ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក សួស យ៉ា​រ៉ា៖ តំណាងរាស្ត្រ គឺជា​មេធាវី​ឥតគិតថ្លៃ​របស់​ពលរ​ដ្ឋ
20, Aug 2015 , 5:48 pm        
រូបភាព
ជា​កូនទោល​នៅក្នុង​គ្រួសារ​ដែលមាន​ម្តាយ​ជា​អតីតមន្ត្រី​រាជការ​នៅ​សាលា​រាជធានី​ភ្នំពេញ និង​មាន​ឪពុក​ជា​អ្នកជំនាញ​ផ្នែក​ធនាគារ លោក សួស យ៉ា​រ៉ា បាន​ចិញ្ចឹមចិត្ត​ចង់​ធ្វើជា​អ្នកនយោបាយ​ដោយសារតែ​កត្តា​ប្រវត្តិសាស្ត្រ ដែល​បានធ្វើ​ឲ្យ​ឪពុកម្តាយ​របស់លោករ​ស់​នៅ​បែក​គ្នា​តាំងពី​ឆ្នាំ​ទស្សវត្សរ៍១៩៧០ ។ នៅក្នុង​នីតិកាល​ទី៥នេះ ជា​ពេលដែល​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​មានអំណាច​បាន​លើកតម្កើង​មនុស្ស​ជំនាន់​ក្រោយ​នោះ លោក សួស យ៉ា​រ៉ា ឆ្នាំនេះ​អាយុ៤២ឆ្នាំ ដែលមាន​ភរិយា​ជា​អ្នកធ្វើអាជីវកម្ម និង​មានកូន២នាក់  បាន​ក្លាយជា​អ្នកតំណាងរាស្ត្រ​នៃ​មណ្ឌល​ខេត្តព្រះវិហារ។ តើ​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ​ត្រូវធ្វើ​កិច្ចការ​អ្វីខ្លះ​ដើម្បី​បម្រើ​ប្រយោជន៍​ពលរដ្ឋ​ខេត្តព្រះវិហារ ដែលជា​ខេត្ត​ដាច់ស្រយាល​មួយ?

សូម​តាមដាន​បទសម្ភាសន៍​ដែល​លោក សួស យ៉ា​រ៉ា បានផ្តល់​ឲ្យ​លោក លាង ដឺ​លុច និពន្ធ​នាយក​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ ដូចខាងក្រោម​នេះ៖
 
លោក លាង ដឺ​លុច៖ លោក​គឺជា​អ្នកតំណាងរាស្ត្រ​ជំនាន់​ថ្មី​មួយរូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​បន្ត​កាន់អំណាច​នៅ​កម្ពុជា។ តើ​លោក​មាន​មោទនភាព​យ៉ាងណាដែរ​ចំពោះ​តួនាទី ភារកិច្ច​របស់លោក​មួ​យ​នេះ?
លោក សួស យ៉ា​រ៉ា៖ នេះ​ជា​ជំហាន​ទីមួយ​ពិតប្រាកដ​នៅក្នុង​វិស័យ​នយោបាយ​ដែល​អនុញ្ញាត​ឲ្យ​ខ្ញុំបម្រើ​ពលរដ្ឋ​បាន​ពិតប្រាកដ។ សម្រាប់​ខ្ញុំ តំណាងរាស្ត្រ​គឺជា​មេធាវី​ដែល​ឥតគិតថ្លៃ​របស់​ប្រជាជន។ ខ្ញុំ​រៀន​ក្នុង​វិស័យ​ច្បាប់ ឥឡូវនេះ​ខ្ញុំ​ធ្វើ​តំណាងរាស្ត្រ​ដែល​អនុម័ត​ច្បាប់ ដូច្នេះ​បានន័យថា ខ្ញុំ​បានធ្វើ​ការងារ​មួយផ្នែក​នៃ​សញ្ញាបត្រ​ដែល​ខ្ញុំ​មាន។
 
លោក លាង ដឺ​លុច៖ តើ​លោក​មាន​ជំនាញ​អ្វីខ្លះ?
លោក សួស យ៉ា​រ៉ា៖ ពី​ឆ្នាំ១៩៩៣ ដល់​ឆ្នាំ១៩៩៧ ខ្ញុំ​បានបញ្ចប់​ការសិក្សា២ជំនាញ​ទន្ទឹមគ្នា គឺ​ផ្នែក​ច្បាប់ និង​ធនាគារ។ ដោយសារតែ​តាំងពី​តូច​មក ខ្ញុំ​ក៏មាន​បំណង​ចង់​ធ្វើជា​ឯកអគ្គរាជទូត​ដែរនោះ ខ្ញុំ​ក៏បាន​ចូលរៀន​វគ្គ​សិក្សា​ពិសេស​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​ជំនា​ន់ទី១ចន្លោះ​ឆ្នាំ១៩៩៨ ដល់​ឆ្នាំ២០០០ ។ នៅពេល​សិក្សា​នោះ ខ្ញុំ​បាន​បំពេញ​កម្មសិក្សា​នៅ​ស្ថាន​បេសកម្ម​ទូត​របស់​កម្ពុជា​ប្រចាំ​ញូយ៉ក។ ជាទូទៅ ទន្ទឹមនឹង​ការរៀនសូត្រ ខ្ញុំ​តែង​បង្កើត​ពិសោធន៍​ការងារ ដើម្បី​កុំ​ឲ្យ​គេ​រិះគន់ថា ខ្ញុំ​មានតែ​សញ្ញាបត្រ ហើយ​ការងារ​ធ្វើ​មិនបាន។
លោក លាង ដឺ​លុច៖ ហេតុអ្វី​លោក​ក្លាយជា​អ្នកតំណាងរាស្ត្រ​នៅ​មណ្ឌល​ខេត្តព្រះវិហារ ដែលជា​ខេត្ត​ដាច់ស្រយាល? មុន​លោក​ក្លាយជា​អ្នកតំណាងរាស្ត្រ គេ​ឃើញ​លោក​បានធ្វើ​ការងារ​ច្រើន​ទាក់ទង​នឹង​សំណុំរឿង​ប្រាសាទព្រះវិហារ។ តើ​នេះ​ជា​មូលហេតុ​មួយ​ដែល​លោក​ត្រូវ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​នៅ​ព្រះវិហារ?
លោក សួស យ៉ា​រ៉ា៖ ក្នុងសម័យ​ប៉ុលពត គ្រួសារ​ខ្ញុំ​ក៏​ធ្លាប់​រស់នៅ​ទីនោះ​ដែរ។ ក្នុង​វ័យ​កុមារភាព ខ្ញុំ​ក៏​ធ្លាប់​គិតថា ថ្ងៃ​ណាមួយ​ខ្ញុំ​នឹង​ត្រឡប់មកវិញ។ ស្រប​ពេលដែល​ព្រះវិហារ​ត្រូវ​ចុះឈ្មោះ​ក្នុង​បេតិកភណ្ឌ​ពិភពលោក ពេលនោះ ខ្ញុំ​បានសម្រេច​ចិត្ត និង​សុំ​បទបញ្ជា​ពី​រដ្ឋាភិបាល ដើម្បី​រៀបចំ​ដឹកនាំ​ក្រុមការងារ​ពិសេស​ថ្នាក់ជាតិ​មួយ ដើម្បី​ធ្វើ​កិច្ច​ការរៀបចំ​ប្រព័ន្ធ​ការពារ​ព្រំដែន​តាម​បញ្ជា​របស់​សម្តេច​ហ៊ុន សែន។ ការរៀបចំ​ប្រព័ន្ធ​ការពារជាតិ​នៅ​តំបន់​ប្រាសាទព្រះវិហារ ក៏​ជា​បំណង​ខ្ញុំ​មួយទៀត។ នោះ​គឺ​ការអនុវត្ត​សញ្ញាបត្រ​ផ្នែក​គ្រប់គ្រង។
ខ្ញុំ​មានសំណាង​មួយ​ដែល​ត្រូវបាន​គណបក្ស​អនុញ្ញាត​ឲ្យ​ធ្វើជា​បេក្ខជន​តំណាងរាស្ត្រ​នៅ​ខេត្តព្រះវិហារ។ គណបក្ស​មើលឃើញ​ធនធានមនុស្ស ដែល​អាចបំពេញ​ការងា​រ​ក្នុង​មូលដ្ឋាន​ចាស់​របស់ខ្លួន​នេះ​ជា​គុណសម្បត្តិ​មួយ។ ការដែល​ខ្ញុំ​ទទួល​ភារកិច្ច​មុន​ក្លាយជា​តំណាងរាស្ត្រ​នោះ ដោយសារ​ព្រះវិហារ​មិនមែន​មានតែ​រឿង​ប្រាសាទ​មួយ​មុខ​ទេ។ ការបញ្ជូន​ខ្ញុំ​ទៅ​តំបន់​ព្រះវិហារ គឺមាន​កាតព្វកិច្ច៣៖ ១ ការថែរក្សា​បេតិកភណ្ឌ​ពិភពលោក, ២ ត្រូវ​ក៏​សាង​ប្រព័ន្ធ​ការពារជាតិ និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ បម្រើ​បេតិកភណ្ឌ​ពិភពលោក និង​ទី៣ ត្រូវ​កសាង​ព្រំដែន​សន្តិភាព។ គណបក្ស​មាន​គោលនយោបាយ​ច្បាស់លាស់ ក្នុង​ការដែល​បញ្ជូន​មន្ត្រី និង​អនុវត្ត​នយោបាយ ឲ្យ​ទៅជា​ផែនការ​សកម្មភាព។
 
លោក លាង ដឺ​លុច៖ ប៉ុន្តែ តើ​តំណាងរាស្ត្រ​សួស យ៉ា​រ៉ា ត្រូវធ្វើ​អ្វីខ្លះ ឬ​បានធ្វើ​អ្វីខ្លះ​ហើយ​ដើម្បី​ការរីកចម្រើន​ផ្នែក​ជីវភាព​របស់​ពលរដ្ឋ​ខេត្តព្រះវិហារ?
លោក សួស យ៉ា​រ៉ា៖ ខេត្តព្រះវិហារ​មាន​ដី​ធំ តែ​ប្រជាជន​តិច។ ជា​តំបន់​ដែល​ប្រមូលផ្តុំ​ជនជាតិភាគតិច និង​អ្នក​ចំណាកស្រុក។ អ្វីដែល​យើង​បានធ្វើ​មុនគេ គឺ​ការរៀបចំ​ដី​សម្បទាន​សង្គមកិច្ច​ស​ម្រា​ប់​ពួកគេ។ ទី២ គឺ​បង្កើត​សុខដុម​រមណី​កម្ម​រវាង​គ្រួសារ​កងទ័ព នគរបាល និង​គ្រួសារ​ប្រជាជន។ ទី៣ ខ្ញុំ​បាន​បង្កើត​វប្បធម៌​ថ្មី​មួយ ដែល​ប្រជាជន​មិន​នៅក្រោម​ជើង​មន្ត្រី​ទេ។ នៅ​តំបន់​ដាច់ស្រយាល ជាទូទៅ មន្ត្រី​តែងតែ​ក្អេងក្អាង ច្រើនតែ​ធ្វើ​លើសពី​ច្បាប់​កំណត់ ហើយ រំលោភ​ប្រជាជន ដែល​អត់​អំណាច។ ដូច្នេះ ខ្ញុំ​ត្រូវធ្វើ​មេធាវី​ឥតគិតថ្លៃ​របស់​ប្រជាជន ដើម្បី​ការពារ​ប្រយោជន៍​ស្របច្បាប់​របស់​ប្រជាជន។ ចំនុច​នេះ​ខ្ញុំ​បាន​បង្កើត​វប្បធម៌​នៃ​ការនិយាយ​ពិភាក្សា នៅ​ថ្នាក់មូលដ្ឋាន។ ស្រុក​ទាំង៨ នៅ​ព្រះវិហារ មាន​តំណាង​និយាយ​ជាមួយ​តំណាងរាស្ត្រ។
 
ទាក់ទិន​នឹង​ការលើកស្ទួយ​ជីវភាព​ពលរដ្ឋ ក្តី​ប្រាថ្នា​របស់ខ្ញុំ និង​សម្តេច​តេ​ជោ គឺ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ។ យើង​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច យក​ប្រជាជន ដែល​ត្រូវបាន​បណ្តុះបណ្តាល ទៅធ្វើជា​កម្មករ​ជំនាញ បង្កើន​ជីវភាព​ពួកគេ។ ខ្ញុំ​គិតថា ការប្រមូលផ្តុំ ផ្នែក​ចំណេះដឹង​តាម​វិជ្ជាជីវៈ​ជំនាញ ប្រសើរ​ជាង​ការពង្រឹង​សាកលវិទ្យាល័យ​នៅ​ព្រះវិហារ។ អ្នករៀន​ពូកែ ចាំ​យើង​រុញ​មក​ភ្នំពេញ។ សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​យើង​បាន​សង់២ហើយ ទីមួយ​គឺ​គម្រោង​ដែល​ជួយឧបត្ថម្ភ​ដោយ​ធនាគារ​អភិវឌ្ឍ​អាស៊ី និង​មួយទៀត គឺ​ស្ថិតនៅ​ភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ។ សាលា​ពីរ​នេះ បើ​មាន​សមត្ថភាព​ពេញលេញ យើង​អាច​ផលិត​ធនធាន២០០០នាក់​ក្នុង​មួយឆ្នាំ។ 
 
លោក លាង ដឺ​លុច៖ តើ​អ្វី​ជា​តួនាទី​អនាគត​របស់លោក? លោក​ចង់​បន្ត​អាជីព​នយោបាយ​តាមរយៈ​តួនាទី​ជា​អ្នកតំណាងរាស្ត្រ ឬក៏​លោក​ចង់​ធ្វើជា​រដ្ឋមន្ត្រី​នៅក្នុង​រដ្ឋាភិបាល ឬក៏​ធ្វើជា​ឯកអគ្គរាជទូត ដូចដែល​លោក​ប៉ងប្រាថ្នា​ពី​កុមារភាព?
លោក សួស យ៉ា​រ៉ា៖ មនុស្ស​យើង កាលណា​វ័យ​កាន់តែ​ចាស់ គឺ​វិល​ទៅរក​ភាព​ដើម។ អ្វីដែល​ខ្ញុំ​ចង់បាន​នៃ​ចុងបញ្ចប់​នៃ​ជីវិត​ខ្ញុំ គឺ​អ្នកការទូត ។ តើ​ខ្ញុំ​អាច​ចូលធ្វើ​អ្នកកា​ទូត​ក្នុង​វ័យ​ប៉ុណ្ណា គឺជា​ការសម្រេច​របស់​រដ្ឋាភិបាល។ នៅពេលនេះ ខ្ញុំ​ប្រឹង​អោយអស់​លទ្ធភាព​តាមតែ​អ្វីដែល​ខ្ញុំ​មាន បម្រើអោយ​បាន​អតិបរមា ដល់​ការ​ចម្រើន​ដល់​ប្រទេសជាតិ និង​ប្រជាជន។ គណបក្ស​ប្រជាជន មាន​ទស្សនវិស័យ​ខ្ពស់ គណបក្ស​ដឹងថា​ត្រូវ​ប្រើ​មនុស្ស​នៅ​កន្លែង​ណា។ ដូច្នេះ​ខ្ញុំ​យល់​តាម​ការសម្រេច​រប​ស់​ថ្នាក់ដឹកនាំ​នយោបាយ​របស់​គណបក្ស។ ខ្ញុំ​ពេញចិត្ត​អ្វី​ដែលមាន​សព្វថ្ងៃ​ហើយ៕
 
 

Tag:
 សួស យ៉ា​រ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com