អន្តរជាតិ
លោក ឌូ​ទើ​តេ ថា សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​នឹង​កាន់តែ​សាហាវ​
21, Feb 2019 , 10:25 am        
រូបភាព
រូបភាព AFP
រូបភាព AFP
​ទោះ​រង​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ និង​អង្គការសិទ្ធិមនុស្ស​ក្ដី ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នឹងមិន​បន្ធូរដៃ​ឡើយ​ក្នុងការ​ធ្វើសង្គ្រាម​ប្រឆាំង​គ្រឿងញៀន​។ លោក ឌូ​ទើ​តេ ប្រកាស​ជា​ចំហ​ថា លោក​នឹងមិន​លើកលែង​ឲ្យ​នរណា​ឡើយ​ដែល​បំផ្លាញ​អនាគត​ហ្វីលីពីន ហើយ​យុទ្ធនាការ​នេះ​នឹង​បន្តធ្វើ​រហូត​ទោះ​លោក​អាច​អស់តំណែង ឬ​ជួប​បញ្ហា​ផ្សេងៗ​ដោយសារ​រឿងនេះ​ក្ដី​។​

 
​សង្គ្រាម​បោសសម្អាត​គ្រឿងញៀន គឺជា​គោលនយោបាយ​ដ៏​ធំ និង​ចម្រូងចម្រាស​របស់​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ។ របាយការណ៍​ពី​ប៉ូលិស​ហ្វីលីពីន​បង្ហាញថា មនុស្ស​ជាង​៥​ពាន់​នាក់ បាន​បាត់​បង់ជីវិត​ក្នុង​យុទ្ធនាការ​កណ្ដាប់ដៃ​ដែក​នេះ ប៉ុន្តែ​ក្រុម​សិទ្ធិមនុស្ស​ដែល​រិះគន់​ចំណាត់ការ​មួយ​នេះ​អះអាងថា តួលេខ​របស់​រដ្ឋាភិបាល​នេះ​មាន​ចំនួន​តិចជាង​ចំនួន​ជាក់ស្ដែង​ដែល​អាចមាន​ដល់​មួយ​ម៉ឺន​នាក់​ឯណោះ​។  
 
​ទោះជា​យ៉ាងណា លោក ឌូ​ទើ​តេ គ្មាន​បំណង​បន្ធូរដៃ​ឡើយ​។ ពី​វិមាន​ប្រធានាធិបតី Malacañang នៅ​ថ្ងៃទី​២០ ខែកុម្ភៈ មេដឹកនាំ​ហ្វីលីពីន​រូបនេះ​ប្រកាសថា យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន នឹង​រឹតបន្តឹង​កាន់តែខ្លាំង​ទៀត​នៅពេល​ខាងមុខ ហើយ​លោក​ក៏បាន​ប្រាប់​មនុស្ស​រាល់គ្នា​រួចរាល់​ហើយពី​រឿងនេះ​។ លោក​ថា លោក​មិន​ឲ្យ​ហ្វីលីពីន​ត្រូវបាន​បំផ្លាញ​ដោយ​គ្រឿងញៀន​រហូត​ធ្លាក់ខ្លួន​ជា​រដ្ឋ​មួយ​ដែល​បែកបាក់​ដោយសារ​ធាតុ​ញៀន​នេះឡើយ​។​
 
​ទន្ទឹមនឹង​ការប្រកាស​រឹតបន្តឹង​ការបង្ក្រាប​គ្រឿងញៀន​នោះ ប្រធានាធិបតី​ហ្វីលីពីន​ក៏​រូប​ប្ដេជ្ញាចិត្ត​ជីក​ឬ​ស​ជីក​គល់​ការជួញដូរ និង​លំហូរ​គ្រឿងញៀន​ចូល​ហ្វីលីពីន​មិនចេះ​ឈប់ឈរ​។ សារព័ត៌មាន​ហ្វីលីពីន ABS-CBN ផ្សាយ​ថា លោក ឌូ​ទើ​តេ បាន​គំរាម​ឈ្មួញ​គ្រឿងញៀន​ទាំងអស់ មិន​ថា​ពួកគេ​ជា​ជនជាតិ​ម៉ិ​ក​ស៊ិ​ក ចិន ឬ​ជន​រួម​ឈាម​ហ្វីលីពីន​ឡើយ គឺ​ពួកគេ​គ្មាន​ផ្លូវ​ទៀតឡើយ​ដោយ​លោក​នឹង​តាម​ចាប់​ពួកគេ ហើយ​សម្លាប់ចោល​តែម្ដង​។​
 
​ប្រតិបត្តិការ​ខ្លាំងក្លា​បែបនេះ ធ្វើ​ឲ្យ​លោក ឌូ​ទើ​តេ រង​ប្រតិកម្ម​មិនតិច​ឡើយ​ពិសេស​លើ​ប្រធានបទ​សិទ្ធិមនុស្ស​។ ការសម្លាប់​មនុស្ស​ឆៅៗ​បែបនេះ ធ្វើ​ឲ្យ​តុល​ការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បើក​ការស៊ើបអង្កេត​បឋម​ដើម្បី​ពិនិត្យ​ស្ថានការណ៍​ថា ចំណាត់ការ​របស់​រដ្ឋា​ភិ​បាល​លោក ឌូ​ទើ​តេ អាច​ស្ថិតក្រោម​យុត្តាធិការ​របស់ខ្លួន​ទៀតផង​។ យ៉ាងណាមិញ ប្រធានាធិបតី​មាត់ឆៅ​រូបនេះ​មិន​ខ្វល់ខ្វាយ​អ្វី​ទេ ហើយក៏​ត្រៀមខ្លួន​ទទួលយក​លទ្ធផល​ដែល​កើតចេញពី​នយោបាយ​របស់ខ្លួន​ផង​។​
 
«​ខ្ញុំ​ត្រៀមខ្លួន​ចុះ​នរក តែ​ខ្ញុំ​មិន​ដឹកនាំ​ប្រទេស​ឲ្យ​យ៉ាប់យ៉ឺន​ឡើយ​។​» នេះ​ជាការ​សន្យា​របស់លោក ឌូ​ទើ​តេ ដែលជា​សញ្ញា​បង្ហាញថា សង្គ្រាម​គ្រឿងញៀន​នឹង​នៅតែ​ជា​អាទិភាព​សំខាន់​របស់​រដ្ឋាភិបាល​លោក​ដដែល​។ មិន​ត្រឹម​មិន​បោះបង់​ឡើយ លោក ឌូ​ទើ​តេ ក៏​បង្ហើប​ដែរ​ថា សង្គ្រាម​មួយ​នេះ​នឹង​កាន់តែ​បង្ហូរឈាម​ខ្លាំង​ថែមទៀត ព្រោះ​ក្នុងនាម​ជា​ប្រធានាធិបតី លោក​មានកា​ត្វ​កិច្ច​រក្សា​សុវត្ថិភាព​សម្រាប់​ប្រជាជន​ហ្វីលីពីន​៕
 

Tag:
 ហ្វីលីពីន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com