ជាតិ
ព្រះកេសទេវតាមួយអង្គ ត្រូវបានគេរកឃើញនៅបាតគ្រឹះ នៃខ្លោងទ្វារអតីតរាជធានីអង្គរធំ
15, May 2024 , 1:59 pm        
រូបភាព
សៀមរាប៖ ព្រះកេសទេវតាមួយអង្គ ត្រូវបានអ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរា រកឃើញក្នុងរណ្ដៅកំណាយស្រាវជ្រាវមួយ នៅចំណុចខ្លោងទ្វារជ័យ នៅទិសខាងកើត នៃអតីតក្រុងអង្គរធំ កាលពីថ្ងៃទី០៨ ឧសភានេះ។ មុនរកឃើញ ព្រះកេសនេះត្រូវបានកប់ នៅបាតគ្រឹះខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ និងរកឃើញដោយចៃដន្យ។ នេះបើតាមអាជ្ញាធរជាតិអប្សរា។



លោក អន សុភាព បុរាណវិទូ អះអាងថា៖​«​ ជាការចៃដន្យ ក្នុងពេលក្រុមការងារលោកកំពុងកំណាយនោះ ក៏បានប្រទះឃើញព្រះកេសមួយនៅស្អាត កប់ក្នុងរណ្ដៅជើងគ្រឹះទេវតាទាញព្រ័ត្រតែម្ដង»។ 

ព្រះកេសទេវតា ត្រូវបានកំណាយឃើញដោយចៃដន្យ នៅខ្លោងទ្វារជ័យ នៃអតីតរាជធានីអង្គរធំ។ រូបភាពអាជ្ញាធរជាតិអប្សរា៕

ក្នុងព័ត៌មានដែលអាជ្ញាធរជាតិអប្សរាចេញផ្សាយ បន្ទាប់ពីអ្នកជំនាញពិនិត្យ និងសិក្សា លទ្ធផលបញ្ជាក់ឱ្យឃើញថា ព្រះកេសនោះបានបាក់ធ្លាក់ពីរូបទេវតា នៅចំណុចលេខទី២៣ បើរាប់ពីជួរខាងមុខមក​ នៃជួរទេវតាទាញព្រ័ត្រ។ ព្រះកេសធ្វើពីថ្មភក់នេះមានបណ្ដោយ ២០សង់ទីម៉ែត្រ ទទឹង១១សង់ទីម៉ែត្រ និងកម្ពស់ ១២សង់ទីម៉ែត្រ។ 
 
ជុំវិញការសិក្សានៅចំណុចខ្លោងទ្វារខាងលើនេះ អ្នកជំនាញក៏បានសន្និដ្ឋានថា គ្រឹះចម្លាក់នៅខ្លោងទ្វារជ័យ មានភាពមាំល្អ ដោយសារខ្លោងទ្វារនេះ ធ្លាប់ឆ្លងកាត់ការជួសជួលពីរលើករួចមកហើយ កាលពីសម័យកណ្ដាល (ក្រោយសម័យអង្គរ) និងម្ដងទៀតនៅអំឡុងសម័យបារាំង៕ 

លោក អន សុភាព បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា។ រូបភាពអាជ្ញាធរជាតិអប្សរា

ការកំណាយស្រាវជ្រាវគ្រឹះ នៅខ្លោងទ្វារជ័យ។ រូបភាពអាជ្ញាធរជាតិអប្សរា៕
 

Tag:
 ThmeyThmey
  ខ្លោងទ្វារជ័យ
  អង្គរធំ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com