ជាតិ
លោក លី ខឹឈាង៖ ខ្ញុំចង់ធ្វើការជាមួយសម្ដេច ហ៊ុន សែន... សម្តេច ហ៊ុន សែន និងលោក លី ខឹឈាង នាជំនួបនៅប៉េកាំង កាលពីឆ្នាំ២០១៣ ។ រូបថត AFP
× ភ្នំពេញ៖ ទំនាក់ទំនងរវាងចិន-កម្ពុជា កំពុងស្អិតល្មួតខ្លាំង តាមទិសដៅគោលនយោបាយការបរទេសរបស់ប្រទេសទាំងពីរ។ ចិនត្រូវការកម្ពុជា ដើម្បីពង្រឹងអំណាចខ្លួនក្នុងតំបន់អាស៊ី ឯកម្ពុជាវិញ ក៏ត្រូវការចិន ដើម្បីជួយដំណើរការអភិវឌ្ឍប្រទេស។ ដើម្បីរក្សាទំនាក់ទំនងស្អិតល្មួតនេះ ចិនត្រូវការប្រមុខរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលយល់ចិត្តគ្នាស្រាប់ បន្តធ្វើការរួមគ្នា។
«ខ្ញុំចង់ធ្វើការជាមួយសម្ដេច (ហ៊ុន សែន) ដើម្បីបន្តពង្រឹងមិត្តភាពជាប្រពៃណីរវាងចិន និងកម្ពុជា ធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ តាមការអនុវត្តជាក់ស្ដែងលើគ្រប់វិស័យ ហើយនិងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទៅកម្រិតថ្មីមួយទៀត»។ នេះជាសាររបស់នាយករដ្ឋមន្ត្រីចិន លោក លី ខឹឈាង ដែលផ្ញើមកកាន់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសខួបលើកទី៦០ នៃទំនាក់ទំនងប្រទេសទាំងពីរ។
លោក លី ខឹឈាង បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងចិន-កម្ពុជាកន្លងមក បានសម្រេចសមិទ្ធផលជាច្រើន ក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលនាំមកផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។ បន្ថែមពីនេះនាយករដ្ឋមន្ត្រីចិន បានបញ្ជាក់ជំហរថា ចិននឹងបន្តគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ក្នុងការប្រកាន់យកនូវមាគ៌ាអភិវឌ្ឍន៍ ដែលសមស្របទៅតាមលក្ខខណ្ឌរបស់ខ្លួន។
ក្នុងដំណើរទស្សនកិច្ចរបស់លោក លី ខឹឈាង នៅកម្ពុជាកាលពីខែមករា ឆ្នាំ២០១៨នេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាឯកច្ឆ័ន្ទ ស្តីពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជាផងដែរ។
ចំពោះទំនាក់ទំនងរវាងចិន-កម្ពុជា ដែលកំពុងស្អិតល្មួតខ្លាំងនេះ ត្រូវបានមជ្ឈដ្ឋានមួយចំនួនព្រួយបារម្ភថា កម្ពុជាកំពុងក្លាយជាឧបករណ៍នយោបាយការបរទេសចិន ដើម្បីពង្រឹងឥទ្ធិពលអំណាចចិន នៅក្នុងតំបន់អាស៊ី ហើយរុញឲ្យកម្ពុជា ហ៊ានតទល់ជាមួយលោកខាងលិច ដោយអាងមានចិនជាខ្នងបង្អែក។
ការព្រួយបារម្ភនេះ វាអាចជាទឡ្ហីករណ៍មួយត្រឹមត្រូវដែរ។ លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយ មើលឃើញថា កម្ពុជា ហាក់បាត់បង់គោលជំហររបស់ខ្លួន ក្នុងការប្រកាន់យកគោលនយោបាយអព្យាក្រឹតខ្លះមែន ក្រោយពីមានសម្ពាធនយោបាយពីសហគមអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក ខណៈដែលកម្ពុជា កំពុងមានចិននៅពីក្រោយ។ ប៉ុន្តែសម្រាប់លោក អ៊ូ វីរៈ ដ្បិតកម្ពុជាខិតទៅរកចិនកាន់តែខ្លាំងមែន ប៉ុន្តែរដ្ឋាភិបាលកម្ពុជា ក៏មិនបណ្ដោយខ្លួនឲ្យក្លាយជាកូនអុក និងរងគ្រោះដោយសារចិនឡើយ។ នោះក៏ព្រោះតែរដ្ឋាភិបាល ក៏បានដឹងពីហានិភ័យ នៃការក្រសោបយកចិន ជាពិសេសមេរៀនប្រវត្តិសាស្ត្រប្រទេសកម្ពុជាកន្លងមក។
តែយ៉ាងណាលោក អ៊ូ វីរៈ បានផ្ដល់យោបល់ឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវទាញយកប្រយោជន៍ពីប្រទេសចំនួន៤ រួមមាន អាមេរិក ចិន ជប៉ុន និងឥណ្ឌា សម្រាប់ទស្សនវិស័យអភិវឌ្ឍន៍ប្រទេស។ បើតាមលោក អ៊ូ វិរៈ ប្រទេសទាំងនេះ ជាជម្រើសដ៏សំខាន់សម្រាប់កម្ពុជា ដែលមិនអាចគេចផុតបាន។ ប៉ុន្តែគោលដៅសំខាន់ថ្មី ដែលអ្នកវិភាគរូបនេះ មើលឃើញនោះ គឺកម្ពុជា ត្រូវពង្រឹងទំនាក់ទំនងនយោបាយការបរទេសជាមួយឥណ្ឌា ដែលនឹងក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី៣ លើពិភពលោក (នៅឆ្នាំ ២០៣៨)ដើម្បីជាប្រយោជន៍ជាតិ។ សម្រាប់លោក អ៊ូ វីរៈ ប្រយោជន៍ដែលកម្ពុជា ទទួលបាននោះ គឺតុល្យភាពនយោបាយការបរទេសកម្ពុជា ជាមួយចិន និងឥណ្ឌា ដែលប្រទេសទាំងពីរនេះ នឹងមានឥទ្ធិពលខ្លាំងនៅក្នុងតំបន់ឥណ្ឌូចិន។ ជាពិសេសប្រយោជន៍សេដ្ឋកិច្ចពីប្រទេសទាំងពីរ សម្រាប់ពង្រឹងសន្តិសុខជាតិរឹងមាំផងដែរ។ នេះជាការបញ្ជាក់របស់លោក អ៊ូ វីរៈ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗកន្លងមក៕
Tag:
ហ៊ុន សែន
លី ខឹឈាង
អ៊ូ វីរៈ
ចិន
កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com