អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាចាប់ផ្តើមហ្វឹកហ្វឺនដល់ទាហានថ្មី
10, Apr 2024 , 10:39 am        
រូបភាព
ទាហានថ្មីមីយ៉ាន់ម៉ាកំពុងហូបអាហារជុំគ្នានៅសាលាបណ្តុះបណ្តាល ។ រូបភាព ៖ AP
ទាហានថ្មីមីយ៉ាន់ម៉ាកំពុងហូបអាហារជុំគ្នានៅសាលាបណ្តុះបណ្តាល ។ រូបភាព ៖ AP
យោធាមីយ៉ាន់ម៉ាបានចាប់ផ្តើមអនុវត្តការហ្វឹកហ្វឺនមូលដ្ឋានដល់ទាហានថ្មី នៅតាមមូលដ្ឋានយោធា និងសាលារៀនក្រោមច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលបានប្រកាសនាពេលថ្មីៗនេះ។

 
កងទ័ពមីយ៉ាន់ម៉ាបានចាប់ផ្តើមអនុវត្តការហ្វឹកហ្វឺនមូលដ្ឋាន ដល់អ្នកទើបតែចុះឈ្មោះថ្មី ក្រោមច្បាប់កាតព្វកិច្ចយោធា ដែលបានប្រកាសនាពេលថ្មីៗ នៅតាមមូលដ្ឋានយោធា និងសាលារៀននានាទូទាំងប្រទេស។ នេះបើយោងតាមសារព័ត៌មាន ABC News នៅថ្ងៃទី៩ ខែមេសា។ 
 
កាសែត Myanmar Alin បានរាយការណ៍ថា ប៉ុស្តិ៍បញ្ជាការតំបន់ និងសាលាយោធាជាច្រើននៅក្នុងរដ្ឋ Mon រដ្ឋ Shang តំបន់ Tanintharyi, Magway និង Mandalay ក៏ដូចជានៅក្នុងរដ្ឋធានីណៃពិដោ បានរៀបចំវគ្គបណ្តុះបណ្តាលយោធាមូលដ្ឋាន សម្រាប់យោធាថ្មី។ ក្រុមយោធាថ្មីដំបូងនេះ រួមមានអ្នកស្ម័គ្រចិត្តដែលរាយការណ៍ទៅទីភ្នាក់ងារយោធាក្នុងតំបន់ភ្លាមៗ បន្ទាប់ពីរដ្ឋាភិបាលមីយ៉ាន់ម៉ា បានផ្ញើលិខិតកោះហៅ។
 
យ៉ាងណាមិញ ក៏មានយុវជន​មួយ​ចំនួនមិនពេញចិត្ត​ការ​រៀបចំ​នេះ បាន​តវ៉ា​ប្រឆាំង​នឹង​ច្បាប់​ថ្មី ​ដែល​គ្រប់គ្រងកាតព្វកិច្ច​យោធាក្នុង​ទីក្រុង Yangon ។ ទោះ​ជា​យ៉ាង​ណា ប៉ូលិស​បាន​បង្ក្រាប​ការ​តវ៉ា​យ៉ាង​ឆាប់​រហ័ស និង​ចាប់​ខ្លួន​អ្នក​ចូល​រួម។
 
កាលពីដើមខែកុម្ភៈ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានប្រកាសច្បាប់គ្រប់គ្រងកាតព្វកិច្ចយោធា រហូតដល់២ឆ្នាំ អនុវត្តចំពោះបុរសចាប់ពីអាយុ១៨ ដល់ ៣៥ឆ្នាំ និងស្ត្រីចាប់ពីអាយុ ១៨ ដល់ ២៧ឆ្នាំ។
 
បើតាម ABC News ការចាប់ផ្តើមនៃរបបសឹករងយោធាថ្មី បានបង្កឱ្យមានការបារម្ភ និងភ័យខ្លាចក្នុងចំណោមយុវជន និងឪពុកម្តាយរបស់ពួកគេ។ អ្នក​ខ្លះ​បាន​ជ្រើសរើស​ចាកចេញ​ពី​ប្រទេស ខណៈ​ខ្លះ​ទៀត​បាន​ភៀសខ្លួន​ទៅ​តំបន់​ព្រំដែន ​ដែល​គ្រប់គ្រង​ដោយ​ក្រុម ​ជនជាតិភាគតិច ។
 
ជារួមរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កំពុងព្យាយាមអនុវត្តច្បាប់ថ្មី ដើម្បីបំពេញបន្ថែមកម្លាំងយោធារបស់ខ្លួន ក្នុងបរិបទដែលប្រទេសនេះ កំពុងប្រឈមមុខនឹងការបះបោរពីសំណាក់ ក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅតាមតំបន់ព្រំដែន។
 
ជាក់ស្តែងនៅចុងខែតុលា ឆ្នាំ២០២៣ «សម្ព័ន្ធបងប្អូនបីនាក់» រួមមានកងទ័ពជនជាតិអារ៉ាកាន (AA) កងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) និងកងទ័ពរំដោះជាតិតាអែង (TNLA) បានវាយប្រហារ និងកាន់កាប់ប៉ុស្តិ៍យោធា ច្រកព្រំដែន និងផ្លូវពាណិជ្ជកម្មសំខាន់ៗជាមួយចិន។​
 
ក្នុងរយៈពេល ៨កន្លងមកនេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបាត់បង់ការគ្រប់គ្រងលើទឹកដីនៅក្នុងរដ្ឋ Shan ភាគខាងជើងមីយ៉ាន់ម៉ា និងរដ្ឋ Rakhine នៅភាគខាងលិចប្រទេស។ ទន្ទឹម​​នេះ រដ្ឋាភិបាលយោធា ក៏​បាន​បាត់បង់​ការ​គ្រប់​គ្រង​តំបន់​តូចៗ​មួយ​ចំនួន​ទៀត ​ដែលធ្លាក់ទៅ​លើ​ក្រុម​ប្រដាប់​អាវុធ។
 
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កំពុងប្រឈមមុខនឹងហានិភ័យ នៃការបាត់បង់ការគ្រប់គ្រងទីក្រុងពាណិជ្ជកម្មដ៏សំខាន់ Myawaddy ក្នុងរដ្ឋ Kayin ជាប់ព្រំដែនប្រទេសថៃ៕ 

Tag:
 មីយ៉ាន់ម៉ា
  ទាហាន
© រក្សាសិទ្ធិដោយ thmeythmey.com