សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ប្រាក់យ៉េន ធ្លាក់ថ្លៃទាបបំផុតក្នុងរយៈពេល៣៤ឆ្នាំចុងក្រោយ ក្រដាសប្រាក់១០០០យ៉េនរបស់ជប៉ុន និងប្រាក់ ១០០ដុល្លារអាម៉េរិក ។ រូបភាព ៖ AFP
× រូបិយប័ណ្ណជប៉ុន បានធ្លាក់ថ្លៃដល់កម្រិតទាបបំផុតក្នុងរយៈពេល ៣៤ឆ្នាំ នៅពេលអត្រាប្តូរប្រាក់១ដុល្លារស្មើនឹង ១៦០យ៉េន។ នេះបើគិតត្រឹមព្រឹកថ្ងៃទី២៩ ខែមេសា។ យ៉ាងណាមិញ នៅរសៀលថ្ងៃទី២៩ ខែមេសា តម្លៃលុយយ៉េន បើធៀបនឹងលុយដុល្លារ បានកើនឡើងបន្តិចវិញ។
អត្រាប្តូរប្រាក់យ៉េនធៀបនឹងប្រាក់ដុល្លារអាម៉េរិកបានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីខែមេសា ឆ្នាំ១៩៩០ ពោលគឺ ១ដុល្លារស្មើនឹង ១៦០យ៉េន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
បើធៀបជាមួយរូបិយប័ណ្ណរបស់សហភាពអឺរ៉ុបវិញ ១អឺរ៉ូ អាចប្តូរបាន១៧១យ៉េន។ នេះក៏ជាកម្រិតទាបបំផុតចាប់តាំងពីរូបិយប័ណ្ណរួមអឺរ៉ុបបានកកើតនៅឆ្នាំ១៩៩៩។
យ៉ាងណាមិញ នៅរសៀលថ្ងៃទី២៩ ខែមេសា តម្លៃលុយយ៉េនធៀបជាមួយលុយដុល្លារ បានកើនឡើងបន្តិច ដោយ១ដុល្លារ អាចប្តូរបានប្រមាណ ១៥៥យ៉េន។
ការធ្លាក់ចុះនៃប្រាក់យ៉េន បន្ទាប់ពីទេសាភិបាលធនាគារកណ្តាលជប៉ុន លោក Kazuo Ueda បាននិយាយនៅថ្ងៃទី១៨ ខែមេសា ថា ប្រាក់យ៉េនទន់ខ្សោយមិនមានផលប៉ះពាល់ខ្លាំងដល់អតិផរណាស្នូលទេ។ សារនេះធ្វើឱ្យអ្នកវិនិយោគព្យាករថា នឹងមិនមានការកើនឡើងអត្រាការប្រាក់ណាមួយក្នុងពេលឆាប់ៗនោះឡើយ។
មុនពេលលោក Kazuo Ueda លើកឡើងបែបនេះ អត្រាប្តូរប្រាក់បានប្រែប្រួលក្នុងរង្វង់ ១១៥យ៉េនស្មើនឹង ១ដុល្លារ។ ការធ្លាក់ថ្លៃប្រាក់យ៉េននាពេលនេះ បានបង្កើនការរំពឹងទុកថារដ្ឋាភិបាលជប៉ុន និងធនាគារកណ្តាលអាចនឹងធ្វើអន្តរាគមន៍ក្នុងទីផ្សារប្តូរប្រាក់ដើម្បីទិញរូបិយប័ណ្ណនេះ។ កន្លងមក ទោះបីជារូបិយបណ្ណជាតិធ្លាក់ចុះ ក៏រដ្ឋាភិបាលជប៉ុនបានព្យាយាមរារាំងការអន្តរាគមន៍អស់ជាច្រើនខែ។
នៅពាក់កណ្តាលខែមីនា ធនាគារកណ្តាលជប៉ុន បានបោះបង់ចោលគោលនយោបាយអត្រាការប្រាក់អវិជ្ជមានរបស់ខ្លួន ដែលជាមូលហេតុចម្បងដែលធ្វើឲ្យប្រាក់យ៉េនធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ទោះជាយ៉ាងណា វាមានរយៈពេលជាងមួយខែហើយដែលរូបិយប័ណ្ណជប៉ុននៅតែមិនអាចឡើងថ្លៃបានទេ៕
Tag:
ជប៉ុន
ប្រាក់យ៉េន
© រក្សាសិទ្ធិដោយ thmeythmey.com