផងដែរ។
ភ្នាក់ងារទេសចរណ៍អុីតាលី Roma Experience បានបង្កើតសេវាកម្មថ្មីបន្ថែមទៀតសម្រាប់ភ្ញៀវរបស់ខ្លួនក្នុងដំណើរកម្សាន្តទៅកាន់ទីក្រុងរ៉ូម។ « Insta Boyfriend» ឬ «Instagram Boyfriend» ជាសេវាកម្មដែលជួយបំបាត់ភាពឯកោរបស់ភ្ញៀវ ជាពិសេសអ្នកដែលនៅលីវ។
Roma Experience បានលើកឡើងថា រ៉ូមត្រូវបានទទួលស្គាល់ថា ជាទីក្រុងរ៉ូម៉ង់ទិចមួយនៅលើពិភពលោក ហេតុដូច្នេះហើយ ភ្ញៀវទេសចរតែងតែចង់មានរូបថតអនុស្សាវរីយ៍ដែលមិនអាចមិនបំភ្លេច។ សេវាកម្ម « Insta Boyfriend » ឆ្លើយតបជាពិសេសសម្រាប់ទេសចរនារីដែលនៅលីវ។
កញ្ចប់ពិសេសសម្រាប់អ្នកនៅលីវដែលមានឈ្មោះថា «Rome in One Day» មានតម្លៃ៧៣៥អឺរ៉ូ (ជាង៨៣៣ដុល្លារ) ហើយតម្លៃឡើងដល់១០៨៥អឺរ៉ូ (ជាង១២០០ដុល្លារ) ក្នុងមួយថ្ងៃសម្រាប់ដំណើរទៅកាន់តំបន់នានាក្នុងក្រុងរ៉ូម អមដោយដៃគូសម្រាប់ថត Selfie ដើម្បីបង្ហោះក្នុង Instagram។
តាមពិតទៅ Insta Boyfriend មិនខុសពីសេវាកម្មជួលអ្នកថតរូបតាមខ្លួននោះឡើយ ដោយអតិថិជនអាចតម្រូវឲ្យមិត្តប្រុសក្លែងក្លាយ ថតរូបឲ្យខ្លួនដោយសេរី ឬក៏អាចថតសែលហ្វី ដើម្បីបង្ហោះនៅលើ Instagram រួមគ្នាបានផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com