រដ្ឋាភិបាលឡាវ មានបំណងផ្គត់ផ្គង់ និងបញ្ជូនថាមពលបៃតង ទៅបណ្ដាប្រទេសតំបន់អាស៊ាន ដោយឆ្លងកាត់តាមប្រទេសកម្ពុជា។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត គាំទ្រដល់គម្រោងរបស់រដ្ឋាភិបាលឡាវ លើវិស័យថាមពលនេះ។
នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី២៦ មីនា លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ដែលទើបតែបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសឡាវ បាននិយាយថា ដំណើរទស្សនកិច្ច គឺមានគោលដៅចម្បងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិទ្វេភាគី ខណៈប្រទេសទាំងពីរ ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។
ក្នុងជំនួបរវាងសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ បានវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ និងគ្រប់កម្រិតនាពេលកន្លងមក ។ មេដឹកនាំទាំងពីរ ក៏បានផ្លាស់ប្ដូរយោបល់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន៖ វិស័យនយោបាយ ,ការពារជាតិ ,សន្តិសុខ ,សេដ្ឋកិច្ច ,ពាណិជ្ជកម្ម និងវិនិយោគ ,អប់រំ ,ទេសចរណ៍ , ការតភ្ជាប់ ,ថាមពល ,ដឹកជញ្ជូន និងកិច្ចការព្រំដែនជាដើម។
ទាក់ទិននឹងវិស័យថាមពលនេះ ភាគីទាំងពីរបានហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យថាមពលដំណាក់កាលទី២ អមដោយអនុស្សារណៈយោគយល់ចំនួន៤ ដោយមានគោលដៅ បន្តធានាការផ្គត់ផ្គង់ប្រភពថាមពលដល់កម្ពុជា។ នេះបើតាមលោក ហ្សង់ ហ្វ្រង់ស័រ តាន់។
ថ្លែងក្នុងសន្និសីទកាសែត ជុំវិញដំណើរទស្សនកិច្ចនាយករដ្ឋមន្រ្តីកម្ពុជា នៅប្រទេសឡាវនេះ លោក ហ្សង់ បានបន្ថែមថា សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានគាំទ្រចំពោះគម្រោងផ្គត់ផ្គង់វិស័យថាមពលបៃតង របស់រដ្ឋាភិបាលឡាវដែរ។ «កម្ពុជា ក៏បានប្រកាសគាំទ្រឡាវ បញ្ជូនថាមពលបៃតង ចេញពីប្រទេសរបស់ខ្លួន ទៅកាន់បណ្ដាប្រទេសអាស៊ាន ដោយឆ្លងកាត់តាមប្រទេសកម្ពុជា ដូចករណីប្រទេសសិង្ហបុរីដែរ»។ នេះបើតាមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ។
ថាមពលបៃតង គឺជាផ្នែកមួយថាមពលកកើតឡើងវិញ ដែលមានប្រភពមកពីថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ ដោយមិនបង្កផលប៉ះពាល់ដល់បរិស្ថាននោះទេ។ ដូច្នេះថាមពលបៃតង ក៏អាចចាត់ទុកជាថាមពលកកើតឡើងវិញដែរ ប៉ុន្តែគ្រប់ថាមពលកកើតឡើងវិញ មិនមែនសុទ្ធតែជាថាមពលបៃតងឡើយ។
ថាមពលកកើតឡើងវិញ មានប្រភពមកពីថាមពលពន្លឺព្រះអាទិត្យ ,ថាមពលទឹក , ថាមពលខ្យល់, ថាមពលវារីអគ្គិសនី (Hydropower) ជីវថាមពល (Bioenergy) និងថាមពលកំដៅក្នុងផែនដី (Geothermal Energy) ។
បច្ចុប្បន្ន ឡាវមានប្រភពផលិតថាមពលអគ្គិសនីចំនួន៩៤ទីតាំងដែលមានសមត្ថភាពផ្ដល់ថាមពលសរុបជាង ១១,៦ជីហ្កាវ៉ាត់។ ពេលនេះ ឡាវក៏ចាប់ផ្ដើមគម្រោងថាមពលខ្យល់មូសុងដែលកំពុងចាប់ផ្តើមសាងសង់រោងចក្រនៅភាគខាងត្បូង ដែលនឹងក្លាយជារោងចក្រថាមពលខ្យល់ដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ។ ឡាវ កំពុងបង្កើនប្រភពថាមពល ដើម្បីបំពេញមហិច្ជតាខ្លួន ក្លាយជាអ្នកផ្គត់ផ្គង់ប្រភពថាមពលធំជាងគេ នៅអាស៊ីអាគ្នេយ៍។
សព្វថ្ងៃនេះ កម្ពុជា ប្រើប្រាស់ប្រភពថាមពលអគ្គិសនីស្អាត ប្រមាណ៦០ភាគរយ។ នៅឆ្នាំ២០២៣នេះ កម្ពុជា ទិញថាមពលអគ្គិសនីពីវៀតណាម ត្រឹមតែ១ភាគរយប៉ុណ្ណោះ ។ ដោយឡែក ប្រភពថាមពលអគ្គិសនីស្អាត ៣០ភាគរយទៀត កម្ពុជាបានទិញពីឡាវ។ ក្រៅពីនេះ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផលិតខ្លួនឯង ហើយក៏មានលទ្ធភាពសម្រាប់ផលិតនាំចេញទៅលក់នៅក្រៅប្រទេសវិញដែរ។ នេះបើតាមលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ដែលបានថ្លែងក្នុងសន្និសីទព័ត៌មាន កាលពីខែវិច្ឆិកា ២០២៣។
តាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេច ហ៊ុន ម៉ាណែត នេះ កម្ពុជា និងឡាវ បានចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការចំនួន ៧ រួមមាន៖ទី១ ការផ្លាស់ប្តូរលិខិតុបករណ៍សច្ចាប័នលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ។ ទី២ កំណត់ហេតុស្តីពីការផ្លាស់ប្តូរលិខិតុបករណ៍សច្ចាប័នលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ។ ទី៣ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឡាវ ស្តីពីកិច្ចសហប្រតិបត្តិការវិស័យថាមពលថ្មី ។ ទី៤ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពលកម្ពុជា និងក្រុមហ៊ុន PHONGSUBTHAVY GROUP SOLE CO., LTD ។
ទី៥ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងរ៉ែ និងថាមពលកម្ពុជាជាមួយក្រុមហ៊ុនចម្រុះ XAYSANA Group, WIS និង SISAN INTERNATIONAL JOINT DEVELOPMENT SOLE., LTD ។ ទី៦ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពលកម្ពុជា ជាមួយអគ្គីសនីឡាវ EDL អំពីការទិញថាមពលបៃតង និងចុងក្រោយ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងរ៉ែ និងថាមពលកម្ពុជា ជាមួយក្រុម ហ៊ុន PSG CORPORATION PUBLIC COMPANY LIMITED៕