ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានប្រកាសកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអុីស្រាអែល ដែលជាការប្រឆាំងនឹងសកម្មភាពរបស់ប្រទេសនេះ ពាក់ព័ន្ធនឹងប្រតិបត្តិការយោធានៅតំបន់កាហ្សា។
កូឡុំប៊ីស្ថិតក្នុងចំណោមប្រទេសដែលរិះគន់អុីស្រាអែលចំពោះស្ថានការណ៍សង្រ្គាមនៅតំបន់កាហ្សា។ មេដឹកនាំប្រទេសនេះ បានលើកឡើងថា អុីស្រាអែលប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាមនៅតំបន់កាហ្សា បានសម្លាប់មនុស្សជាង ៣៤ពាន់នាក់ក្នុងរយៈពេលត្រឹមតែ ៦ខែ ចាប់តាំងពីប្រទេសនេះចាប់ផ្តើមប្រតិបត្តិការយោធានៅចុងខែតុលា ឆ្នាំ២០២៣។
ថ្លែងនៅថ្ងៃទី១ ខែឧសភា នៅកណ្តាលទីក្រុងបូហ្គោតា ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានរិះគន់អុីស្រាអែលមិនញញើតមាត់ចំពោះការសម្លាប់កុមារ និងមនុស្សជាច្រើននៅតំបន់កាហ្សា ព្រមទាំងប្រកាសផ្តាច់ទំនងការទូតជាមួយប្រទេសនេះ។
«នៅចំពោះមុខអ្នកទាំងអស់គ្នា រដ្ឋាភិបាល ប្រធានាធិបតីកូឡុំប៊ីសូមប្រកាសថា ចាប់ថ្ងៃស្អែកទំនាក់ទំនងការទូតជាមួយអុីស្រាអែលនឹងត្រូវកាត់ផ្តាច់»។ សារព័ត៌មាន Reuters បានស្រង់សម្តីលោក Gustavo Petro ប្រកាសបែបនេះ នៅក្នុងទិវាពលកម្មនៅថ្ងៃទី១ ខែឧសភា។
បើតាមលោក Petro ដែលបានធ្វើសកម្មភាពប្រឆាំងនឹងអុីស្រាអែល ក៏ព្រោះតែមានរដ្ឋាភិបាលប្រទេសមួយកំពុងមានប្រធានាធិបតីប្រល័យពូជសាសន៍។ សារព័ត៌មានបាននិយាយថា លោក Petro ពិតជាចង់សំដៅទៅលើនាយករដ្ឋមន្ត្រី ប៊ែនចាមីន ណេតានយ៉ាហូ ដែលទទួលខុសត្រូវចំពោះសកម្មភាពរដ្ឋាភិបាលភាគច្រើនលើការដឹកនាំកម្លាំងយោធា។
កូឡុំប៊ីនឹងចូលរួមជាមួយក្រុមប្រទេសនៅអឌ្ឍគោលខាងលិចដូចជា បេលី និងបូលីវី ដែលបានផ្តាច់ ឬផ្អាកទំនាក់ទំនងជាមួយអុីស្រាអែលដោយសារជម្លោះនៅតំបន់កាហ្សា។
កន្លងមក គុយបាបានកាត់ទំនាក់ទំនងការទូតជាមួយអុីស្រាអែលនៅឆ្នាំ ១៩៧៣ ហើយវ៉េណេស៊ុយអេឡាបានធ្វើសកម្មភាពស្រដៀងគ្នាក្នុងឆ្នាំ ២០០៩។
ប្រព័ន្ធផ្សព្វផ្សាយបានកត់សម្គាល់ថា ករណីរបស់កូឡុំប៊ីពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ ព្រោះប្រទេសនេះធ្លាប់មានទំនាក់ទំនងល្អជាមួយអុីស្រាអែល។ កាលពីមុន ប្រទេសអាម៉េរិកខាងត្បូងនេះ ជាអតិថិជនដ៏ធំបំផុតនៃយន្តហោះចម្បាំង Kfir របស់អុីស្រាអែល។
យ៉ាងណាមិញ ចាប់តាំងពីចូលកាន់តំណែងនៅឆ្នាំ២០២២ លោក Petro បានផ្លាស់ប្តូរមុខមាត់អន្តរជាតិរបស់កូឡុំប៊ី។ ដើមឡើយលោកជាផ្នែកមួយនៃក្រុមប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធកូឡុំប៊ី។
ទន្ទឹមនេះ សេចក្តីថ្លែងការណ៍របស់កូឡុំប៊ី ក៏ជាការបំផ្លិចបំផ្លាញកេរ្តិ៍ឈ្មោះរបស់អុីស្រាអែលដែលស្ថិតនៅក្រោមសម្ពាធសាធារណៈយ៉ាងខ្លាំងដោយសារតែស្ថានភាពសង្រ្គាមនៃតំបន់កកាហ្សា។
ស្ថានការណ៍ចរចាមានភាពតានតឹងនៅពេលអុីស្រាអែលចង់វាយប្រហារទីក្រុង Rafah ខណៈក្រុមហាម៉ាស និងប្រទេសដែលប្រឆាំងអុីស្រាអែលបានបង្កើនសម្ពាធនយោបាយដើម្បីតវ៉ា។
ថ្មីៗនេះ មានព័ត៌មាជាច្រើនបានចុះផ្សាយពីអុីស្រាអែលព្រួយបារម្ភថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នឹងចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីលោក ប៊ែនចាមីន ណេតានយ៉ាហ៊ូ និងមេដឹកនាំអ៊ីស្រាអែលផ្សេងទៀត៕