ជាតិ
ទូតជប៉ុន ចូលរួមរំលែកទុក្ខ ក្រុមគ្រួសារជនរងគ្រោះ ដែលផ្ទុះគ្រាប់នៅកំពង់ស្ពឺ
× ភ្នំពេញ៖ ស្ថានទូជប៉ុនប្រចាំកម្ពុជា បានចេញសារចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧មេសា ដែលបង្កឱ្យយោធិនជាច្រើនបានពលីជីវិត។
លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសាររំលែកទុក្ខពីលើទំព័រហ្វេសប៊ុកថា លោកពិតជារន្ធត់ និងសោកស្តាយជាពន់ពេក ក្រោយពីទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅ កន្លែងយោធាក្នុងខេត្តកំពង់ស្ពឺ ដែលបានបង្កឱ្យយោធិនជាច្រើនបានពលីជីវិត និងរងរបួស។
«ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ សម្រាប់ការបាត់បង់ដ៏ធំធេងមួយនេះ។ ខ្ញុំឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់យោធិនពលី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និង ជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បើយ»។
នេះជាសារចូលរួមរំលែកទុក្ខរបស់ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
ឧបទ្ទវហេតុផ្ទុះគ្រាប់ នៅខេត្តកំពង់ស្ពឺ គឺមានយោធិនចំនួន ២០នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀត បានរងរបួស។ ក្នុងហេតុការណ៍នេះ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងផ្តល់ការឧបត្ថម្ភជាថវិកា ជូនគ្រួសារយោធិនពលី ចំនួន២ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រួសារសព។ ចំពោះយោធិនដែលរងរបួសក្នុងឧបទ្ទវហេតុនេះ ក្នុងម្នាក់ៗចំនួន ២០លានរៀល ៕
Tag:
កំពង់ស្ពឺ
ផ្ទុះគ្រាប់
ជប៉ុន
រំលែកទុក្ខ
© រក្សាសិទ្ធិដោយ thmeythmey.com