យោធាមីយ៉ាន់ម៉ាបានចាប់ផ្តើមអនុវត្តការហ្វឹកហ្វឺនមូលដ្ឋានដល់ទាហានថ្មី នៅតាមមូលដ្ឋានយោធា និងសាលារៀនក្រោមច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលបានប្រកាសនាពេលថ្មីៗនេះ។
កងទ័ពមីយ៉ាន់ម៉ាបានចាប់ផ្តើមអនុវត្តការហ្វឹកហ្វឺនមូលដ្ឋាន ដល់អ្នកទើបតែចុះឈ្មោះថ្មី ក្រោមច្បាប់កាតព្វកិច្ចយោធា ដែលបានប្រកាសនាពេលថ្មីៗ នៅតាមមូលដ្ឋានយោធា និងសាលារៀននានាទូទាំងប្រទេស។ នេះបើយោងតាមសារព័ត៌មាន ABC News នៅថ្ងៃទី៩ ខែមេសា។
កាសែត Myanmar Alin បានរាយការណ៍ថា ប៉ុស្តិ៍បញ្ជាការតំបន់ និងសាលាយោធាជាច្រើននៅក្នុងរដ្ឋ Mon រដ្ឋ Shang តំបន់ Tanintharyi, Magway និង Mandalay ក៏ដូចជានៅក្នុងរដ្ឋធានីណៃពិដោ បានរៀបចំវគ្គបណ្តុះបណ្តាលយោធាមូលដ្ឋាន សម្រាប់យោធាថ្មី។ ក្រុមយោធាថ្មីដំបូងនេះ រួមមានអ្នកស្ម័គ្រចិត្តដែលរាយការណ៍ទៅទីភ្នាក់ងារយោធាក្នុងតំបន់ភ្លាមៗ បន្ទាប់ពីរដ្ឋាភិបាលមីយ៉ាន់ម៉ា បានផ្ញើលិខិតកោះហៅ។
យ៉ាងណាមិញ ក៏មានយុវជនមួយចំនួនមិនពេញចិត្តការរៀបចំនេះ បានតវ៉ាប្រឆាំងនឹងច្បាប់ថ្មី ដែលគ្រប់គ្រងកាតព្វកិច្ចយោធាក្នុងទីក្រុង Yangon ។ ទោះជាយ៉ាងណា ប៉ូលិសបានបង្ក្រាបការតវ៉ាយ៉ាងឆាប់រហ័ស និងចាប់ខ្លួនអ្នកចូលរួម។
កាលពីដើមខែកុម្ភៈ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានប្រកាសច្បាប់គ្រប់គ្រងកាតព្វកិច្ចយោធា រហូតដល់២ឆ្នាំ អនុវត្តចំពោះបុរសចាប់ពីអាយុ១៨ ដល់ ៣៥ឆ្នាំ និងស្ត្រីចាប់ពីអាយុ ១៨ ដល់ ២៧ឆ្នាំ។
បើតាម ABC News ការចាប់ផ្តើមនៃរបបសឹករងយោធាថ្មី បានបង្កឱ្យមានការបារម្ភ និងភ័យខ្លាចក្នុងចំណោមយុវជន និងឪពុកម្តាយរបស់ពួកគេ។ អ្នកខ្លះបានជ្រើសរើសចាកចេញពីប្រទេស ខណៈខ្លះទៀតបានភៀសខ្លួនទៅតំបន់ព្រំដែន ដែលគ្រប់គ្រងដោយក្រុម ជនជាតិភាគតិច ។
ជារួមរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កំពុងព្យាយាមអនុវត្តច្បាប់ថ្មី ដើម្បីបំពេញបន្ថែមកម្លាំងយោធារបស់ខ្លួន ក្នុងបរិបទដែលប្រទេសនេះ កំពុងប្រឈមមុខនឹងការបះបោរពីសំណាក់ ក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅតាមតំបន់ព្រំដែន។
ជាក់ស្តែងនៅចុងខែតុលា ឆ្នាំ២០២៣ «សម្ព័ន្ធបងប្អូនបីនាក់» រួមមានកងទ័ពជនជាតិអារ៉ាកាន (AA) កងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) និងកងទ័ពរំដោះជាតិតាអែង (TNLA) បានវាយប្រហារ និងកាន់កាប់ប៉ុស្តិ៍យោធា ច្រកព្រំដែន និងផ្លូវពាណិជ្ជកម្មសំខាន់ៗជាមួយចិន។
ក្នុងរយៈពេល ៨កន្លងមកនេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបាត់បង់ការគ្រប់គ្រងលើទឹកដីនៅក្នុងរដ្ឋ Shan ភាគខាងជើងមីយ៉ាន់ម៉ា និងរដ្ឋ Rakhine នៅភាគខាងលិចប្រទេស។ ទន្ទឹមនេះ រដ្ឋាភិបាលយោធា ក៏បានបាត់បង់ការគ្រប់គ្រងតំបន់តូចៗមួយចំនួនទៀត ដែលធ្លាក់ទៅលើក្រុមប្រដាប់អាវុធ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កំពុងប្រឈមមុខនឹងហានិភ័យ នៃការបាត់បង់ការគ្រប់គ្រងទីក្រុងពាណិជ្ជកម្មដ៏សំខាន់ Myawaddy ក្នុងរដ្ឋ Kayin ជាប់ព្រំដែនប្រទេសថៃ៕