ជាតិ
សេដ្ឋកិច្ច
កម្ពុជា បន្តពង្រឹងសមត្ថភាពដកដង្ហើម និងម្ចាស់ការដោយខ្លួនឯង
× ភ្នំពេញ៖ កម្ពុជា សម្រេចបានមហិច្ឆតារបស់ខ្លួនបន្តិចម្តងៗ នៅក្នុងការពង្រឹងសមត្ថភាពដកដង្ហើម និងម្ចាស់ការខ្លួនឯងនៅក្នុងវិស័យជាច្រើន ទាំងក្នុងឧស្សាហកម្មភេសជ្ជៈ ម្ហូបអាហារ សម្លៀកបំពាក់ និងក្នុងឧស្សាហកម្មយានយន្តជាដើម។ ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងដូច្នេះនៅក្នុងពិធីសម្ពោធរោងចក្រដំឡើងរថយន្តក្រុមហ៊ុនជប៉ុនតូយ៉ូតា នៅព្រឹកថ្ងៃទី២ ខែឧសភា។
ដ្បិតតែជាការបោះជំហានសន្សឹមៗ ប៉ុន្តែសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានមោទកភាពចំពោះសមិទ្ធផលទាំងនេះ។ សម្តេច ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ«ជាមោទនភាពរបស់ជាតិយើងផង របស់ប្រជាជនខ្មែរយើងផង។ ខុសគ្នា! ទៅយកទឹកក្រូចមួយកំប៉ុងយកមក មួយនាំចូល មួយផលិតកម្ពុជា! ខ្ញុំមិនដឹងបងប្អូនយ៉ាងម៉េច? បើខ្ញុំ ឃើញអក្សរខ្មែរនៅលើកំប៉ុង! ខ្ញុំឃើញអក្សរខ្មែរ ថាផលិតនៅស្រុកខ្មែរ ខ្ញុំមានមោទនភាពណាស់! »។
សម្រាប់សម្តេចនាយករដ្ឋមន្ត្រី ការវិនិយោគរបស់ក្រុមហ៊ុនរថយន្តតូយ៉ូតានៅកម្ពុ មិនត្រឹមតែផ្តល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចនោះទេ ប៉ុន្តែក៏នឹងបានចូលរួមលើកកម្ពស់ផលិតភាព កិត្យានុភាព និងសក្តានុពលវិនិយោគរបស់កម្ពុជាផងដែរ។ នាយករដ្ឋមន្ត្រីកម្ពុជឿជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុនយក្សតូយ៉ូតានៅកម្ពុជានាពេលនេះ ប្រៀបដូចជានុយជួយស្ទូច និងទាក់ទាញក្រុមហ៊ុនដទៃទៀតឱ្យមមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់។
«ក្រុមហ៊ុនតូយ៉ូតា គឺជាក្រុមហ៊ុនយក្ស! ហើយតែយក្សទៅណា គេឆាប់មើលឃើញ។ យក្សមែន ប៉ុន្តែមុននឹងយក្សធ្វើអី យក្សគិតគូរច្បាស់ណាស់ ព្រោះយក្សមិនអាចចេះតែទៅទេ។ អ៊ីចឹង បើយក្សមកកម្ពុជា ហើយពង្រីកនៅកម្ពុជា មានភាពជឿទុកចិត្ត ខ្ញុំថាក្រុមហ៊ុនផ្សេង ទៀត គឺប្រាកដជាមានទំនុកចិត្តហើយ។ ហើយនេះគឺជាការទាក់ម៉ូយធំណាស់»៕
© រក្សាសិទ្ធិដោយ thmeythmey.com