RFI
អន្តរជាតិ
អង់គ្លេស បើកយុទ្ធនាការទ្រង់ទ្រាយធំ ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស លោក James Cleverly បានប្រកាសថា ប្រតិបត្តិការតាមចាប់ឃុំខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ ដែលអាជ្ញាធរកំពុងញាប់ដៃញាប់ជើងធ្វើនេះ បង្ហាញឲ្យឃើញយ៉ាងជាក់ច្បាស់ថា ប្រសិនបើអ្នកឯងមកជាន់ទឹកដីអង់គ្លេសដោយខុសច្បាប់ នោះអ្នកឯងមិនអាចស្នាក់នៅបានជាដាច់ខាត។ AP - Kirsty Wigglesworth
×
ដោយ៖ហេង ឧត្តម/RFI ខេមរភាសា
ពីពេលនេះដល់ចុងឆ្នាំ រដ្ឋាភិបាលទីក្រុងដ្រ៍ រំពឹងថានឹងបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ ទៅកាន់ប្រទេសរវ៉ាន់ដា ចំនួនប្រមាណជា ៥ ៧០០ នាក់។ ចាប់ពីឥឡូវនេះទៅហើយ រដ្ឋាភិបាលអង់គ្លេស បើកយុទ្ធនាការចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ ទ្រង់ទ្រាយធំ នៅទូទាំងប្រទេស។ ក្រសួងមហាផ្ទៃអង់គ្លេស បញ្ជាក់ថា ការបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ នឹងធ្វើឡើងតាមយន្តហោះក្រុមហ៊ុនឯកជន ហើយជើងហោះហើរដំបូង នឹងប្រព្រឹត្តទៅនៅខែកក្កដាខាងមុខ។
រដ្ឋាភិបាលអង់គ្លេស បានបើកយុទ្ធនាការ ទូទាំងប្រទេស តាមចាប់ខ្លួនអន្តោប្រវេសន៍ខុសច្បាប់។ ក្រសួងមហាផ្ទៃអង់គ្លេស បានពង្រឹងកម្លាំងសមត្តកិច្ច បន្ថែមចំនួនប៉ូលិស តាមស្វែងរកចាប់ខ្លួនអន្តោប្រវេសន៍ ហើយនិង បង្កើនលទ្ធភាពពង្រីកកន្លែងមន្ទីរឃុំឃាំង ដើម្បីដាក់មនុស្សឲ្យបាន រឹតតែច្រើន។ នេះជាប្រតិបត្តិការទ្រង់ទ្រាយធំ ទី១ ធ្វើឡើង ក្រោយពី សភាអង់គ្លេស បានអនុម័ត្តច្បាប់ កាលពីដើមសប្តាហ៍មុន ដែលអនុញ្ញាតឲ្យអាជ្ញាធរ អាចចាប់បញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ ទៅកាន់ប្រទេសរវ៉ាន់ដា។ ច្បាប់នេះ ត្រូវអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសិទ្ធិមនុស្សអឺរ៉ុប ព្រមទាំងអង្គការសង្គមស៊ីវិលការពារសិទ្ធិមនុស្ស ប្រកាសជំទាស់ និងរិះគន់អង់គ្លេស យ៉ាងចាស់ដៃ ថាកំពុងតែរំលោភបំពានសិទ្ធិជនភៀសខ្លួន។
ទោះយ៉ាងនេះក្តី អាជ្ញាធរអង់គ្លេស មិនខ្វល់ ឬធ្វើមិនដឹងមិនឮ ហើយពឹតប្រឹងតែអនុវត្តផែនការរបស់ខ្លួន។ ថ្ងៃអង្គារ ទី៣០មេសា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស លោក James Cleverly បានប្រកាសថា ប្រតិបត្តិការតាមចាប់ឃុំខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ ដែលអាជ្ញាធរកំពុងញាប់ដៃញាប់ជើងធ្វើនេះ បង្ហាញឲ្យឃើញយ៉ាងជាក់ច្បាស់ថា ប្រសិនបើអ្នកឯងមកជាន់ទឹកដីអង់គ្លេសដោយខុសច្បាប់ នោះអ្នកឯងមិនអាចស្នាក់នៅបានជាដាច់ខាត។ នេះបើផ្អែកតាមសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃ ដោយបញ្ជាក់ទៀតថា ក្រុមអាជ្ញាធរមានសមត្ថកិច្ច កំពុងតែពន្លឿនសន្ទុះការងារ កំណត់មុខសញ្ញាចំពោះជនណាដែលគ្មានសិទ្ធិស្នាក់នៅអង់គ្លេស ដើម្បីតាមចាប់ឃាត់ខ្លួន និងឃុំខ្លួន ហើយនឹងត្រៀមបញ្ជូនចេញ តាមជើងហោះហើរឲ្យបានឆាប់។
ក្នុងឆ្នាំនេះ រដ្ឋាភិបាលអង់គ្លេស សង្ឃឹមថានឹងអាចបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ ប្រមាណ ៥ ៧០០ នាក់ ដែលបានកំណត់អត្តសញ្ញាណរួចហើយ សម្រាប់បញ្ជូនទៅកាន់ប្រទេសរវ៉ាន់ដា។ ចំណែក រដ្ឋាភិបាលរវ៉ាន់ដា ទៀតសោត ក៏បានអះអាងថា ចំនួនប៉ុណ្ណឹងអាចទទួលយកបាន។ នេះបើតាមការបញ្ជាក់ក្រសួងមហាផ្ទៃអង់គ្លេស ដោយបង្ហើបថា អង់គ្លេសនឹងជួលក្រុមហ៊ុនអាកាសចរណ៍ឯកជន សម្រាប់ដឹកពួកគេទាំងនោះ ទៅរវ៉ាន់ដា។
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី រីស៊ី ស៊ូណាក់ សប្បាយចិត្តណាស់ដែលក្រសួងមហាផ្ទៃបានចាប់ផ្តើមប្រតិបត្តិការចាប់ខ្លួនអន្តោប្រវេសន៍ខុសច្បាប់ នៅពេលនេះ។ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេស ដោយបានស្វាគមន៍អបអរ និងចាត់ទុកថា ចំណាត់ការដូច្នេះ ជាធាតុគន្លឹះសំខាន់ សម្រាប់ឈានទៅសម្រេចផែនការបំពេញមនុស្សក្នុងជើងហោះហើរ ដែលត្រូវហោះចេញ នៅអំលុងពេល ៩ ទៅ១១សប្តាហ៍ទៀត។
ចំពោះរដ្ឋាភិបាលអង់គ្លេស, ចំណាត់របស់ក្រសួងមហាផ្ទៃ ជាគំរូបង្ហាញដល់ជនអន្តោប្រវេសន៍ផ្សេងទៀត ដែលចង់ប្រុងឆ្លងពីច្រកសមុទ្រ Manche ឆ្លងពីបារាំងទៅអង់គ្លេស កុំឲ្យចេះតែទៅអង់គ្លេសទៀត។ គ្រាន់តែ៤ខែដើមឆ្នាំនេះ ជនអន្តោប្រវេសន៍ខុសច្បាប់ដែលឆ្លងពីអឺរ៉ុបទៅអង់គ្លេស ឆ្លងកាត់តាមច្រកសមុទ្រ Manche មានប្រមាណជា ៧ ៥០០ នាក់។ ចំណែក នៅតាមច្រកព្រំដែនប្រទេសអៀរឡង់ ក៏មានលំហូរជនភៀសខ្លួនចូលអង់គ្លេស ក៏ច្រើនសន្ធឹកដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com