ដោយ៖ ផាត ដាណេ និង រិន ឧស្សាហ៍
ស្ទឹងត្រែង៖ ភ្លៀងធ្លាក់មិនទៀងទាត់ ខ្សត់ទឹកភ្លៀង គ្រោះរាំងស្ងួត និងកត្តាផ្សេងៗដោយសារបម្រែ បម្រួលអាកាសធាតុ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យជលផល ទាំងធនធានមច្ឆា និងដែនជម្រក។ ស្របពេលដែលទិន្នផលត្រីធ្លាក់ចុះ ពលរដ្ឋដែលប្រកបរបរនេសាទ ក៏កាន់តែជួបស្ថានភាពលំបាកប្រចាំថ្ងៃផងដែរ។
អស់រយៈពេលជាង៤០ឆ្នាំហើយដែលលោក ផាយ ហ៊ួក ចិញ្ចឹមជីវិតជាមួយនឹងរបរនេសាទបន្តពី ឪពុក ម្តាយ។ ស្ថិតក្នុងភូមិកោះស្នែង ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង អ្នកនេសាទវ័យ៦៦ឆ្នាំរូបនេះ ត្អូញត្អែរថា រដូវប្រាំងកាន់តែក្តៅ ភ្លៀងធ្លាក់មិនទៀងទាត់នារដូវវស្សា បានធ្វើឱ្យការនេសាទរបស់ខ្លួនស្ទើរតែមិនអាចគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ។
រកត្រីលែងបាន ខាតបង់ចំណូលច្រើន។ ទាំងនេះជាហេតុដែលធ្វើឱ្យលោកមិនចង់ឱ្យកូនដើរតាមលំអានខ្លួន។ លោក ផាយ ហ៊ួក រម្លឹកថា៖«ពីមុនមួយថ្ងៃ ខ្ញុំអាចរកចំណូលបានពី៣ម៉ឺន ទៅ៥ម៉ឺនរៀលពីការ នេសាទ។ តែឥឡូវរកមិនបានទេ ថ្ងៃខ្លះក៏មិនបានសោះតែម្ដង»។
លោក ផាយ ហ៊ួក អ្នកនេសាទក្នុងសហគមន៍នេសាទកោះស្នែង ស្ថិតក្នុងភូមិកោះស្នែង ឃុំកោះស្នែង ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង
ជួបបទពិសោធន៍ដែលលោកបានហែលឆ្លងកាត់ ទើបអ្នកនេសាទរូបនេះ ប្រឹងជំរុញឱ្យកូនៗទាំង៣នាក់ របស់ខ្លួនបន្តការសិក្សាដើម្បីមានលទ្ធភាពធ្វើការងារ និងរបរផ្សេង ដោយបច្ចុប្បន្នកូនរបស់លោក មាន ម្នាក់ជាគ្រូបង្រៀន ម្នាក់ជាកសិករ និងម្នាក់ទៀតជាកម្មករស្វាយចន្ទី។
បើតាម លោក ស្រី សំវិចិត្រ នាយខណ្ឌជលផលខេត្តស្ទឹងត្រែង ការនេសាទថយចុះនារយៈពេលបួនប្រាំ ឆ្នាំចុងក្រោយនេះ ដោយសារកត្តាគួបផ្សំនានា រួមទាំងការអភិវឌ្ឍន៍ផងដែរ។ លោកអះអាងថា កន្លងមកខេត្តស្ទឹងត្រែង មានអ្នកនេសាទច្រើន ទាំងពលរដ្ឋក្នុងខេត្ត និងចំណាកស្រុកមកពីខេត្តផ្សេងៗ ដែលមកនេសាទនៅទីនោះ។
រូបភាព៖ ឈន សុផាត
បញ្ហាចម្រុះសហគមន៍នេសាទកោះស្នែង ស្ថិតក្នុងតំបន់រ៉ាមសារ ខេត្តស្ទឹងត្រែង អាចធ្វើដំណើរចូល បានដោយ ទូក ប៉ុណ្ណោះ។ លោក សាប់ ឧត្តម ប្រធានសហគមន៍នេសាទកោះស្នែង បានបញ្ជាក់ថា សហគមន៍នេះ ត្រូវ បានបង្កើតឡើងក្នុងឆ្នាំ២០០២ មានពលរដ្ឋចំនួន១១៣៩នាក់ ស្មើនឹង២៧០គ្រួសារ ហើយ៧០ភាគរយ ប្រកបរបរនេសាទ។
ប្រជានេសាទ និងអាជ្ញាធរយល់ថា បម្រែបម្រួលអាកាសធាតុ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមដងទន្លេ និងការនេសាទខុសច្បាប់ ជាបញ្ហាបង្កឱ្យមានថយចុះផលនេសាទនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងចំនួនអ្នកនេសាទថយថុះផងដែរ។
នាយខណ្ឌជលផលខេត្ត អះអាងដូច្នេះថា៖ «ក្នុងរយៈពេលបួនប្រាំឆ្នាំចុងក្រោយនេះ អាកាសធាតុ កាន់ តែក្តៅ លំហូរទឹកទន្លេមេគង្គបានផ្លាស់ប្តូរដោយសារការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីតាមដងទន្លេ ការបាក់ដី ការកាប់បំផ្លាញព្រៃឈើជាដើម ដែលជាកត្តារួមចំណែកធ្វើឱ្យប៉ះពាល់ដល់វិស័យជលផល»។
លោក សាប់ ឧត្តម ក៏មើលឃើញដូចគ្នាផងដែរ។ ប្រធានសហគមន៍រូបនេះ បានកត់សម្គាល់ពីភាព ខុស ប្លែក ដោយកម្ដៅកើនឡើងខ្លាំងនារដូវប្រាំង ភ្លៀងធ្លាក់តិចនារដូវវស្សា រួមទាំងបញ្ហាទាំងទន្លេស្រកចុះ និងហក់ឡើងមិនទៀងពេល។
លោក ស្រី សំវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង
អ្នកស្រី សន ប៉ាង ជាស្ត្រីមេម៉ាយ ដែលប្រកបរបរនេសាទជាង២០ឆ្នាំនៅភូមិកោះស្នែង បានកត់សម្គាល់ ថា ផលនេសាទបានថយចុះម្ដងបន្តិចៗក្នុងរយៈពេល៥ឆ្នាំចុងក្រោយ រួមទាំងធនធានធម្មជាតិតាម ដង ទន្លេ ដូចជាព្រៃលិចទឹកក៏បាត់បងផងដែរ។
ស្រ្តីវ័យ៤៦ឆ្នាំរូបនេះលើកឡើងថា៖«ពីមុនដាក់មងមួយក្បាលពីរក្បាល ក៏បានត្រីពី១០ ទៅ២០គីឡូក្រាម ឥឡូវនេះទោះដាក់ពី២ទៅ៣ការ៉ុងទើបបាន១០គីឡូក្រាម។ ខ្ញុំជាស្រី ហើយអាចរកចិញ្ចឹមកូនតាំងតូចៗអាយុ៥ឆ្នាំ ខ្ញុំធ្វើត្រីប្រហុកម្ដងពី១០០ ទៅ២០០គីឡូក្រាម វាសម្បូរមិនថ្លៃដូចឥឡូវណា។ មួយគីឡូក្រាមពី១៥០០ ទៅ២០០០រៀលពីមុន»។
រូបភាព៖ ឈន សុផាត
ងាកមកដល់បច្ចុប្បន្ន ស្រ្តីមេម៉ាយរូបនេះ ត្អូញត្អែរពីផលពិបាកនៃរបរនេសាទថារកត្រីលែងសូវបាន ពិបាកដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ «ឥឡូវនេះគឺពិបាកណាស់ រកបានគឺគ្រប់គ្រាន់សម្រាប់ហូបក្នុងគ្រួសារ និងលក់បានតិចតួច»។ នេះជាការលើកឡើងរបស់អ្នកស្រី សន ប៉ាង។
លោក ដឿង សីហា ដែលធ្លាប់ប្រកបរបរនេសាទ ហើយបច្ចុប្បន្នជាគ្រូបង្រៀននៅសាលាបឋមសិក្សា កោះកី ស្ថិតក្នុងឃុំកោះស្នែង សង្កេតឃើញថា ព្រៃលិចទឹកបានថយចុះម្ដងបន្តិចៗ ហើយបទល្មើស នេសាទក៏នៅតែបន្តកើតមានច្រើនក្នុងសហគមន៍។ បូករួមទាំងការអភិវឌ្ឍន៍លើដងទន្លេបង្ក ជាបញ្ហាខ្សត់ត្រី ពិបាកដល់ការនេសាទ។
«បន្ថែមពីលើការប្រែប្រួលអាកាសធាតុ ការកើនឡើងចំនួនប្រជាជនក្នុងសហគមន៍នេសាទក៏ប៉ះពាល់ដល់ ទិន្នផលត្រីផងដែរ។ ជាពិសេសនោះ សកម្មភាពនេសាទខុសច្បាប់នៅតែជាបញ្ហាប្រឈមចម្បងចំពោះកង្វះត្រី និងការផុតពូជរបស់វា»។ នេះជាការលើកឡើងរបស់លោក ដឿង សីហា ដែលបន្តថា ទឹកទន្លេមេគង្គហូរខ្លាំងក៏អាចរំខានដល់ការពងកូនត្រី និងការធ្វើដំណើររបស់ត្រីផងដែរ។
ការសាងសង់ទំនប់វារីអគ្គិសនីនៅអាងទន្លេមេគង្គបានបង្កើតឱ្យមានភាពចម្រូងចម្រាស និងផលប៉ះពាល់។ យោងតាមរបាយការណ៍របស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) វត្តមានទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គផ្នែកខាងលើជាច្រើននៅក្នុងប្រទេសចិន និងឡាវ ដែលបញ្ចេញទឹកពេញមួយរដូវប្រាំង កំពុងបំផ្លាញព្រៃកោងកាង និងការបម្លាស់ទីរបស់ត្រី។ ម្យ៉ាងទៀតប្រឈមការបាត់បង់ពូជត្រី ពិសេសប្រភេទត្រីកម្រទន្លេមេគង្គ ដូចជាត្រីរាជជាដើម។
អនាគតនៃរបរនេសាទ
លោក សាប់ ឧត្តម អះអាងថា បច្ចុប្បន្នអ្នកនេសាទក្នុងសហគមន៍ មានតែមនុស្សចាស់ដែលបាន បន្តរបរនេះពីឪពុកម្ដាយតាំងពីក្មេង ដោយសារការនេសាទថយចុះ។ ទន្ទឹងនឹងនេះ លោក សាប់ ឧត្តម ក៏បានជំរុញឱ្យប្រជាពលរដ្ឋធ្វើស្រែចម្ការ ដំណាំដាំដុះ ជាជាងពឹងផ្អែកតែលើការនេសាទ។ យ៉ាងណាក៏ដោយបញ្ហាប្រឈមនៅតែមាន ក៏ព្រោះបម្រែបម្រួលអាកាសធាតុ ភ្លៀងធ្លាក់មិនទៀងទាត់ និងគ្រោះរាំងស្ងួត ធ្វើឱ្យពិបាកដល់ការធ្វើកសិកម្មផងដែរ។
ស្ថិតក្នុងតំបន់រ៉ាមសារ ខេត្តស្ទឹងត្រែង ភូមិកោះស្នែងក៏ជាទីតាំងទេសចរណ៍ពេញនិយមក្នុងរដូវប្រាំងផងដែរ។ លោក ឧត្តម ចង់ឃើញវត្តមានភ្ញៀវទេសចរណ៍មកកម្សាន្តនៅសហគមន៍កោះស្នែងឱ្យកាន់តែច្រើន ព្រោះវាអាចផ្ដល់ចំណូលមួយផ្នែកដល់ពលរដ្ឋក្នុងសហគមន៍ផងដែរ។
លោក សាប់ ឧត្តម ប្រធានសហគមន៍នេសាទកោះស្នែង ស្ថិតក្នុងឃុំកោះស្នែង ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង
លោក ស្រី សំវិចិត្រ អះអាងថា រដ្ឋបាលជលផលខេត្តបានរឹតបន្តឹងការអនុវត្តច្បាប់នេសាទ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទ និងបានសហការជាមួយភាគីពាក់ព័ន្ធទប់ស្កាត់បញ្ហាអាកាសធាតុតាមរយៈការការពារព្រៃឈើក្នុងតំបន់អភិរក្ស ការពារព្រៃលិចទឹកពីការកាប់បំផ្លាញដោយរឹតបន្តឹងច្បាប់ព្រៃឈើជាដើម។
ដោយឡែកការទប់ស្កាត់បញ្ហាប្រឈមលើធនធានជលផលនោះគឺ បញ្ឈប់បទល្មើសនេសាទតាមតំបន់នានា។ លោក សំវិចិត្រ ថាខណ្ឌរដ្ឋបាលជលផលបានសហការជាមួយភាគីពាក់ព័ន្ធ រៀបចំឱ្យមានក្រុមការងារល្បាតតាមតំបន់នេសាទ ផ្សព្វផ្សាយពីផលប៉ះពាល់ដើម្បីបង្កើនការយល់ដឹងរបស់ប្រជាជន រឹតបន្តឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព និងរៀបចំផលស្តុកក្នុងធម្មជាតិតាមរយៈការលែងត្រីមេពូជចូលទន្លេជាដើម។
រូបភាព៖ ឈន សុផាត
ប្រធានខណ្ឌរដ្ឋបាលជលផល លើកឡើងបន្ថែមយ៉ាងដូច្នេះថា៖«រដ្ឋបាលជលផលខេត្តបានសហការជាមួយភាគីពាក់ព័ន្ធក្នុងការទប់ស្កាត់បញ្ហាដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដោយការពារព្រៃឈើនៅតំបន់ការពារ ការពារព្រៃលិចទឹកពីការកាប់បំផ្លាញព្រៃឈើ និងការរឹតបន្តឹងច្បាប់ព្រៃឈើ»។ ចំពោះបញ្ហាព្រៃកោងកាងដែលអាចធ្វើជាជម្រកត្រីមិនត្រូវបានអនុវត្តក្នុងខេត្តនេះឡើយ ក៏ព្រោះ ទឹកនៅទីនេះហូរលឿន មិនដូចបឹងទន្លេសាប ដែលបង្កផលលំបាកក្នុងការដាំដុះ។
លោកស្រី កាំង ឃីម អគ្គនាយករងរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងពីតួនាទីដ៏សំខាន់របស់ស្រ្តីក្នុងវិស័យជលផល ដោយសារស្រ្តីមានសមត្ថភាពកែច្នែផលិតផលនេសាទត្រី និងការធ្វើអាជីវកម្ម ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ក្នុងគ្រួសារ។
រូបភាព៖ ឈន សុផាត
លោកស្រីគូសបញ្ជាក់ថា៖«អ្វីដែលពិសេសបំផុតនោះ ស្ត្រីក៏ចូលរួមក្នុងការកែច្នៃឧបករណ៍នេសាទ បែបប្រពៃណី ដែលមិនប៉ះពាល់ដល់ធនធានជលផល។ ហើយស្ត្រីក៏បានចូលរួមក្នុងការបង្រ្កាបបទល្មើសនេសាទដែរ ដោយអប់រំគ្រួសារ ប្តី កូនកុំឱ្យប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់។
លោក ស្រី សំវិចិត្រ យល់ថា ការថយចុះនៃចំនួនអ្នកនេសាទ អាចធ្វើឱ្យមានបញ្ហាប្រឈមនាពេលអនាគត ក៏ព្រោះពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ភាគច្រើនទិញត្រីពីអ្នកនេសាទសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ប្រធានខណ្ឌរដ្ឋបាលជលផលរូបនេះ លើកឡើងដូច្នេះថា៖«ខេត្តស្ទឹងត្រែងត្រូវបានចាត់ទុកថាជាជម្រកដ៏សំខាន់សម្រាប់ប្រភេទត្រីជាច្រើនប្រភេទ ជាពិសេសគឺប្រភេទត្រីកម្រ។ ក្រៅពីធ្វើជាជម្រកសម្រាប់ផលិតត្រី តំបន់នេះដើរតួជាអ្នកផ្គត់ផ្គង់ត្រីដ៏ធំបំផុតសម្រាប់ប្រជាជនក្នុងតំបន់»។
លោក ដឿង សីហា គ្រូបង្រៀននៅសាលាបឋមសិក្សាកោះស្នែង ស្ថិតក្នុងភូមិកោះស្នែង ឃុំកោះស្នែង ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង
ទោះបីជារវល់ជាមួយការងារជាគ្រូបង្រៀន ប៉ុន្តែលោក ដឿង សីហា ក៏មិនចង់បោះបង់ការនេសាទចោលទាំងស្រុងឡើយ លោកនៅតែឆ្លៀតពេលទំនេរទៅនេសាទ ដើម្បីរកត្រីសម្រាប់បរិភោគផងដែរ។ លោកក៏ធ្លាប់ជាយុវជនស្ម័គ្រចិត្តចូលរួមទប់ស្កាត់បទល្មើសនេសាទ និងការបណ្ដុះបណ្ដាលក្នុងសហគមន៍ជាមួយអង្គការដៃគូទៀតផង។
បុរសវ័យ៣៤ឆ្នាំរូបនេះ លើកឡើងដូច្នេះថា៖«ទោះបីខ្ញុំជាគ្រូបង្រៀននៅសាលាបឋមសិក្សាក៏ដោយ ក៏ខ្ញុំនៅតែឆ្លៀតពេលខ្លះ ដើម្បីចូលរួមការពារជីវចម្រុះត្រីជាមួយសហគមន៍។ ខ្ញុំចង់ឃើញអ្នកភូមិក្នុងសហគមន៍យល់អំពីបទល្មើសនេសាទកាន់តែច្រើន និងបញ្ឈប់សកម្មភាពនេសាទខុសច្បាប់ទាំងនោះ»៕
រូបភាព៖ ឈន សុផាត
រូបភាព៖ ឈន សុផាត
រូបភាព៖ ឈន សុផាត
(អត្ថបទនេះទទួលបានគាំទ្រពីបណ្ដាញសារព័ត៌មានផែនដី Earth Journalism Network នៃអង្គការ Internews តាមរយៈគម្រោង Mekong Eye)។