ជាតិ
សេដ្ឋកិច្ច
រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនជប៉ុនមួយទៀត បើកដំណើរការនៅកម្ពុជា
× ក្រុមហ៊ុន តូយ៉ូតា បានបើកសម្ពោធជាផ្លូវការ រោងចក្រដំឡើងរថយន្តរបស់ខ្លួននៅកម្ពុជា ក្រោមអធិបតីភាព សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២ ខែឧសភានេះ ។ បើតាមលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រោងចក្រនេះ មានទុនវិនិយោគជិត៣៧លាន ដុល្លារ និងមានសមត្ថភាពដំឡើងរថយន្តចំនួន ១ ៣២០គ្រឿង សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ ក្នុងឆ្នាំ២០២៤។
រោងចក្រនេះ មានទីតាំងក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ជាការវិនិយោគរួមគ្នា រវាងក្រុមហ៊ុនមេ TOYOTA TSUSHO CORPORATION ប្រទេសជប៉ុន និងក្រុមហ៊ុន គង់ នួនគ្រុបនេះ។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មឱ្យដឹងដូច្នេះមុននឹងបន្តថា ក្រៅពីក្រុមហ៊ុន តូយូតា បច្ចុប្បន្ន កម្ពុជាក៏មានរោងចក្រផ្គុំ និងដំឡើងរថយន្ត ដែលកំពុង ដំណើរការចំនួន៥ទៀតដែរ រួមមាន រោងចក្រផលិតរថយន្ត SAMYUNG របស់ក្រុមហ៊ុន DAEHAN AUTO នៅខេត្តស្វាយរៀង។ រោងចក្រផលិតរថយន្ត FORD របស់ក្រុមហ៊ុន RMA នៅខេត្តពោធិ៍សាត់។ រោងចក្រផលិតរថយន្ត HYUNDAI របស់ក្រុមហ៊ុន CAMKO MOTOR នៅខេត្តកោះកុង។ រោងចក្រផលិតរថយន្ត KIA របស់ក្រុមហ៊ុន HGB MOTORS នៅខេត្តបន្ទាយមានជ័យ និងរោងចក្រផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន GTV MOTOR៕
© រក្សាសិទ្ធិដោយ thmeythmey.com