ជាតិ
ប្លែកៗ
សេដ្ឋកិច្ច
តើសេដ្ឋកិច្ចកម្ពុជាអាចរស់ខ្លួនឯងបានដែរឬទេ បើគ្មានការអនុគ្រោះពន្ធពី EU និងអាមេរិក? ពីឆ្វេងទៅស្តាំ៖ លោក តេង ដឺលុច លោក ច័ន្ទ សុផល និងលោក ប៉ាវ ស៊ីណា
× ភ្នំពេញ៖ ដោយសារតែបញ្ហានយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា បានធ្វើឲ្យសហភាពអឺរ៉ុប និងអាមេរិក ព្រមានពីវិធានការជាបន្តបន្ទាប់ ទាំងការរឹតបន្តឹងទិដ្ឋាការ ការបង្កកទ្រព្យសម្បត្តិមន្ត្រីរដ្ឋាភិបាល និងដកការអនុគ្រោះពន្ធទំនិញជាដើម។ បញ្ហាព្រមានដកការអនុគ្រោះពន្ធទំនិញកម្ពុជា គឺជារឿងដែលធ្វើឲ្យអ្នកសេដ្ឋកិច្ចវិទូមួយចំនួន មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែអ្វីដែលជាចម្ងល់នោះ ត្រង់ថា ប្រសិនជាសហភាពអឺរ៉ុប និងអាមេរិក អនុវត្ដដកការអនុគ្រោះពន្ធពីកម្ពុជាមែននោះ តើសេដ្ឋកិច្ចកម្ពុជា នឹងដាំក្បាលចុះ ឬក៏អាចរស់បានដោយខ្លួនឯង?
បើក្រឡេកមើលការនាំចេញសរុបរបស់កម្ពុជាទៅទីផ្សារសហភាពអឺរ៉ុប (EU) ក្នុងឆ្នាំ២០១៦ មានទឹកប្រាក់ចំនួន ៦២៥៩ លានដុល្លារអាមេរិក។ កម្ពុជាទទួលបានការអនុគ្រោះពន្ធទាំងស្រុងពីទីផ្សារនេះ។ ទំនិញដែលទៅទីផ្សារមួយនេះ រួមមាន សំលៀកបំពាក់ ស្រោមជើង ស្បែកជើង អង្ករ គ្រាប់ធញ្ញជាតិ វត្ថុធ្វើពីស្បែក កៅស៊ូ និងទោចក្រយាន ជាដើម។
រីឯការនាំចេញទៅសហរដ្ឋអាមេរិកវិញ គឺមានទំហំប្រាក់ ២៩១៦ លានដុល្លារ ក្នុងឆ្នាំ២០១៦ ។ ការនាំចេញរបស់កម្ពុជាទៅកាន់អាមេរិកបានបង់ពន្ធស្ទើរទាំងស្រុង លើកលែងតែផលិតផល travelling goods ដែលរដ្ឋាភិបាលអាមេរិកអនុគ្រោះដល់កម្ពុជាកាលពីចុងឆ្នាំ២០១៦ ។ ផលិតផលរបស់កម្ពុជាចូលទីផ្សារនេះរួមមាន សំលៀកបំពាក់ ស្រោមនិងស្បែកជើង ប្រដាប់ក្មេងលេង វត្ថុធ្វើពីស្បែក ស្រោមពូក និងគ្រឿងសង្ហារឹម ជាដើម។
បើមិនទទួលបានការអនុគ្រោះពន្ធទេនោះ កម្ពុជាត្រូវបង់ពន្ធចំនួន ៦៧៦ លានដុល្លារ សម្រាប់ទីផ្សារសហភាពអឺរ៉ុប ។ ចំណែកទឹកប្រាក់ដែលកម្ពុជាបានបង់ពន្ធឲ្យរដ្ឋាភិបាលអាមេរិកមានប្រមាណជាង ៣០០លានដុល្លារ (ក្នុងអត្រាពន្ធមធ្យម ១២ភាគរយ)។ ប៉ុន្តបើកម្ពុជាត្រូវបង់ប្រាក់ពន្ធលើទំនិញនេះ គឺមានទឹកប្រាក់ប្រមាណ ១០លានដុល្លារ (ក្នុងអត្រាពន្ធ ៥ភាគរយ)។ ដូច្នេះបានន័យថា កម្ពុជាទទួលបានផលចំណេញច្រើន ពីការអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប និងអាមេរិក។
តើសេដ្ឋកិច្ចកម្ពុជា នឹងដាំក្បាលចុះ ឬអាចរស់បានដោយខ្លួនឯងទេ បើសិនជាករណីសហភាពអឺរ៉ុប និងអាមេរិក ដកការអនុគ្រោះពន្ធពីកម្ពុជា?
បើមើលក្នុងដំណើផ្លូវសេដ្ឋកិច្ចនោះ ប្រាកដណាស់ថា កម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ នឹងទទួលរងផលអវិជ្ជមាន ដែលបង្កឲ្យសេដ្ឋកិច្ចជាតិប្រឈមនឹងការដាំក្បាលចុះ បើសិនជាបាត់បង់ការអនុគ្រោះពន្ធនេះ។ ត្រង់ចំណុចនេះលោក តេង ដឺលុច សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច បានពន្យល់ថា ផលវិបាកសេដ្ឋកិច្ច ដែលកម្ពុជានឹងត្រូវជួបប្រទះនោះ គឺការប្រឈមមុខនឹងការប្រកួតប្រជែងខ្ពស់ ,អ្នកបញ្ជាទិញកាត់បន្ថយទិញផលិតផល, ពលរដ្ឋប្រឈមនឹងការបាត់បង់ការងារធ្វើ ដោយសារម្ចាស់រោងចក្រ ឬសហគ្រាស អាចប្ដូរទីតាំងទៅប្រទេសដទៃ ដើម្បីស្វែងរកផលចំណេញរបស់ពួកគេ តាមរយៈការនាំទំនិញចូលសហភាពអឺរ៉ុប និងអាមេរិក ដោយទទួលបានអនុគ្រោះពន្ធនេះ។
លោក តេង ដឺលុច បន្ថែមថា បើពលរដ្ឋអត់ការងារធ្វើនោះ វានឹងផ្ដល់ការខាតបង់ជាប្រព័ន្ធ ទៅដល់អ្នកលក់ដូរ ,ម្ចាស់ផ្ទះជួល ត្រូវបាត់បង់ចំណូល ។ រីឯកម្មករគ្មានការងារធ្វើនោះ ក៏ត្រូវចំណាកស្រុករកការងារធ្វើនៅក្រៅប្រទេស ដើម្បីដោះបំណុលធនាគារដែរ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក តេង ដឺលុច បាននិយាយថា ៖«អ្វីដែលយើងខាតបង់នោះគឺសេដ្ឋកិច្ចនៃការអនុគ្រោះពន្ធ១០០០លានដុល្លារ ពីEUនិងអាមេរិក។ ដូច្នេះផលិតកម្មរបស់យើងខ្វះការប្រកួតប្រជែង ព្រោះបាត់បង់ការអនុគ្រោះពន្ធ ដែលធ្វើឲ្យទំនិញយើងនាំចេញទៅក្រៅប្រទេសត្រូវមានតម្លៃថ្លៃវិញ ហើយវាប្រកួតប្រជែងមិនឈ្នះទីផ្សារនោះ វានឹងជាបញ្ហា។ បើឧស្សាហកម្មយើងមិនចំណេញ ដូច្នេះសហគ្រាសត្រូវតែប្ដូរទីតាំងរកកន្លែងណាថ្មី ដែលមានការប្រកួតប្រជែងប្រសើរជាងកម្ពុជា។ អ៊ីចឹងគេអាចប្ដូរសហគ្រាសទៅភូមា វៀតណាមក៏ថាបាន។ ដូច្នេះវាអាស្រ័យទៅបរិយាកាសប្រទេសកម្ពុជា…»។
បន្ថែមពីលើនេះលោក ច័ន្ទ សុផល អ្នកវិភាគសេដ្ឋកិច្ច និយាយថា បើ EU និងអាមេរិកដកការអនុគ្រោះពន្ធទំនិញមែន នោះអ្នកនាំចេញប្រភេទទំនិញ ដែលកំណត់អត្រាពន្ធខ្ពស់ (ពី១០ទៅ២០ភាគរយ) នៅក្នុងទីផ្សារទាំងពីរនេះ នឹងប្រឈមមុខបិទទ្វាសហគ្រាសមុនគេ ។ ប៉ុន្តែអ្នកនាំចេញផលិតផលមានអត្រាពន្ធទាប អាចមានលទ្ធភាពបន្តនាំទំនិញចូលទីផ្សារEU និងអាមេរិកជាធម្មតា។ លោក ច័ន្ទ សុផល សាកសន្និដ្ឋានថា សហគ្រាស១ភាគ៣នៅកម្ពុជា នឹងប្រឈមការបិទទ្វារ ហើយងាកទៅរកទីតាំងប្រទេសដទៃវិញ បើមានការអនុវត្តពីEU និងអាមេរិកមកលើកម្ពុជាបែបនេះ។
នៅពេលសួរថាតើសេដ្ឋកិច្ចកម្ពុជានឹងត្រូវដាំក្បាលចុះធ្ងន់ធ្ងរ ហើយគ្មានវិធីដោះស្រាយមែនទេ? សាស្ត្រាចារ្យសេដ្ឋកិច្ចលោក តេង ដឺលុច បាននិយាយថា កម្ពុជាអាចដោះស្រាយបញ្ហាសេដ្ឋកិច្ចនេះបាន ដោយត្រូវប្រឹងរស់ដោយខ្លួនឯង ប៉ុន្តែវាគ្រាន់តែពិបាកជាងការទទួលបានឱកាសអភិវឌ្ឍប្រទេស តាមរយៈការអនុគ្រោះពន្ធពីEU និងអាមេរិកប៉ុណ្ណោះ។ បើតាមលោក តេង ដឺលុច រដ្ឋាភិបាលកម្ពុជាត្រូវជំរុញការផលិតក្នុងស្រុក បង្កើនការអភិវឌ្ឍធនធានមនុស្ស និងស្រាវជ្រាវបច្ចេកទេសកែច្នៃធនធានធម្មជាតិដែលមានស្រាប់ សម្រាប់នាំចេញ (កុំពឹងក្រុមហ៊ុនបរទេស)ជាដើម ទើបអាចទ្រទ្រង់សេដ្ឋកិច្ចបាន។ ជាពិសេសប្រឹងរកទីផ្សារផ្សេងៗ ក្រៅពីEUនិងអាមេរិក។
«អ្វីជាដំណោះស្រាយគឺត្រូវតែធ្វើយ៉ាងណា ព្យាយាមកសាងសេដ្ឋកិច្ចឲ្យរឹងមាំ តាមរយៈកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូពាណិជ្ជកម្មបរទេស។ ជាពិសេសសហគមអឺរ៉ុប និងអាមេរិកតែម្ដង ដែលការនាំចេញពីកម្ពុជា៨០ភាគរយពឹងលើទីផ្សារនេះ។ ហើយបើយើងពឹងលើទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិនគឺបូមលុយពីស្រុកខ្មែរ ដែលចិននាំចូលទំនិញមកកម្ពុជា៦ពាន់លានដុល្លារ តែយើងនាំចូលចិនតែប៉ុន្មានរយលានប៉ុណ្ណោះ។ អាជីវកម្មដែលអាចបន្តរស់រានបាន ត្រូវពង្រឹងសមត្ថភាពប្រកួតប្រជែងខ្លួន តាមរយៈការកាត់បន្ថយថ្លៃដើម ជំរុញផលិតភាពក្នុងស្រុក ការសន្សំសំចៃការចំណាយផ្សេងៗ ការទប់ស្កាត់ការចំណាយមិនផ្លូវការ ទើបសេដ្ឋកិច្ចអាចរស់រានបាន»។ នេះបើតាមលោក តេង ដឺលុច ។
តែយ៉ាងណារដ្ឋាភិបាល ធ្លាប់បានប្រកាសថា កម្ពុជាមិនពឹងផ្អែកលើបរទេសទាំងស្រុងនោះទេ។ ឆ្លើយតបនឹងការព្រមានដកការអនុគ្រោះពន្ធនេះ រដ្ឋាភិបាលក៏បានប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីដោះស្រាយបញ្ហានេះ តាមរយៈគម្រោងបង្កើតធនាគារដែលមានថវិកា១០០លានដុល្លារ ដើម្បីទុកបំពេញតម្រូវការសហគ្រាសធុនតូច និងមធ្យមរបស់ប្រជាពលរដ្ឋ ដែលជួបប្រទះបញ្ហាខ្វះដើមទុនសម្រាប់ប្រកបរបអ្វីមួយ។ ជាពិសេសលើកម្ពស់ដល់ការផលិតក្នុងស្រុក និងជំរុញឲ្យមានការនាំចេញផលិតផលទៅប្រកួតប្រជែងក្រៅប្រទេស ។
ទាក់ទងបញ្ហាខាងលើនេះលោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករ បាននិយាយថា បណ្ដារោងចក្រមួយចំនួន កំពុងរងការកាត់បន្ថយការបញ្ជារទិញបណ្ដើរៗពីសំណាក់សហគមអន្តរជាតិហើយ នៅឆ្នាំ២០១៨ខាងមុខ។ លោក ប៉ាវ ស៊ីណា ដែលទទួលដំណឹងនេះពីសមាជិកសហជីពខ្លួន បានប្រាប់សារព័ត៌មានថ្មីៗថា មូលហេតុដែលអ្នកបញ្ជារទិញ កាត់បន្ថយទិញទំនិញពីកម្ពុជា ដោយសារការព្រមានដកការអនុគ្រោះពន្ធពីកម្ពុជានេះ។ លោក ប៉ាវ ស៊ីណា ក៏អំពាវនាវឲ្យអ្នកនយោបាយដោះស្រាយបញ្ហារួមគ្នា ដើម្បីបញ្ចៀសការធ្លាក់ចុះសេដ្ឋកិច្ច ហើយសហគមអន្តរជាតិ ក៏មិនត្រូវយករឿងនយោបាយកម្ពុជា មកភ្ជាប់ការអនុគ្រោះពន្ធសេដ្ឋកិច្ចនេះដែរ៕
Tag:
EU
អាមេរិក
សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com