អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
រវល់​តែ​ខ្លាច​រឿង ៥ យ៉ាងនេះ អ្នក​នឹងមិន​មានផ្ទះ​នៅក្នុង​ទីក្រុង​ទេ នៅពេល​អនាគត​
21, Feb 2019 , 2:46 pm        
រូបភាព
ដោយ: ថ្មីៗ
ទីផ្សារ​អចលនទ្រព្យ​កាន់តែ​រីកចម្រើន ទីក្រុង​រីក​កាន់តែ​ធំ ដីស្រែ​ប្រែជា​ដី​ក្រុង សំណង់​អគារ លំនៅដ្ឋាន​ថ្មីៗ​ត្រូវបាន​សាងសង់​យ៉ាងច្រើន​ពីមួយថ្ងៃ​ទៅមួយ ស្របពេល​ចំនួន​ប្រជាជន​នៅក្នុង​ទីក្រុង​កើនឡើង​កាន់តែច្រើន ដែល​ចំនួន​នេះ​ត្រូវបាន​គេ​ប៉ាន់​ស្មានថា អាច​នឹង​កើន​ពី ៤ ទៅ ៧ លាន​នាក់​ដល់​ឆ្នាំ ២០៣០ (​នេះ​តាម​របាយការណ៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ឆ្នាំ ២០១៧)​។​
 
​កត្តា​ទាំងនេះ​បាន​កំពុង​ជំរុញ​តម្លៃ​អចលនទ្រព្យ​ឲ្យ​កើនឡើង​ជានិច្ច ហើយ​អ្នកជំនាញ​ជាច្រើន បាន​អះអាង​ដូចៗ​គ្នា តម្លៃ​អចលនទ្រព្យ​នឹងមិន​ធ្លាក់ចុះ​វិញ​នោះទេ ទោះ​ការទិញ​លក់​មាន​ចំនួន​ថយចុះ​ក៏ដោយ លើកលែង​តែមាន​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​។​
 
​ខាងក្រោម​នេះ​គឺជា​កត្តា ៥ យ៉ាង ដែល​អ្នកជំនាញ​ជឿថា អ្នកនឹង​មិនមាន​អចលនទ្រព្យ (​ដី និង​ផ្ទះ​) នៅក្នុង​ទីក្រុង​នោះទេ ប្រសិនបើ​អ្នកមាន​ការភ័យខ្លាច​ខ្លាំងពេក ចំពោះ​ចំណុច​ទាំងនេះ នៅពេល​វិនិយោគ​៖
 
១. មិន​ហ៊ាន​វិនិយោគ ព្រោះ​ដី​មានតែ​ប្លង់​ទន់
 
​ជាការ​ពិតណាស់ នៅពេល​ទិញ​ដី អ្នក​ត្រូវ​ជីក​ឬ​ស​ជីក​គល់​រក​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់ (​ប្លង់រឹង​) ព្រោះ​វា​ចំណុច​សំខាន់​ជាងគេ​បំផុត ។ ប៉ុន្តែ​អ្នក​ក៏​គួរ​ដឹង​ដែរ​ថា តើ​ដី​តំបន់​នេះ​ជា​ដី​មាន​ប្លង់រឹង ឬ​ប្លង់​ទន់​។ ករណី​បើ​តំបន់​ទាំងមូល ជាទូទៅ​ប្រជាជនមាន ត្រឹមតែ​ប្លង់​ទន់ អ្នក​ប្រហែល​មិនគួរ​ស្ទាក់ស្ទើរ​ខ្លាំងពេក​នោះទេ​។​
​វិនិយោគិន​ធំៗ​ជាច្រើន​ចំណេញ​លុយរាប់​ម៉ឺន​ដុល្លារ តាមរយៈ​ការវិនិយោគ​ដី​ជាមួយ​ប្លង់​ទន់​បច្ចុប្បន្ននេះ​។​
 
២. គិតថា​ឆ្ងាយ​ពី​តំបន់​កណ្តាល​ក្រុង​
 
​ជាធម្មតា អ្នក​តែងតែ​ចង់​ទិញ​អចលនទ្រព្យ​មួយ​នៅ​ចំ​តំបន់​កណ្តាល​ក្រុង ដោយសារ​អ្នក​ចង់ រស់នៅ​ជិត​កន្លែង​សេវាកម្ម និង​មាន​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​។ ហើយ​អ្នក​ប្រហែល​មិន​ចង់បាន​តំបន់​ជាយក្រុង​សម្រាប់​ការរស់នៅ​នោះទេ​។ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា តើ​តំបន់​ទាំងនេះ​នឹង មាន​លក្ខណៈ​បែបណា​នៅពេល​អនាគត​។​
 
​តួយ៉ាង​តំបន់​តាមផ្លូវ​វេ​ង​ស្រេង តំបន់​ជ្រោយចង្វារ តំបន់​បឹង​ស្នោរ និង​តំបន់​អូ​ឌឹ​ម​ជាដើម សុទ្ធតែ​ត្រូវបាន គេ​ចាត់ទុកថា​ជា​តំបន់​ឆ្ងាយ​ពី​ទីក្រុង​ខ្លាំង កាលពី​ជិត ១០ ឆ្នាំមុន​។ មួយវិញទៀត កាលពី ៥ ឆ្នាំមុន តើន​រណា​ដែល​បាន​គិតថា តំបន់​សែន សុខ នឹងមាន​វត្តមាន សែន​សុខ ស៊ី​ធី (​អ៊ី​អន​២) នៅ​ប៉ែក​ខាងជើង​ភ្នំពេញ​?  បើ​ក្រឡេកមើល​បច្ចុប្បន្ននេះ​វិញ តំបន់​ទាំងនេះ​បានក្លាយ​ទីតាំង​ពាណិជ្ជកម្ម លំនៅដ្ឋាន និង​ឧស្សា​កម្ម​ដ៏​មា​មា​ញឹក​។ ចំណែក​តម្លៃ​ដី​វិញ​មាន​កម្រិត​ខ្ពស់​គួរសម ហើយ​អ្នក​ប្រហែលជា​មិន​ងាយ​នឹង​ទិញ បាន​ដី​នៅជាប់ នឹង​ផ្លូវធំ ឬ​ដី​នៅតាម​ទីតាំង​ល្អ​ផង សម្រាប់​ពេលនេះ​។​
 
​ដូច្នេះ​បើ​អ្នក​គិតថា តំបន់​ផ្សេងៗ ដែល​នៅតាម​ជាយក្រុង មិនទាន់មាន​ការអភិវឌ្ឍ​ច្រើន មិនមែនជា​ជម្រើស​អ្នក​ពេលនេះ នោះ​ប្រហែលជា ៥ ទៅ ១០ ឆ្នាំ​ទៅមុខ អ្នកនឹង​នៅតែ គ្មាន​ផ្ទះ​នៅក្នុង​ទីក្រុង​ដដែល​។​
 
៣. យល់ថា​ចំណូល​តិចពេក​
 
​ប្រសិន​មាន​ចំណូល​ទាប​ពេក អ្នក​គួរ​ចេះ​សន្សំ​សម្រាប់​គម្រោង​អនាគត​។ អ្នកជំនាញ​ជាច្រើន បាន​ណែនាំ​ថា អ្នក​ដែលមាន​ចំណូល​ត្រឹម ៥០០ ដុល្លារ ឬ​ប្រហាក់ប្រហែល​នេះ គួរ​ទិញ​ដី​តាមរយៈ​ការបង់​រំ​លោះ​។​
​លោក ឆេង វណ្ណា ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ លោក​បាន​និយាយថា លោក​បាន​ទិញ​ដី​ឡូ​តិ៍​មួយកន្លែង​នៅពេល​លោក​មាន​ប្រាក់ខែ ៣៥០ ដុល្លារ​ក្នុង​មួយខែ​។​
 
«​ខ្ញុំ​ពិបាក​ទុក​លុយ​ឲ្យ​បាន​ច្រើនណាស់ ព្រោះ​ចំណូល​របស់ខ្ញុំ​ទាប ដូច្នេះ​ខ្ញុំ​ប្រថុយ​យកលុយ​ទៅ បង់​រំ​លោះ​ដី​ជាមួយ​ធនាគារ​។ ឥឡូវ​ដី​របស់ខ្ញុំ​មានតម្លៃ​ជាង ២ ម៉ឺន​ដុល្លារ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ឆេង វណ្ណា​។​
 
​ដូចនេះ​បើទោះបីជា​អ្នកមាន​ចំណូល​ទាប ប៉ុន្តែ​អ្នក​ក៏​អាច​ជ្រើស​រើសយក​ការវិនិយោគ​ខ្នាតតូច​ណាមួយ​ទៅ តាម​លទ្ធភាព​របស់​អ្នក​បានដែរ ដោយ​ហ៊ាន​ប្រថុយ​ប្រ​ថា​ប្រកបដោយ​ភាព​ឆ្លាត​វៃ​។​
 
៤. រង់ចាំ​សិន​
 
​មុនពេល​ទិញ​ដី ឬ​ផ្ទះ អ្នក​ប្រហែលជា​រង់ចាំ​ពេល​រៀបការ​រួច ឬ​ចាំ​ដល់ពេល​មាន​ចំណូល​ច្រើនជាង​នេះ ឬ​ចាំមើល​សិន​ថា តើ​តំបន់​នេះ​នឹង​ក្លាយជា​កន្លែង​ល្អ​សម្រាប់​ការរស់នៅ ឬក៏​អត់​។​
​ប៉ុន្តែ​សូម​ចង់ចាំ​ថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​តម្លៃ​ដី​កាន់តែ​ឡើងថ្លៃ មនុស្ស​កាន់តែច្រើន ហើយ​ប្រសិនបើ​អ្នក​មិន​ចាប់ផ្តើម​វិនិយោគ​ឲ្យ​បាន​លឿន​បំផុត​នោះ​អ្នកនឹង​ប្រឈម​បញ្ហា​ដដែល នៅពេល​អនាគត​។​

៥. គិតថា​តម្លៃ​អចលនទ្រព្យ​នឹង​ឆ្លាក់​ចុះ​
 
​លោក ស៊ន សៀ​ប ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន ឃី រៀល​អ៊ី​ស្ទេ​ត បាន​និយាយថា តម្លៃ​អចលនទ្រព្យ​នឹងមិន​ធ្លាក់ចុះ​វិញ​ទេ តែ​អាចមាន​សភាព​ថេរ ឬ​កើន​តិចតួច​។ លោ​កថា​ជាធម្មតា​តម្លៃ​អចលនទ្រព្យ​បាន​បន្ត​កើនឡើង​ជាប់​ជានិច្ច​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ជារួម​ប្រសិនបើ​អ្នក ពិតជា​ចង់បាន​លំនៅដ្ឋាន​មួយ​នៅក្នុង​ទីក្រុង​នៅពេល​អនាគត អ្នក​គួរ​ចាប់ផ្តើម​វិនិយោគ​នៅពេលនេះ​។  
 
​សម្រាប់​ពេល​ប​ច្ចុ​ប្ប​នេះ អ្នក​ប្រហែល​មិនចាំបាច់​សន្សំ​លុយ​ឲ្យ​គ្រប់​ជាមុន​នោះទេ ដោយសារតែ​ជម្រើស​នៃ ការបង់​រំ​លោះ​អាច​រក​វិធី​ល្អ​បំផុត​សម្រាប់​អ្នក​។ ប៉ុន្តែ​អ្វីដែល​អ្នក​ត្រូវ​ចងចាំ​គឺ​អ្នក​ត្រូវតែ​ជា​វិនិយោគិន​ដ៏​ឆ្លាត​វៃ ទាំង​កត្តា​ច្បាប់ កត្តា​ហានិភ័យ ភាព​ចន្លោះប្រហោង​នៃ​ទីផ្សារ និង​ការរំពឹង​ពី​ទីផ្សារ​នៅពេល​ខាងមុខ​ជាដើម​។​
 
​យើង​សូម​ណែនាំ​ឲ្យ​អ្នកធ្វើ​ការវិនិយោគ​ដោយមាន​ការប្រឹក្សា​យោបល់​ជាមួយ​អ្នកជំនាញ​ណាមួយ ប្រសិនបើ​អ្នកមាន ភាព​ក្មេងខ្ចី​ក្នុង​វិស័យនេះ​៕
 
​អត្ថបទ​ដកស្រង់​ចេញពី ៖ Realestate.com.kh!

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com