កីឡាអន្តរជាតិ
អន្តរជាតិ
រដ្ឋមន្ត្រីព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត ថាព្រះអង្គ Bin Salman គ្មានបំណងទិញ Man Utd ឡើយ
× រជ្ជទាយាទនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតព្រះអង្គ Mohammed Bin Salman គ្មានបំណងចង់ទិញក្លិប Manchester United ដូចការចុះផ្សាយពីបណ្តាព័ត៌មានកន្លងមកនោះទេ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីព័ត៌មានអារ៉ាប៊ីសាអ៊ូឌីតនៅថ្ងៃទី ១៨ ខែកុម្ភៈ ដោយបញ្ជាក់ថាមិនមានការទិញដូរនោះទេ គឺគ្រាន់តែពិភាក្សាលើកការឧបត្ថម្ភក្លិបប៉ុណ្ណោះ។
ព្រះអង្គម្ចាស់ Bin Salman ដែលមានបំណងចង់ទិញក្លិបយក្សពីក្របខណ្ឌ Premier League គឺ «មិនពិតទាំងស្រុងនោះទេ» ។ លោក Turki al-Shabanah រដ្ឋមន្ត្រីព័ត៌មានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter ដូច្នេះ។
លើសពីការបដិសេធលោក Turki ថែមទាំងប្រតិកម្មទៅនឹងរបាយការណ៍ដែលថារជ្ជទាយាទនៃប្រទេសលោក ព្យាយាមលួងលោកក្រុមគ្រួសារ Glazer ដែលជាម្ចាស់ក្លិបបិសាចក្រហមដើម្បីទិញក្លិបមកគ្រប់គ្រងវិញ។
«Manchester United បានជួបប្រជុំជាមួយមូលនិធិវិនិយោគសាធារណៈ (PIF) របស់អារ៉ាប់ប៊ីសាអូឌីតដើម្បីពិភាក្សាគ្នាអំពីការឧបត្ថម្ភ (sponsorship) ប៉ុណ្ណោះ ប៉ុន្តែការទិញដូរណាមួយមិនទាន់មានជារូបរាងនោះទេ»។ លោក Turki អះអាងដូច្នេះ។
កាលពីថ្ងៃទី១៧ ខែកុម្ភៈ កាសែតអង់គ្លេស The Sun បានផ្សាយថាព្រះអង្គម្ចាស់ Bin Salman ដែលបច្ចុប្បន្នមានព្រះជន្ម ៣៣ វស្សា ហ៊ានជះលុយចំនួន ៣,៨ពាន់លានផោន (៤,៩លានដុល្លារអាមេរិក) ដើម្បីបំពេញបំណងទិញក្លិបបាល់ទាត់ដែលមានឈ្មោះល្បីនៅអង់គ្លេសមួយនេះ។
The Sun ថែមទាំងសរសេទៀតថា កាលពីខែតុលា ឆ្នាំ២០១៨ រជ្ជទាយាទនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតអង្គនេះធ្លាប់ដាក់តម្លៃដេញថ្លៃសម្រាប់ក្លិប Man Utd ម្តងដែរប៉ុន្តែត្រូវបានទទួលរងការរិះគន់ ដ្បិតប្រទេសសម្បូរប្រេងមួយនេះកំពុងមានជាប់ពាក់ព័ន្ធការស្លាប់របស់អ្នកកាសែតលោក Jamal Khashoggi ក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីតនៅតួកគី៕
Tag:
បាល់ទាត់
Mohammed Bin Salman
Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com