កីឡាអន្តរជាតិ
អន្តរជាតិ
FA Cup៖ Man Utd ឡើងទៅ​ជួប Wolver ក្រោយ​ឈ្នះ Chelsea ២-០
19, Feb 2019 , 9:49 am        
រូបភាព
Manchester United នឹងត្រូវ​បន្តទៅ​ជួប Wolverhampton Wanderers សម្រាប់​ការប្រកួត​ពានរង្វាន់ FA Cup វគ្គ​៨​ក្រុម​ចុងក្រោយ ខណៈ Manchester City ត្រូវ​តទល់​ជាមួយ Swansea City ក្រោយ​ការចាប់​ឆ្នោត​រើស​គូ​នៅ​យប់​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​។​


 
​ម្ចាស់​ជើងឯក​១២​សម័យ Man Utd បាន​ឈាន​មកដល់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​នេះ បន្ទាប់ពី​ពួកគេ​ទម្លាក់​ម្ចាស់​ជើងឯក​ចាស់ Chelsea នៅ​ទឹកដី Stamford Bridge ដោយ​លទ្ធផល ២-០ នា​ការប្រកួត​ជុំ​ទី​៥ នៅ​រាត្រី​ថ្ងៃទី​១៨ ខែកុម្ភៈ​។ ពីរ​គ្រាប់​របស់​ក្រុម​បិសាច​ក្រហម​ធ្វើបាន​ដោយ Ander Herrera និង Paul Pogba​។​


 
​ដោយឡែក Wolverhampton ដែល​ត្រូវ​ដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ​សម្រាប់​ជំនួប​ទល់នឹង Man Utd នេះ គឺ​បន្ទាប់ពី​ពួកគេ​យកឈ្នះ Bristol City ១-០​។​
 
​រីឯ Manchester City ក្រុម​ម្ចាស់​ជើងឯក​ការពារ​ជើងឯក Premier League នឹងធ្វើ​ដំណើរ​ទៅ​ជួប ក្រុម​ក្នុង​លី​គ​លំដាប់​ទី​២​អង់គ្លេស Swansea City ខណៈ Crystal Palace ត្រូវ​តទល់​នឹង Watford សម្រាប់​ការប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយនេះ​។​


 
​ចំណែក​មួយគូ​ទៀត Millwall នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ដើម្បី​ស្វាគមន៍ Brighton & Hove Albion​។ ការប្រកួត​វគ្គ​៨​ក្រុម FA Cup នឹងធ្វើ​នៅ​ថ្ងៃទី​១៥ និង ១៨ ខែមីនា​ឆ្នាំ​២០១៩៕
 
​លទ្ធផល​នៃ​ការចាប់​ឆ្នោត​វគ្គ​៨​ក្រុម​៖
 
- Swansea City Vs Manchester City
- Watford Vs Crystal Palace
- Wolverhampton Wanderers Vs Manchester United
- Millwall Vs Brighton & Hove Albion
 

Tag:
 បាល់ទាត់​
  FA Cup
© រក្សាសិទ្ធិដោយ thmeythmey.com