ជាតិ
លោក លី ខឹ​ឈាង​៖ ខ្ញុំ​ចង់​ធ្វើការ​ជាមួយ​សម្ដេច ហ៊ុន សែន...
20, Jul 2018 , 10:09 am        
រូបភាព
សម្តេច ហ៊ុន សែន និងលោក លី ខឹឈាង នាជំនួបនៅប៉េកាំង កាលពីឆ្នាំ២០១៣ ។ រូបថត AFP
សម្តេច ហ៊ុន សែន និងលោក លី ខឹឈាង នាជំនួបនៅប៉េកាំង កាលពីឆ្នាំ២០១៣ ។ រូបថត AFP
​ភ្នំពេញ​៖ ទំនាក់ទំនង​រវាង​ចិន​-​កម្ពុជា កំពុង​ស្អិតល្មួត​ខ្លាំង តាម​ទិសដៅ​គោលនយោបាយ​ការបរទេស​របស់​ប្រទេស​ទាំងពីរ​។ ចិន​ត្រូវការ​កម្ពុជា ដើម្បី​ពង្រឹង​អំណាច​ខ្លួន​ក្នុង​តំបន់​អាស៊ី ឯ​កម្ពុជា​វិញ ក៏ត្រូវ​ការ​ចិន ដើម្បី​ជួយ​ដំណើរការ​អភិវឌ្ឍ​ប្រទេស​។ ដើម្បី​រក្សា​ទំនាក់ទំនង​ស្អិតល្មួត​នេះ ចិន​ត្រូវការ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន ដែល​យល់ចិត្ត​គ្នា​ស្រាប់ បន្ត​ធ្វើការ​រួមគ្នា​។​



«​ខ្ញុំ​ចង់​ធ្វើការ​ជាមួយ​សម្ដេច (​ហ៊ុន សែន​) ដើម្បី​បន្ត​ពង្រឹង​មិត្ត​ភាពជា​ប្រពៃណី​រវាង​ចិន និង​កម្ពុជា ធ្វើ​ឲ្យ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ តាម​ការអនុវត្ត​ជាក់ស្ដែង​លើ​គ្រប់​វិស័យ ហើយ​និង​លើកកម្ពស់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ទៅ​កម្រិត​ថ្មី​មួយទៀត​»​។ នេះ​ជា​សារ​របស់​នាយករដ្ឋមន្ត្រី​ចិន លោក លី ខឹ​ឈាង ដែល​ផ្ញើ​មកកាន់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាស​ខួប​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​។​

​លោក លី ខឹ​ឈាង បាន​សង្កត់ធ្ងន់ថា ទំនាក់ទំនង​រវាង​ចិន​-​កម្ពុជា​កន្លងមក បានសម្រេច​សមិទ្ធផល​ជាច្រើន ក្នុង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដែល​នាំមក​ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។ បន្ថែម​ពីនេះ​នាយករដ្ឋមន្ត្រី​ចិន បានបញ្ជាក់​ជំហរ​ថា ចិន​នឹង​បន្ត​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​កម្ពុជា ក្នុងការ​ប្រកាន់យក​នូវ​មាគ៌ា​អភិវឌ្ឍន៍ ដែល​សមស្រប​ទៅតាម​ល​ក្ខ​ខណ្ឌ​របស់ខ្លួន​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក លី ខឹ​ឈាង នៅ​កម្ពុជា​កាលពី​ខែមករា ឆ្នាំ​២០១៨​នេះ ភាគី​ទាំង​ពីរបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី​ជា​ឯកច្ឆ័ន្ទ ស្តីពី​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន​-​កម្ពុជា​ផងដែរ​។​

​ចំពោះ​ទំនាក់ទំនង​រវាង​ចិន​-​កម្ពុជា ដែល​កំពុង​ស្អិតល្មួត​ខ្លាំង​នេះ ត្រូវបាន​មជ្ឈដ្ឋាន​មួយចំនួនព្រួយបារម្ភ​ថា កម្ពុជា​កំពុង​ក្លាយជា​ឧបករណ៍​នយោបាយ​ការបរទេស​ចិន ដើម្បី​ពង្រឹង​ឥទ្ធិពល​អំណាច​ចិន នៅក្នុង​តំបន់​អាស៊ី ហើយ​រុញ​ឲ្យ​កម្ពុជា ហ៊ាន​តទល់​ជាមួយ​លោកខាងលិច ដោយ​អាង​មាន​ចិន​ជា​ខ្នងបង្អែក​។

អត្ថបទទាក់ទង


​ការព្រួយបារម្ភ​នេះ វា​អាចជា​ទឡ្ហីករណ៍​មួយ​ត្រឹមត្រូវ​ដែរ​។ លោក អ៊ូ វីរៈ អ្នកវិភាគ​នយោបាយ មើលឃើញថា កម្ពុជា ហាក់​បាត់បង់​គោលជំហរ​រប​ស់​ខ្លួន ក្នុងការ​ប្រកាន់យក​គោលនយោបាយ​អ​ព្យា​ក្រឹតខ្លះ​មែន ក្រោយពី​មាន​សម្ពាធ​នយោបាយ​ពី​សហគម​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក ខណៈដែល​កម្ពុជា កំពុងមាន​ចិន​នៅ​ពីក្រោយ​។ ប៉ុន្តែ​សម្រាប់​លោក អ៊ូ វីរៈ ដ្បិត​កម្ពុជា​ខិត​ទៅរក​ចិន​កាន់តែខ្លាំង​មែន ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា ក៏​មិន​បណ្ដោយ​ខ្លួន​ឲ្យ​ក្លាយជា​កូនអុក និង​រងគ្រោះ​ដោយសារ​ចិន​ឡើយ​។ នោះ​ក៏​ព្រោះតែ​រដ្ឋាភិបាល ក៏បាន​ដឹង​ពី​ហានិភ័យ នៃ​ការ​ក្រសោប​យក​ចិន ជាពិសេស​មេរៀន​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​កន្លងមក​។​

​តែ​យ៉ាងណា​លោក អ៊ូ វីរៈ បានផ្ដល់​យោបល់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ទាញយក​ប្រយោជន៍​ពី​ប្រទេស​ចំនួន​៤ រួមមាន អាមេរិក ចិន ជប៉ុន និង​ឥណ្ឌា សម្រាប់​ទស្សនវិស័យ​អភិវឌ្ឍន៍​ប្រទេស​។ បើតាម​លោក អ៊ូ វិ​រៈ ប្រទេស​ទាំងនេះ ជា​ជម្រើស​ដ៏​សំខាន់​សម្រាប់​កម្ពុជា ដែល​មិនអាច​គេចផុត​បាន​។ ប៉ុន្តែ​គោលដៅ​សំខាន់​ថ្មី ដែល​អ្នកវិភាគ​រូបនេះ មើលឃើញ​នោះ គឺ​កម្ពុជា ត្រូវ​ពង្រឹង​ទំនាក់ទំនង​នយោបាយ​ការបរទេស​ជាមួយ​ឥណ្ឌា ដែល​នឹង​ក្លាយជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​៣ លើ​ពិភពលោក (​នៅ​ឆ្នាំ ២០៣៨)​ដើម្បី​ជា​ប្រយោជន៍​ជាតិ​។ សម្រាប់​លោក អ៊ូ វីរៈ ប្រយោជន៍​ដែល​កម្ពុជា ទទួលបាន​នោះ គឺ​តុល្យភាព​នយោបាយ​ការបរទេស​កម្ពុជា ជាមួយ​ចិន និង​ឥណ្ឌា ដែល​ប្រទេស​ទាំងពីរ​នេះ នឹងមាន​ឥទ្ធិពល​ខ្លាំង​នៅក្នុង​តំបន់​ឥណ្ឌូចិន​។ ជាពិសេស​ប្រយោជន៍​សេដ្ឋកិច្ច​ពី​ប្រទេស​ទាំងពីរ សម្រាប់​ពង្រឹង​សន្តិសុខ​ជាតិ​រឹងមាំ​ផងដែរ​។ នេះ​ជាការ​បញ្ជាក់​របស់លោក អ៊ូ វីរៈ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​កន្លងមក​៕




Tag:
 ហ៊ុន សែន
  លី ខឹ​ឈាង​
  អ៊ូ វីរៈ​
  ចិន
 ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com