អន្តរជាតិ
ថៃ ស្នើអាស៊ានចូលរួមឱ្យសកម្មថែមទៀតដើម្បីដោះស្រាយវិបត្តិមីយ៉ាន់ម៉ា
× រដ្ឋាភិបាលថៃ បានអំពាវនាវអាស៊ានឱ្យដើរតួយ៉ាងសកម្មបន្ថែមទៀតក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា បន្ទាប់ពីមានការប្រយុទ្ធគ្នាជាច្រើនសប្តាហ៍ព្រំដែនថៃ និងមីយ៉ាន់ម៉ារវាងយោធា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលធ្វើឱ្យមានលំហូរជនភៀសខ្លួនផង។
ការប្រយុទ្ធគ្នាដណ្ដើមទីក្រុង Myawaddy រវាងយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉េន ធ្វើឱ្យថៃបារម្ភខ្លាំងពីស្ថិរភាពនៅតាមព្រំដែន។ ដ្បិតទីក្រុងសំខាន់នេះធ្លាក់ចូលដៃក្រុមយោធាក្រោយបាត់បង់ប៉ុន្មានថ្ងៃក្ដី ការប្រយុទ្ធគ្នានៅតែមាននៅក្នុងរដ្ឋការ៉េន ក៏ដូចជាទីតាំងផ្សេងទៀតនៅមីយ៉ាន់ម៉ា រវាងយោធា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចនានា ក៏ដូចជាក្រុមសកម្មជនតស៊ូប្រឆាំងរបបយោធា។
ជាមួយគ្នានេះ ផែនការសន្តិភាពរបស់អាស៊ាន នៅតែគ្មានប្រសិទ្ធភាពដោះស្រាយបញ្ហានេះបាន។ អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បាននិយាយនៅថ្ងៃទី២៦ ខែមេសាថា ថៃចង់ឃើញអាស៊ានសកម្មជាងនេះ។
«យើងបានពិភាក្សាជាមួយឡាវ ក្នុងនាមជាប្រធានអាស៊ាន និងមីយ៉ាន់ម៉ាអំពីស្ថានភាពនេះ»។ អ្នកនាំពាក្យដដែលបន្តបែបនេះ។
លើសពីនេះ ថៃបានស្នើឲ្យមានកិច្ចប្រជុំអាស៊ានរវាងឥណ្ឌូណេស៊ីដែលជាប្រធានអាស៊ានឆ្នាំមុន ឡាវដែលជាប្រធានបច្ចុប្បន្ន និងម៉ាឡេស៊ីដែលប្រធានឆ្នាំក្រោយ។
នៅក្រោមផែនការសន្តិភាពមីយ៉ាន់ម៉ាឆ្នាំ២០២១ ប្រធានអាស៊ានបានតែងតាំងបេសកជនពិសេសមួយដែលមានភារកិច្ចជំរុញដំណើរសន្តិភាពដែរ។ ប៉ុន្តែប្រធានបច្ចុប្បន្នគឺឡាវ មិនសូវបញ្ចេញព័ត៌មានច្រើនឡើយពីសកម្មភាពរបស់បេសកជនរបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com