កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិបអង់គ្លេសផ្ទុះកំហឹង និងស្នើសុំរដ្ឋាភិបាលការពារវប្បធម៌ពាន FA Cup
× ក្លិបតូចធំជាង ២០ក្លិប នៅអង់គ្លេស និងក្រុមយុទ្ធនាការ ការប្រកួតដោយយុត្តិធម៌ (Group Fair Game) បានស្នើសុំឱ្យមានវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងបាល់ទាត់ ដើម្បីការពារវប្បធម៌របស់ពានរង្វាន់ FA Cup ដែលប្រកួតឡើងវិញ ពេលក្រុមនីមួយៗប្រកួតស្មើគ្នាក្នុងវគ្គជម្រុះ។ ការស្នើសុំធ្វើឡើង ក្រោយមានការលុបចោល ការប្រកួតឡើងវិញ ដែលធ្វើឱ្យក្លិបទាំងនោះខាតបង់។
យ៉ាងហោចមានប្រធានក្លិបជាង ២០ បានដាក់លិខិតស្នើទៅកាន់រដ្ឋាភិបាលអង់គ្លេស បន្ទាប់ពីការប្រកាសលុបចោលការប្រកួតឡើងវិញ តាំងពីជុំទី១ នៃពានរង្វាន់ FA Cup កាលពីខែមេសា កន្លងទៅ។ មូលហេតុនៃការលុបចោលការប្រកួតឡើងវិញ (Match Replay) ព្រោះតែបញ្ហា ធ្វើឱ្យមានភាពមមាញឹកទៅលើកាលវិភាគប្រកួត ផ្ទួនគ្នាទល់នឹងពាន UEFA Champions League។
ក្លិបតូចៗ បានអះអាងថា ការប្រកួតឡើងវិញ បានក្លាយជាប្រភពចំណូលដ៏ធំមួយសម្រាប់ពួកគេ ទៅលើសិទ្ធិការផ្សាយ និងថ្លៃលក់សំបុត្រផ្សេងៗ។
ការប្រកួតឡើងវិញ ត្រូវបានក្លិបទាំងអស់នោះចាត់ទុកថាជាវប្បធម៌នៃពានរង្វាន់ FA Cup ហើយការលុបចោលប្រកួតនោះ បានធ្វើឱ្យពានរង្វាន់ វ័យចំណាស់របស់អង់គ្លេស ធ្លាក់តម្លៃ។ ស្ថាប័នក្របខណ្ឌលីគទីពីរអង់គ្លេស EFL បាននិយាយថា ខ្លួនបដិសេធទាំងស្រុងចំពោះការសម្រេចចិត្ត រវាងសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) និង Premier Leagueនៃការលុបចោលការប្រកួតឡើងវិញ។
ទោះជាយ៉ាងនេះ FA បានចេញមុខបកស្រាយថា កាលវិភាគការប្រកួតថ្មីត្រូវបានសម្រេចដោយក្រុមប្រឹក្សាកីឡាអាជីព ដែលមានតំណាងមកពី Premier League និង EFL និងក្រុមប្រឹក្សារបស់ FA ដែលជាការប្រកួតថ្នាក់ជាតិ ក៏មានវត្តមានតំណាងផងដែរ។ ក្លិប Bolton Wanderers ម្ចាស់ពាន FA Cup ៤សម័យ ជាក្លិបដំបូងគេ ក្នុងចំណោមក្លិបជាង ២០ ដែលបានស្នើលិខិតស្នើទៅកាន់លេខាធិការវប្បធម៌ អ្នកស្រី Lucy Frazer ដើម្បីស្នើឱ្យមានវិសោធនកម្មច្បាប់គ្រប់គ្រងការប្រកួត។
«យើងចង់ការពារពានរង្វាន់ FA Cup។ FA Cup គឺជាពានរង្វាន់ដែលមានវ័យចំណាស់ជាងគេក្នុងពិភពលោក ហើយការសម្រេចចិត្តលុបចោលការប្រកួតឡើងវិញ តាំងពីជុំទីមួយ និងធ្វើឱ្យបាត់បង់តម្លៃកិត្យានុភាពរបស់ខ្លួន ហើយមិនមានអ្វីសោះ ដែលអាចជួយយើងបានក្នុងការការពារបាល់ទាត់របស់យើងបាន។ ឥទ្ធិពល Premier League ក្នុងការសម្រេចចិត្តនេះគឺជា ឧទាហរណ៍មួយបែងចែកបាល់ទាត់ […]។ ក្លិបដែលចូលរួមក្នុង FA Cup មិនត្រូវបានពិគ្រោះទេ ហើយក្លិបរបស់យើងក៏ដូចជាអ្នកគាំទ្ រត្រូវបានគេបោះបង់ចោល។»។ នេះបើតាមការលើកឡើងក្នុងលិខិតរបស់ក្លិប Bolton Wanderers។
ច្បាប់ការប្រកួត FA Cup ពីមុន ចាប់ពីវគ្គជម្រុះជុំទី៥ ទៅទើបគ្មានការប្រកួតឡើងវិញ ក្រោយលទ្ធផលស្មើ ប៉ុន្តែការលុបចោលតាំងពីជុំទីមួយ ធ្វើឱ្យក្លិបតូចៗខាតបង់ធំ។ លោក Erik ten Hag បានបង្ហាញចំណាប់អារម្មណ៍ ទៅលើការសម្រេចនេះថា ជារឿងសោកស្តាយសម្រាប់បាល់ទាត់អង់គ្លេស៕
© រក្សាសិទ្ធិដោយ thmeythmey.com