ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​អប់រំ​៖ សាលារៀន​៦៧ មិនទាន់​ដំណើរការ​វិញ ដោយសារ​ដាក់​អ្នក​ច​ត្តា​ឡី​ស័ក​មកពី​ថៃ
12, Jan 2021 , 10:59 pm        
រូបភាព
វិទ្យាល័យ​មួយ​ដែលស្ថិតនៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យដែលជា​កន្លែងធ្វើចត្តាឡីស័ក​​ចំពោះ​ពលករ​ដែលមកពីប្រទេសថៃ រូបភាពពីរដ្ឋបាលខេត្ត​បន្ទាយមានជ័យ
វិទ្យាល័យ​មួយ​ដែលស្ថិតនៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យដែលជា​កន្លែងធ្វើចត្តាឡីស័ក​​ចំពោះ​ពលករ​ដែលមកពីប្រទេសថៃ រូបភាពពីរដ្ឋបាលខេត្ត​បន្ទាយមានជ័យ
ដោយ:
​ភ្នំពេញ​៖ គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត បាន​បើក​ដំណើរការ​វិញ​ហើយ សម្រាប់​ឆ្នាំ​សិក្សា​២០២០-២០២១ លើកលែងតែ​សាលារៀន​ចំនួន​៦៧​ប៉ុណ្ណោះ ដែល​កំពុង​ដាក់​អ្នក​ច​ត្តា​ឡី​ស័ក​មកពី​ថៃ ។ ចំពោះ​សិស្ស​ដែល​រៀន​នៅ​សាលា​ទាំងនោះ ត្រូវបាន​ផ្ទេរ​ទៅ​រៀន​នៅ​សាលា​ផ្សេង​។

 
​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​បញ្ជាក់ថា សាលារៀន​ទាំង​៦៧ ដែល​កំពុង​ក្លាយជា​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ពលករ​មកពី​ថៃ​នោះ ស្ថិតនៅក្នុង​ខេត្តបាត់ដំបង ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ និង​សៀមរាប​។ 
 
​រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​បញ្ជាក់ថា ទោះបី​សាលារៀន​ទាំងនោះ មិនទាន់​អាច​បើក​ដំណើរការ​ឡើងវិញ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ការសិក្សា​របស់​សិស្ស​ឡើយ​។ លោក ហង់ ជួន ណា​រ៉ុ​ន បាន​បញ្ជាក់ថា សិស្ស​ដែល​នឹងត្រូវ​ចូលរៀន​នៅ​សាលារៀន​ទាំងនោះ ត្រូវ​ផ្ទេរ​ទៅ​សាលារៀន​ផ្សេង ឬ​បន្ត​រៀន​តាម​អន​ឡាញ​វិញ​។ «​សិស្ស​គឺ​ត្រូវ​ទៅ​រៀន​នៅ​សាលា​ជិតៗ​ហ្នឹង​ជា​បណ្តោះអាសន្ន និង​ស្វ័យ​សិក្សា​ខ្លួនឯង​»​។ នេះ​ជាការ​លើកឡើង​របស់លោក​រដ្ឋមន្ត្រី​អប់រំ​។ 
 
​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្រោយពី​បញ្ចប់​ព្រឹត្តិការណ៍​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០២០-២០២១​នៅ​វិទ្យាល័យ​ពិសេស​កំពង់ចាម និង​ខេត្តកំពង់ចាម នា​ថ្ងៃទី​១១ ខែមករា រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​បញ្ជាក់ថា ការយក​សាលារៀន​ទាំងនោះ សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក​ពលករ​មកពី​ថៃ ដោយសារ​វា​ជា​ជម្រើស​មួយ​ល្អ ខណៈ​ពលរដ្ឋ​សម្រុក​មកវិញ​ច្រើន​។​
 
«​វិធានការ​សំខាន់​គឺ​យើង​ត្រូវ​គ្រប់គ្រង​លើ​ពលករ​មកពី​ប្រទេស​ថៃ​។ បញ្ហា​ប្រទេស​ថៃ​ដែល​រាលដាល​ជំងឺ​កូ​វីដ​-១៩ គឺ​ដោយសារតែ​ប្រទេស​ភូមា​ឆ្លង និង​ឈឺ​ច្រើន​។ ព្រំប្រទល់​រវាង​ភូមា និង​ថៃ​ហ្នឹង គឺ​អត់​អាច​គ្រប់គ្រង​បានទេ គឺមាន​អ្នក​លួច​ចេញចូល​ច្រើន​។ អ៊ីចឹង​បានជា​សម្តេច​ចេញ​បញ្ជា​ឲ្យ​រៀបចំ​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក​ហ្នឹង​។ អ៊ីចឹង​គ្មាន​កន្លែង​ណា​សមស្រប​ទេ ទើប​យើង​យក​សាលារៀន​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហង់​ជួន ណា​រ៉ុ​ន​។ 
 
​បើតាម​លោក​រដ្ឋមន្ត្រី​អប់រំ ក្នុងករណី​សហគមន៍​ណា​ដែលមាន​អ្នក​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ លោក​នឹង​ផ្តល់​សិទ្ធិ​ឲ្យ​គ្រប់​មន្ទីរអប់រំ​ទាំងអស់​បិទ​ស្រុក​ណាមួយ​ជា​បណ្តោះអាសន្ន​សិន ដើម្បី​ទប់ស្កាត់​កុំ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​រាលដាល​ដល់​សាលារៀន​។ 
 
​តើ​ពេលណា​ក្រសួង​អប់រំ​អនុញ្ញាត​ឲ្យ​សាលារៀន​ទាំងនោះ​បើក​ដំណើរការ​ឡើងវិញ​? លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​បន្ថែមថា ក្រសួង​អប់រំ​បានផ្តល់​សិទ្ធិ​ឲ្យ​ប្រធាន​មន្ទីរអប់រំ​ខេត្ត ជា​អ្នកសម្រេច​ឲ្យ​សាលារៀន​ទាំងនោះ​បើក​ដំណើរការ​ឡើងវិញ​។  
 
​សូមបញ្ជាក់ថា គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត សរុប​មាន​១៨,០០០​កន្លែង ក្នុងនោះ​ម​ត្តេ​យ្យ​សិក្សា​សហគមន៍​មាន​ចំនួន​៣,០០០​កន្លែង​, គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​សាធារណៈ ១៣,៥០០​កន្លែង​, គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​ឯកជន ១,៥០០ កន្លែង​។ ចំណែក​សិស្ស​សរុប​មាន​៣​លាន​៥​សែន​នាក់ ដែល​បាន​ចុះឈ្មោះ​ចូលរៀន​ឆ្នាំ​សិក្សា​ថ្មី​នេះ​។ ក្នុងនោះ​មាន​សិស្សស្រី​៤៩​ភាគរយ​។ នេះ​បើតាម​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​៕ 
 
 
 
 

Tag:
 សាលារៀន​
 ​ច​ត្តា​ឡី​ស័ក
© រក្សាសិទ្ធិដោយ thmeythmey.com