COVID-19
ជាតិ
សង្គមជាតិ
ក្រសួងអប់រំ កំណត់ឲ្យសិស្សរៀនពី៣ទៅ៦ថ្ងៃក្នុង១សប្តាហ៍ ទៅតាមកម្រិតសិក្សា សិស្សរៀននៅវិទ្យាល័យជាស៊ីមសាមគ្គី ក្នុងអំឡុងបើកសាលារៀនឡើងវិញក្នុងដំណាក់កាលទី៣ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០
× ភ្នំពេញ៖ សាលារដ្ឋ និងឯកជនគ្រប់កម្រិតទាំងអស់ នឹងចាប់ផ្តើមបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ខាងមុខនេះ ។ ប៉ុន្តែក្រសួងអប់រំ បានបែងចែកកម្មវិធីសិក្សា ខុសពីឆ្នាំមុន។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ក្នុងលិខិតបើកបវេសនកាលថា សិស្សថ្នាក់ទី៧ ដល់ទី១២ នឹងត្រូវរៀននៅសាលាចំនួន៦ថ្ងៃ។ ចំពោះសិស្សថ្នាក់ទី៩ និងទី១២ នឹងត្រូវសិក្សាលើមុខវិជ្ជាពេញលេញទាំង១០។ សម្រាប់សិស្សថ្នាក់ទី៧ និងទី១១ គឺត្រូវរៀនមុខវិជ្ជាកាតព្វកិច្ចចំនួន៨ និងមុខវិជ្ជាជម្រើសចំនួន២ទៀត។ ថ្នាក់រៀននីមួយៗ មិនត្រូវឲ្យលើសពី៤០នាក់ឡើយ ក្នុងករណីលើសគឺត្រូវបែងចែកជា២ក្រុម ដោយរៀននៅវេនខុសគ្នាៗគ្នា។
សម្រាប់សិស្សថ្នាក់ទី១ ដល់ថ្នាក់ទី៦ គឺត្រូវរៀន៥ថ្ងៃ ដោយរៀនតែមុខវិជ្ជាគោលគឺ មុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យាតែប៉ុណ្ណោះ។ នេះបើតាមការសេចក្តីណែនាំរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំដោយបញ្ជាក់ថា ក្នុងមួយថ្នាក់មិនត្រូវឲ្យលើសពី៣៥នាក់ឡើយ។
ចំណែកសិស្សមេត្តយ្យគឺត្រូវរៀនតែរយៈពេល៣ថ្ងៃ ដោយសល់២ថ្ងៃទៀតសិក្សាតាមអនឡាញ។ ក្នុងមួយថ្នាក់មិនតម្រូវឲ្យលើសពី២៥នាក់ឡើយ។ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានអំពាវវានាវដល់មាតាបិតាសិស្សដែលមានកូនរៀននៅថ្នាក់មេត្តយ្យសិក្សាជួយតាមដានការបង្រៀនរបស់កូនតាមប្រព័ន្ធអេឡិចត្រូនិក និងជួយកុមារក្នុងការអនុវត្តសន្លឹកកិច្ចការរបស់សាលា។
ជាមួយគ្នានេះសាលារៀនមួយចំនួនដែលធ្លាប់ជាកន្លែងធ្វើចត្តាឡីស័កកន្លងមកក៏ក្រសួងអប់រំបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញផងដែរ។ ដោយឡែកសាលារៀនមួយចំនួនដែលស្ថិតនៅក្នុងខេត្ត បាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ ដែលកំពុងដាក់ពលករមកពីប្រទេសថៃសម្រាប់ធ្វើចត្តាឡីស័កនោះក៏មិនទាន់អាចបើកដំណើរការបានឡើយ។
លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា មុននឹងគ្រឹះស្ថានសិក្សាទាំងអស់អាចបើកដំណើរការឡើងវិញ គឺសាលារៀនទាំងអស់គឺត្រូវគោរពតាមស្តង់ដារធានាសុវត្ថិភាពខ្ពស់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩៕
Relate 99408
© រក្សាសិទ្ធិដោយ thmeythmey.com